Connect with us

ព័ត៌មានជាតិ

បទវិចារណកថា៖ សមរភូមិសាយប័រ​ និងការប្ដេជ្ញាចិត្តរបស់កម្ពុជា៖ ពី «រដ្ឋរងគ្រោះ» មកជា «ខែលការពារ» ឌីជីថល

បានផុស

នៅ

​នៅក្នុងយុគសម័យដែលពិភពលោកទាំងមូលកំពុងឈានជើងចូលទៅក្នុង «បដិវត្តន៍​ឧស្សាហកម្មទី៤» លំហសាយប័រ (Cyberspace) បានប្រែជារោងចក្រនៃកាលានុវត្តភាពសេដ្ឋកិច្ចយ៉ាងមហិមា។ ប៉ុន្តែ ស្របពេលជាមួយគ្នានេះ វាក៏បានបង្កើតនូវស្រមោលអន្ធការមួយ ដែលពិភពលោកស្គាល់ថាជា «ឧក្រិដ្ឋកម្មបោកប្រាស់តាមប្រព័ន្ធអនឡាញ» (Online Scam)។ ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមួយចំនួនបានព្យាយាមលាបពណ៌ និងវាយតម្លៃដោយភាពលំអៀងមកលើកម្ពុជា ហាក់បីដូចជាទឹកដីនៃសុវត្ថិភាពនេះជាសំបុកដ៏ធំនៃឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ​។ ប៉ុន្តែ បើពិនិត្យតាមកញ្ចក់វែនតានៃវិទ្យាសាស្ត្រនយោបាយ ច្បាប់ និងបច្ចេកវិទ្យា តថភាពពិតបានបង្ហាញយ៉ាងច្បាស់ថា៖ កម្ពុជាមិនមែនជាប្រភពឬជាមេខ្លោងនៃឧក្រិដ្ឋកម្មនេះឡើយ ប៉ុន្តែគឺជា «រដ្ឋរងគ្រោះ»ដែលកំពុងក្រោកឈរឡើងធ្វើជា«កម្លាំងចលករឈានមុខ» ក្នុងការបោសសម្អាតមេរោគសង្គមសកលមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាមទស្សនៈបច្ចេកវិទ្យាព័ត៌មាននិងច្បាប់ អនឡាញស្កេមគឺជាទម្រង់នៃវិស្វកម្ម​សង្គម (Social Engineering) ឆ្លងដែន ដែលគ្មានព្រំដែនរូបវន្ត។ ក្រុមឧក្រិដ្ឋជនទាំងនេះ ភាគច្រើនជាបណ្តាញម៉ាហ្វៀអន្តរជាតិ ដែលធ្លាប់មានសំបុកធំនៅឯតំបន់ឆ្នេរនៃប្រទេសចិន តៃវ៉ាន់ និងអាជីវកម្ម POGOនៅហ្វីលីភីន (ល្បែងស៊ីសងតាមអ៊ីនធឺណិតនៅហ្វីលីពីន)។ នៅក្នុងកំឡុងឆ្នាំ២០១៧-២០១៨ និងយុគសម័យកូវីដ-១៩ ពួកគេបានភៀសខ្លួន និងបង្វែរទម្រង់ពីល្បែងស៊ីសងអនឡាញខុសច្បាប់ មកជាការបោកប្រាស់សុទ្ធសាធ (ដូចជាការបោកបែប Pig-Butchering ឬ Call Center)[1] ដោយជ្រកកោនតាមតំបន់ព្រំដែនឬតំបន់សេដ្ឋកិច្ចពិសេសនៃបណ្តាប្រទេសអាស៊ាន រួមមាន មីយ៉ាន់ម៉ា ឡាវ ថៃ ម៉ាឡេស៊ី និងកម្ពុជា។ ហេតុនេះ ការចោទប្រកាន់ថា កម្ពុជាជាមជ្ឈមណ្ឌលធំជាងគេ គឺជារឿងអយុត្តិធម៌បំផុត និងខ្វះមូលដ្ឋានវិទ្យាសាស្ត្រពិត។

លើសពីនេះ បើវិភាគតាមទស្សនៈវិទ្យាសាស្ត្រនយោបាយ និងភូមិសាស្ត្រនយោបាយ បញ្ហាអនឡាញស្កេម គឺ​ជារឿយៗត្រូវបានប្រែក្លាយទៅជា «ឧបករណ៍សង្គ្រាមព័ត៌មាន» (Information Warfare) របស់មហាអំណាចឬក្រុមនយោបាយនិន្នាការប្រឆាំង ដើម្បីវាយប្រហារលើមុខមាត់ កេរ្តិ៍ឈ្មោះ និងទម្លាក់ទំនុកចិត្តលើការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់កម្ពុជា។ ការណ៍ពិត ប្រទេសមហាអំណាច និងអំណាចកណ្តាល ដូចជា ចិន អាម៉េរិក និងអឺរ៉ុប សុទ្ធតែជាអ្នករងគ្រោះ ដែលបាត់បង់ថវិការាប់ពាន់លានដុល្លារ ហើយពួកគេក៏កំពុងត្រូវការការស្វែងរកដៃគូដែលមាន«ឆន្ទៈនយោបាយខ្ពស់» ដូចជាកម្ពុជា ដើម្បីរួមគ្នាកម្ចាត់ឧក្រិដ្ឋជនទាំងនេះដែរ។

ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះមុខសន្តិសុខជាតិ និងស្ថិរភាពតំបន់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំបំផុត ក្នុងកម្រិត «មិនអត់ឱនទាល់តែសោះ» (Zero Tolerance)។ កម្ពុជាបានដាក់ចេញនូវវិធានការក្តៅជាបន្តបន្ទាប់ ទាំងការបង្កើតគណៈកម្មាធិការជាតិប្រឆាំងការលាងលុយកខ្វក់ ការរឹតបន្តឹងច្បាប់គ្រប់គ្រងស៊ីមកាត និងការបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំ ចាប់ខ្លួន និងបណ្តេញចេញជនបរទេសខុសច្បាប់រាប់ពាន់នាក់ ចេញពីក្រុងព្រះសីហនុ ភ្នំពេញ និងតំបន់ព្រំដែន។

ផ្អែកលើរបាយការណ៍ផ្លូវការចុងក្រោយបង្អស់របស់ក្រសួងមហាផ្ទៃ និងគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦នេះ លទ្ធផលជាក់ស្តែងនៃយុទ្ធនាការទ្រង់ទ្រាយធំរបស់រដ្ឋាភិបាលកម្ពុជា មានទិន្នន័យស្ថិតិសំខាន់ៗដូចខាងក្រោម៖

១. ចំនួនមនុស្ស និងការបណ្តេញចេញ(ជនបរទេស)

យុទ្ធនាការក្តៅគគុកដែលបានចាប់ផ្តើមសម្រុកខ្លាំងចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២៥ មក បានផ្តល់លទ្ធផលយ៉ាងច្រើន៖

  • ចំនួនជនបរទេសដែលត្រូវបានបណ្តេញចេញ មានចំនួនជាង ៣០,០០០ នាក់ ត្រូវបានចាប់ខ្លួន និងបណ្តេញចេញជាផ្លូវការទៅកាន់ប្រទេសកំណើតវិញ ដោយសារជាប់ពាក់ព័ន្ធនឹងបណ្តាញឧក្រិដ្ឋកម្មបច្ចេកវិទ្យានិងការស្នាក់នៅខុសច្បាប់។
  • ចំនួនមនុស្សដែលចាកចេញដោយស្ម័គ្រចិត្ត មានចំនួនប្រហែល ២១០,០០០ នាក់ បានចាកចេញពីកម្ពុជា បន្ទាប់ពីសមត្ថកិច្ចបើកប្រតិបត្តិការរុករកនិងបិទខ្ទប់ទីតាំងសង្ស័យជាបន្តបន្ទាប់។
  • ជនសង្ស័យដែលឃាត់ខ្លួនតាមករណីជាក់ស្តែង៖ ក្នុងប្រតិបត្តិការធំៗ ជនបរទេសរាប់ពាន់នាក់ត្រូវបានឃាត់ខ្លួនក្នុងពេលតែមួយ។ ជាឧទាហរណ៍ ក្នុងយុទ្ធនាការសម្រុកខ្លាំងរយៈពេល២២ថ្ងៃ កាលពីខែកក្កដា ឆ្នាំ២០២៥ អាជ្ញាធរឃាត់ខ្លួនមនុស្សបាន ,២៧០ នាក់ (មានទាំងជនជាតិចិន វៀតណាម ឥណ្ឌូនេស៊ី កូរ៉េ បង់ក្លាដេស ប៉ាគីស្ថាន និងសញ្ជាតិផ្សេងទៀត)។ សូម្បីតែនៅក្នុងខែឧសភា ឆ្នាំ២០២៦ នេះ ប្រតិបត្តិការឆ្មក់ឆែកឆេរនៅភ្នំពេញ ប៉ោយប៉ែត និងប៉ៃលិន ក៏នៅតែបន្តឃាត់ខ្លួនជនបរទេសជាបន្តបន្ទាប់រាប់រយនាក់បន្ថែមទៀត។

២. លទ្ធផលនៃការបិទទីតាំងនិងកាស៊ីណូ

  • ទីតាំងឆបោកអនឡាញ (Scam Sites): ត្រូវបានបង្ក្រាបនិងបិទទ្វារចំនួនជាង ២៥០ ទីតាំង នៅទូទាំងប្រទេស (រួមមាននៅភ្នំពេញ ព្រះសីហនុ បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន ស្ទឹងត្រែង មណ្ឌលគិរី កំពត និងក្រុងបាវិត)។
  • កាស៊ីណូ៖ ត្រូវបានសម្រេចបិទចំនួន ៩១ កាស៊ីណូ ដែលសង្ស័យឬរកឃើញថាមានការលួចបង្កប់បង្កើនសកម្មភាពឆបោកបច្ចេកវិទ្យា។

៣. ចំពោះអាជ្ញាធរឬបុគ្គលិកដែលមានការគប់គិត

រដ្ឋាភិបាលកម្ពុជាបានបង្ហាញជំហរដាច់ណាត់ «បោសសម្អាតផ្ទះខ្លួនឯង» ដោយអនុវត្តវិធានការច្បាប់និងវិន័យយ៉ាងតឹងរ៉ឹង៖

  • ការអនុវត្តវិន័យនិងដកតំណែង៖ មន្ត្រីនគរបាលជាតិ និងអាជ្ញាធរមូលដ្ឋានមួយចំនួន ត្រូវបានរកឃើញថាមានការពាក់ព័ន្ធ ជួយលាក់បាំង ឬទទួលផលប្រយោជន៍ពីទីតាំងខុសច្បាប់ទាំងនោះ ត្រូវបានដកហូតមុខតំណែង ផ្អាកការងារ និងបណ្តេញចេញពីក្របខ័ណ្ឌ។
  • ការបញ្ជូនទៅតុលាការ៖ បុគ្គលណាដែលមានភស្តុតាងច្បាស់លាស់ថាបានគប់គិត ឬជាមេខ្លោង (Ring leaders) ផ្ទាល់ ត្រូវបានបញ្ជូនទៅកាន់តុលាការដើម្បីកាត់ទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ។
  • ការពង្រឹងច្បាប់បន្ថែម៖ នៅខែមីនា ឆ្នាំ២០២៦ នេះ រដ្ឋាភិបាលទើបតែបានអនុម័តសេចក្តីព្រាងច្បាប់ថ្មីដែលមានទោសទណ្ឌធ្ងន់ធ្ងរជាងមុន ដោយមេខ្លោង ឬអ្នកកាងទីតាំងឆបោកអនឡាញ អាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី៥ឆ្នាំ ដល់ ២០ឆ្នាំ ឬអាចឈានដល់មួយជីវិត ប្រសិនបើបទល្មើសនោះមានការធ្វើទារុណកម្ម ឬបង្កឱ្យមានមនុស្សស្លាប់។

យុទ្ធសាស្ត្របច្ចុប្បន្ន៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម ស សុខា បានដាក់បញ្ជាដាច់ណាត់ឱ្យអាជ្ញាធររាជធានី-ខេត្តទាំងអស់ ត្រូវបោសសម្អាតបទល្មើសបច្ចេកវិទ្យានេះឱ្យអស់ទាំងស្រុង ដើម្បីស្តារកេរ្តិ៍ឈ្មោះ និងទំនុកចិត្តសេដ្ឋកិច្ច-ទេសចរណ៍របស់ប្រទេសឡើងវិញ។

យោងតាមទស្សនវិជ្ជាស្តីពីការអភិវឌ្ឍ ឧបសគ្គនិងបញ្ហាប្រឈម តែងតែដើរតួជាកាតាលីករ (Catalyst) ជំរុញឱ្យមានការវិវត្ត។ វិបត្តិអនឡាញស្កេមនេះ មិនមែនជាចំណុចខ្សោយអចិន្ត្រៃយ៍របស់កម្ពុជានោះទេ ប៉ុន្តែវាជាឱកាសមួយដែលជំរុញឱ្យប្រព័ន្ធច្បាប់ យន្តការសន្តិសុខ និងសមត្ថភាពបច្ចេកវិទ្យារបស់កម្ពុជា កាន់តែមានភាពរឹងមាំ ទាន់សម័យ និងមុតស្រួចជាងមុន។ វាស្របទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជ​រដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល ប្រកបដោយភាពធន់ និងសុវត្ថិភាពខ្ពស់។

ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែវាជា«ឧក្រិដ្ឋកម្មគ្មានព្រំដែន» ពិភពលោកទាំងមូលត្រូវតែរួមគ្នាអនុវត្តរូបមន្ត «3Cឬ៣ក» (Cooperation-កិច្ចសហប្រតិបត្តិការច្បាប់ឆ្លងដែន, Cyber-Regulation-ការគ្រប់គ្រងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស, និង Cross-border Financial Tracking-ការតាមដានហិរញ្ញវត្ថុឌីជីថល)។ គ្មានប្រទេសណាមួយអាចឈ្នះសមរភូមិនេះតែម្នាក់ឯងបានឡើយ។

ជាសន្និដ្ឋាន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មអនឡាញ មិនមែនជាកាតព្វកិច្ចដាច់ដោយឡែករបស់ស្ថាប័នរដ្ឋណាមួយនោះទេ ប៉ុន្តែវាជាកាតព្វកិច្ចរួមរបស់ពលរដ្ឋគ្រប់រូប និងសហគមន៍អន្តរជាតិទាំងមូល។ យើងត្រូវតែរួមសហការគ្នា ជឿជាក់លើវិធានការកែទម្រង់ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ព្រមទាំងបង្កើនការយល់ដឹងផ្នែកឌីជីថលរៀងៗខ្លួន។ កម្ពុជាកំពុងធ្វើដំណើរនៅលើផ្លូវដ៏ត្រឹមត្រូវ ក្នុងការជម្រុះចោលនូវរូបភាពអវិជ្ជមានដែលគេលាបពណ៌ ដើម្បីកសាងសង្គមឌីជីថលមួយដែលមានសុវត្ថិភាព ភាពស្អាតស្អំ និងវិបុលភាពពិតប្រាកដសម្រាប់មនុស្សគ្រប់ជំនាន់៕

ដោយ៖ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា​


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម