ព័ត៌មានជាតិ
ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក ក្នុងឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស សន្យាដោះស្រាយបញ្ហាក្លិនស្អុយ ក្រោយអភិបាលស្រុកបញ្ជាឱ្យចុះពិនិត្យ
ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋអំពីបញ្ហាជះក្លិនស្អុយចេញពីកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងនៅខាងលិចភូមិជំរុំ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ លោក គិន ភក្តី អភិបាលស្រុកព្រៃកប្បាស ខេត្តតាកែវ បានបញ្ជាឱ្យមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យ និងដោះស្រាយជាបន្ទាន់។

ការចុះអន្តរាគមន៍នេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ដឹកនាំដោយលោក ចាន់ អិន មេឃុំព្រៃផ្តៅ សហការជាមួយលោក អ៊ុក សុខា ប្រធានការិយាល័យកសិកម្ម និងធនធានធម្មជាតិស្រុកព្រៃកប្បាស ព្រមទាំងលោក នៅ រ៉ន អនុប្រធាន (ក.ធ.ប) លោក តាត់ ប៊ុនលី មន្ត្រី (ក.ធ.ប) ក្រុមប្រឹក្សាឃុំ និងជំនួយការឃុំ ចុះពិនិត្យជាក់ស្តែងនៅកសិដ្ឋានចិញ្ចឹមជ្រូកមួយ ស្ថិតនៅខាងលិចភូមិជំរុំ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស។

ក្នុងការចុះពិនិត្យ មន្ត្រីជំនាញបានរកឃើញថា ក្លិនស្អុយដែលជះចេញពីកសិដ្ឋាន បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ។ ជាមួយគ្នានេះ មន្ត្រីជំនាញក៏បានណែនាំឱ្យម្ចាស់កសិដ្ឋាន ធ្វើការកែសម្រួលប្រព័ន្ធគ្រប់គ្រងកាកសំណល់ និងបាញ់ថ្នាំបំបាត់ក្លិនឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស និងស្តង់ដារអនាម័យ ដើម្បីទប់ស្កាត់ការជះក្លិនបន្តទៀត។

ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក បានបញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យមានក្លិនស្អុយខ្លាំងនាពេលកន្លងមក គឺដោយសារថ្នាំបំបាត់ក្លិនអស់ពីស្តុក ទើបធ្វើឱ្យការគ្រប់គ្រងក្លិនមិនបានល្អ។ ទោះយ៉ាងណា ម្ចាស់កសិដ្ឋានបានសន្យាចំពោះអាជ្ញាធរ និងប្រជាពលរដ្ឋថា ចាប់ពីពេលនេះតទៅ នឹងយកចិត្តទុកដាក់កែលម្អការគ្រប់គ្រងកសិដ្ឋាន និងមិនឱ្យមានការជះក្លិនស្អុយប៉ះពាល់ដល់អ្នករស់នៅជុំវិញទៀតឡើយ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏បានសម្តែងការគាំទ្រចំពោះការចុះអន្តរាគមន៍របស់អាជ្ញាធរ និងសង្ឃឹមថា ម្ចាស់កសិដ្ឋាននឹងអនុវត្តតាមការសន្យា ដើម្បីធានាបរិស្ថានរស់នៅស្អាត និងសុខភាពសហគមន៍ឱ្យកាន់តែល្អប្រសើរ៕
អត្ថបទ៖ វីរៈ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
សន្តិសុខសង្គម១៥ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


