Connect with us

កីឡា

គ្រាន់​តែ​វគ្គ​ចែក​ពូល ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​បាន ៣០ ម៉ឺន​ដុល្លារ​ក្នុង​ពាន AFC2

បានផុស

នៅ

ព្រះ​ខ័ន​រាជ​ស្វាយរៀង ក្នុង​នាម​ជា​ក្រុម​ជើង​ឯក​លីគ​បាល់ទាត់​កំពូល​កម្ពុជា រដូវ​កាល​ ២០២៥-២៦ ទទួល​បាន​កៅអី​ នៅ​វគ្គ​ចែក​ពូល​ ពាន​រង្វាន់​ក្លិបអាស៊ី​លំដាប់​ទី​២ AFC Champions League Two សម្រាប់​រដូវ​កាល ២០២៦-២៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ទទួល​បាន​កៅអី​វគ្គ​ចែក​ពូល​នេះ ដោយសារ​ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ពាន​រង្វាន់​កម្រិត​ទី​៣ AFC Challenge League កាល​ពី​រដូវ​កាល​ ២០២៤-២៥ ​ដែល​ផ្តល់​ឲ្យ​សម្រាប់​ក្រុម​ជើង​ឯក​លីគ​កំពូល​កម្ពុជា រដូវ​កាល ២០២៥-២៦ និង​ទទួល​បាន​កន្លះ​កៅអី​ទៀត​សម្រាប់​ក្រុម​ចំណាត់​ថ្នាក់​លេខ ២ នៃ​លីគ​កំពូល​កម្ពុជា។

ជា​ថ្មី​ម្តង​ទៀត ព្រះ​ខ័ន​រាជ​ស្វាយរៀង បានឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League រដូវ​កាល ២០២៥-២៦ ហើយ​កម្ពុជា ទទួល​បាន​កៅអី​វគ្គ​ចែក​ពូល​ទៀត​នៅ​រដូវ​កាល ២០២៧​-២៨ សម្រាប់ក្រុម​ជើង​​ឯក​លីគ​កំពូល​កម្ពុជា​ទៀត។

តាម​លក្ខន្តិកៈ​នៃ​ការ​ប្រកួតពាន​រង្វាន់ AFC Champions League Two រដូវ​កាល ២០២៦-២៧ បាន​ចែង​​ថា ការ​​ប្រកួត​ជម្រុះ​បឋម​ ក្រុម​នីមួយ​ៗ​ ទទួល​បាន​ប្រាក់​ចំនួន ៥ ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​ការ​ធ្វើ​ដំណើរ ដូច្នេះ ​ភ្នំពេញ​ក្រោន នឹង​ទទួល​បាន ៥ ម៉ឺន​ដុល្លារសម្រាប់​ការ​ធ្វើ​ដំណើរ​។

ចំណែក​នៅ​វគ្គ​ចែកពូល ក្រុម​នីមួយ​ៗ​ទទួល​បាន​ចំនួន ៣០ ម៉ឺន​ដុល្លារ​អាមេរិក ដូច្នេះ​ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ទទួល​បាន ៣០ ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​ការ​ចំណាយ​លើ​ការ​ប្រកួត​វគ្គ​នេះ។ ចំពោះ ភ្នំពេញ​ក្រោន ប្រសិន​បើ​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ ហើយ​ឈាន​ដល់​វគ្គ​ចែក​ពូល នឹង​ទទួល​បាន ៣០ ម៉ឺន​ដុល្លារ​​ដែរ។

នៅ​​ដល់​វគ្គ ១៦ ក្រុម​ចុង​ក្រោយ ក្រុម​នីមួយ​ៗ​នឹង​ទទួល​បាន​ ៨ ម៉ឺន​ដុល្លារ​អាមេរិក​​បន្ថែម​ទៀត ហើយ​​​ឈាន​ដល់​វគ្គ ៨ ក្រុម​ចុង​ក្រោយ ក្រុម​នីមួយ​ៗ​នឹង​ទទួល​បាន ១៦ ម៉ឺន​ដុល្លារ​អាមេរិក​បន្ថែម​ទៀត និង​វគ្គ​ ៤ ក្រុម​ចុង​ក្រោយ ក្រុម​នីមួយ​ៗ​ នឹង​ទទួល​បាន ២៤ ម៉ឺន​ដុល្លារ​អាមេរិក។

ចំណែក​ក្រុម​ចំណាត់​ថ្នាក់​លេខ ២ ដែល​ជា​ជើង​ឯក​រង ទទួល​បាន ១ លាន​ដុល្លារ​អាមេរិក ខណៈ ក្រុម​ជើង​ឯក​ទទួល​បាន ២,៥ លាន​ដុល្លារ​អាមេរិក។

ប្រាក់​ឧបត្ថម្ភ និង​ប្រាក់​រង្វាន់

  • ក្រុម​ភ្ញៀវ ទទួល​បាន ៥ ម៉ឺន​ដុល្លារ សម្រាប់​ថ្លៃ​ធ្វើ​ដំណើរ វគ្គ​ជម្រុះ​បឋម
  • ក្រុម​នីមួយ​ៗ​ទទួល​បាន ៣០ ម៉ឺន​ដុល្លារ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល
  • វគ្គ ១៦ ក្រុម​ចុង​ក្រោយ ក្រុមនីមួយ​ៗ ទទួល​បាន ៨ ម៉ឺន​ដុល្លារ​ទៀត
  • វគ្គ ៨ ក្រុម​ចុង​ក្រោយ ក្រុម​នីមួយ​ៗ ទទួល​បាន ១៦ ម៉ឺន​ដុល្លារ​ទៀត
  • វគ្គ ៤ ក្រុម​ចុង​ក្រោយ ក្រុម​នីមួយ​ៗ ទទួល​បាន ២៤ ម៉ឺន​ដុល្លារ​ទៀត
  • ចំណាត់​ថ្នាក់​លេខ ២ ទទួល​បាន ១ លាន​ដុល្លារ
  • ជើង​ឯក ទទួល​បាន ២,៥ លាន​ដុល្លារ

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម