Connect with us

ព័ត៌មានអន្ដរជាតិ

តើប្រទេសណាខ្លះទិញប្រេងរុស្ស៊ី ក្រោយអាមេរិកលើកទណ្ឌកម្មជាបណ្ដោះអាសន្ន?

បានផុស

នៅ

សហរដ្ឋអាមេរិក​កាលពីថ្ងៃចន្ទ បាន​ប្រកាសពីការបន្តលើកទណ្ឌកម្មបណ្ដោះអាសន្នលើប្រេងរុស្ស៊ីដែលជាប់គាំងលើផ្ទៃសមុទ្ររយៈពេល ៣០ ថ្ងៃទៀត ដើម្បីឱ្យប្រទេសនានាទិញយកប្រើប្រាស់​ ចំពេលដែលទីផ្សារសកលរងសម្ពាធដោយសារតែជម្លោះអាមេរិក-អ៊ីរ៉ង់ និងការបិទខ្ទប់ច្រកសមុទ្រហ័រមូហ្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សហរដ្ឋអាមេរិក​បាននិយាយថា ​ការលើកទណ្ឌកម្ម​ដែលនឹងផុតកំណត់នៅថ្ងៃទី ១៧ ខែមិថុនានេះ​ មានគោលបំណងរក្សាលំហូរប្រេង​នៅលើទីផ្សារពិភពលោក និងការពារការកើនឡើង​តម្លៃប្រេងឥន្ធនៈ និងអតិផរណាបន្ថែមទៀត​។ លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារ​អាមេរិក បាននិយាយថា ការអនុញ្ញាតឱ្យរុស្ស៊ីលក់ប្រេងមួយចំនួន ​នឹងជួយផ្គត់ផ្គង់ដល់ប្រទេសដែលត្រូវការថាមពល​ខ្លាំង​បំផុត និងកាត់បន្ថយសមត្ថភាពរបស់​ចិន ក្នុងការ​ស្ដុក​ប្រេងដែលរុស្ស៊ី​លក់ឱ្យ​ថោកៗ​។

យោងតាមក្រុមហ៊ុន​ទិន្នន័យពាណិជ្ជកម្ម​ Kpler បច្ចុប្បន្ននេះ រុស្ស៊ីមានប្រេងឆៅប្រហែល ១១៣ លានបារ៉ែល ដែលដាក់លើកប៉ាល់ និងស្ថិតនៅ​​លើសមុទ្រផ្សេងៗជុំវិញពិភព​លោក​។ យ៉ាងណាមិញ ១០៦ លានបារ៉ែល ក្នុងនោះ កំពុងស្ថិតក្នុងនាវាចរណ៍ទៅកាន់ទិសដៅប្រទេសនាំចូលនានា។ ​

តើប្រទេសណាខ្លះនាំចូលប្រេងរុស្ស៊ី?

១. ឥណ្ឌា៖ ​ទោះបីមាន​សម្ពាធពីលោកខាងលិចរួមទាំងសហរដ្ឋអាមេរិកក្ដី ឥណ្ឌាបាននាំចូលប្រេងរុស្ស៊ីដ៏ច្រើនសណ្ធឹកសន្ធាប់ប្រមាណ ១,៦២ លានបារ៉ែល/ថ្ងៃ កាលពីខែកញ្ញា ឆ្នាំមុន។ បរិមាណនេះ បន្ត​កើនឡើងដល់ ១,៧២ លានបារ៉ែល/ថ្ងៃ នៅខែមីនា និងដល់ជាង ២ លានបារ៉ែល នៅខែមេសា ខណៈទិន្នន័យ Kpler ចុងក្រោយបង្ហាញថា បរិមាណនោះបាន​ហក់ឡើងដល់ ២,៣ លានបារ៉ែល/ថ្ងៃ នៅខែឧសភា។

យ៉ាងណាមិញ មិនមាន​របាយការណ៍ណាមួយបង្ហាញថា ឥណ្ឌាបានទិញប្រេងរុស្ស៊ីប៉ុន្មានលានបារ៉ែល រាប់តាំងពីអាមេរិក​ដកទណ្ឌកម្មបណ្ដោះអាសន្ន​នៅដើមខែមីនារហូតមកទល់ខែឧសភានេះនោះទេ។ ​ប៉ុន្តែនៅដើមខែមីនា Bloomberg បាន​ផ្សាយថា ឥណ្ឌាទិសប្រេងរុស្ស៊ីដែលជាប់លើសមុទ្រ ៣០ លានបារ៉ែល ភ្លាមៗក្រោយអាមេរិក​ប្រកាសលើកទណ្ឌកម្ម។

ពាក់ព័ន្ធនឹង​បញ្ហានេះ លោកស្រី Sujata Sharma លេខាធិការរងនៃក្រសួងប្រេងកាតឥណ្ឌា ថ្មីៗនេះបាន​និយាយថា ឥណ្ឌាបានទិញប្រេងរុស្ស៊ីទាំងមុខ អំឡុងពេល និងក្រោយពេលអាមេរិក​លើទណ្ឌកម្មបណ្ដោះអាសន្នលើប្រេងរុស្ស៊ី។ លោកស្រីបានសង្កត់ធ្ងន់ថា ឥណ្ឌានឹងមិនប្រឈមមុខនឹងកង្វះខាតប្រេងទេ ហើយការផ្គត់ផ្គង់មានសុវត្ថិភាព ​ទោះបីអាមេរិកផ្លាស់ប្ដូរគោលនយោបាយបែបណាក៏ដោយ។

២. ចិន៖ ចិនគឺជាសម្ព័ន្ធមិត្តនយោបាយ និងសេដ្ឋកិច្ចរបស់រុស្ស៊ី ដែលបាន​ជួយទិញប្រេងប្រទេសនេះយ៉ាងសណ្ធឹកសន្ធាប់​ក្នុងតម្លៃថោកៗកាត់តាមសមុទ្រ និងបំពង់បង្ហូរប្រេង ក្រោយលោកខាងលិចដាក់ទណ្ឌកម្មលើក្រុងមូស្គូ ចំពោះការឈ្លាន​ពាន​អ៊ុយក្រែន។ នៅខែមេសា ចិនបាន​នាំចូលប្រេងរុស្ស៊ី ១,០៥ លានបារ៉ែល/ថ្ងៃ ដោយធ្លាក់ចុះ ១,៣ លានបារ៉ែល/ថ្ងៃនៅខែមីនា ខណៈនៅឆ្នាំ ២០២៥ ចិនទិញប្រេងរុស្ស៊ីប្រហែល ២ លានបារ៉ែល/ថ្ងៃ​​។ ការផ្គត់ផ្គង់របស់រុស្ស៊ី រួមចំណែកជិត ២០% នៃការនាំចូលប្រេងរបស់ចិន ​បន្ទាប់មកគឺអារ៉ាប៊ីសាអូឌីត អ៊ីរ៉ាក់ ម៉ាឡេស៊ី អារ៉ាប់រួម និងអូម៉ង់ជាដើម។ ​​

៣. បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍៖ អ្នកវិភាគទីផ្សារមកពីក្រុមហ៊ុនតាមដានពាណិជ្ជកម្មប្រេង Vortexa បាន​ប្រាប់បណ្ដាញព័ត៌មាន Al Jazeera ថា ការបន្តលើកទណ្ឌកម្មលើប្រេងរុស្ស៊ីរបស់អាមេរិក ​អាច​បង្កើន​ការនាំចេញប្រេងរបស់រុស្ស៊ីទៅកាន់​អាស៊ីបន្ថែមទៀត រួមទាំងប្រ៊ុយណេ ឥណ្ឌូណេ​ស៊ី និងហ្វីលីពីន។

កាលពីចុងខែមេសា ឥណ្ឌូណេស៊ីបានប្រកាសកំណត់ការនាំចូលប្រេងពីរុស្ស៊ី ១៥០ លាន​បារ៉ែល នៅឆ្នាំនេះ​។ មុនអាមេរិកប្រកាសបន្តការលើកទណ្ឌកម្មថ្មីនៅថ្ងៃចន្ទ ឥណ្ឌូណេស៊ីបាន​និយាយកាលពីចុងសប្ដាហ៍មុនថា ខ្លួន​នឹងបន្តដំណើរការនាំចូលប្រេងរបស់រុស្ស៊ី ទោះបីជាការ​លើកទណ្ឌកម្មរបស់អាមេរិក​ផុតកំណត់នៅថ្ងៃទី ១៦ ឧសភា ក៏ដោយ។

កន្លងមក ប្រទេសថៃបាន​ឱ្យដឹងពីគម្រោង និងការចរចាទិញប្រេងរុស្ស៊ី ប៉ុន្តែវឌ្ឍនភាពយ៉ាងណានោះ មិនទាន់មាន​ការបង្ហាញជាសាធារណៈនៅឡើយទេ។ ហ្វីលីពីនឯណោះវិញ បាន​​ទិញប្រេងរុស្ស៊ី ​២,៥ លានបារ៉ែល ដោយការដឹកជញ្ជូន​តាមកប៉ាល់បាន​ទៅដល់ប្រទេសប្រជុំកោះមួយនេះនៅ​ខែមីនា។ កន្លងមក ហ្វីលីពីនបាន​សុំឱ្យអាមេរិកបន្ត​បើកផ្លូវឱ្យខ្លួននាំចូលប្រេងរុស្ស៊ី ប៉ុន្តែ​​ថាតើមាន​ការនាំចូលប៉ុន្មានបារ៉ែលហើយមកទល់ពេលនេះនោះ ​គេមិនទាន់​ឃើញ​ព័ត៌មានជាក់លាក់នៅឡើយទេ។

​វៀតណាមឯណោះវិញ កំពុងចរចាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ប្រេងរយៈពេលវែងជាមួយ​រុស្ស៊ី ​ហើយ​បានទាញយកផលប្រយោជន៍ពីការលើកលែងទណ្ឌកម្មបណ្តោះអាសន្នរបស់អាមេរិក ដើម្បីទិញប្រេងឆៅរុស្ស៊ីដែលកំពុងជាប់គាំងនៅលើសមុទ្រ ដើម្បីដោះស្រាយកង្វះខាតថាមពលក្នុងស្រុក។ មិនមានទិន្នន័យស្ដីពីបរិមាណប្រេងដែលវៀតណាមបាន​ទិញនោះទេ។

៤. ប្រទេសផ្សេងៗ៖ ក្រៅពីប្រទេសខាងលើ ប្រទេសផ្សេងៗទៀតបាន​នឹង​កំពុងចរចា ឬបាន​ទិញប្រេងរុស្ស៊ីក្រោយអាមេរិកដកទណ្ឌកម្មបណ្ដោះអាសន្ន ដូចជាស្រីលង្កា ​ប៉ាគីស្ថាន និងតួកគី ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម