Connect with us

ព័ត៌មានអន្ដរជាតិ

លោក រូប៊ីយ៉ូ ចោទក្រុម ហេសបូឡា ថា ព្យាយាម​រុញ​លីបង់ចូលក្នុង «ភាពវឹកវរ» ក្នុងដំណាក់​កាល​ចរចា​

បានផុស

នៅ

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ទី២៤ ខែឧសភា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ បានចោទ​ប្រកាន់ និងថ្កោលទោសចំពោះអ្វីដែលលោក​ហៅថា ជាការអំពាវនាវមិនប្រុងប្រយ័ត្នរបស់​ក្រុម​ហេសបូឡា ក្នុងការផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យរបស់​ប្រទេស​លីបង់។ លោកសង្កត់ធ្ងន់ថា ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់មួយនេះ កំពុង «ព្យាយាមយ៉ាងសកម្មក្នុងការអូសទាញលីបង់ ឲ្យធ្លាក់ទៅក្នុងភាពវឹកវរ និងការបំផ្លិចបំផ្លាញសារជាថ្មី»។

លោក Naim Qassem មេដឹកនាំក្រុមហេសបូឡានិង រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារ​​ព័ត៌មាន AFP ​រាយការណ៍​ថា​ ការឆ្លើយតបដ៏ក្តៅគគុករបស់​រដ្ឋមន្ត្រីការបរទេសអាមេរិក បានកើតឡើង បន្ទាប់ពីលោក Naim Qassem មេដឹកនាំក្រុមហេសបូឡា បានថ្លែងពីមុនមកថា «ប្រជាជនមានសិទ្ធិចូលរួមធ្វើបាតុកម្មតាមដងផ្លូវ និងផ្តួលរំលំរដ្ឋាភិបាល» ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែល និងការដាក់ទណ្ឌកម្មរបស់អាមេរិកលើស្ថាប័ន​ហិរញ្ញវត្ថុ al-Qard al-Hassan។

គួរបញ្ជាក់ថា al-Qard al-Hassan គឺជាស្ថាប័នមួយដែលមានទំនាក់ទំនងជាមួយក្រុមហេសបូឡា ដោយផ្តល់ប្រាក់កម្ចីគ្មានការប្រាក់ដល់សហគមន៍មូស្លីម Shia ដែលភាគច្រើនកំពុងជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ ចំពេលដែលលីបង់កំពុងរងវិបត្តិសេដ្ឋកិច្ច។

លោក Qassem បានលើកឡើងថា «ការឈ្លានពានលើ al-Qard al-Hassan គឺជាការឈ្លានពានប្រឆាំងនឹងប្រជាជនក្រីក្រ និងអ្នកមានប្រាក់ចំណូលមានកម្រិតរាប់សែននាក់»។ កន្លងមក រដ្ឋាភិបាលលីបង់បានរងសម្ពាធយ៉ាងខ្លាំងពីអាមេរិក ឲ្យចាត់វិធានការប្រឆាំងនឹងក្រុមហ៊ុនហិរញ្ញវត្ថុមួយនេះ ខណៈទីក្រុងវ៉ាស៊ីនតោនបង្កើនសម្ពាធលើក្រុម ហេសបូឡា។

លោក រូប៊ីយ៉ូ បានព្រមានត្រឡប់ទៅវិញថា «ការគំរាមកំហែងដោយអំពើហិង្សា និងការប៉ុនប៉ងផ្តួលរំលំរបស់ហេសបូឡា នឹងមិនត្រូវបានអនុញ្ញាតឲ្យទទួលបានជោគជ័យឡើយ។ យុគសម័យដែលក្រុមភេរវករចាប់ប្រទេសមួយទាំងមូលធ្វើជាចំណាប់ខ្មាំង ជិតដល់ទីបញ្ចប់ហើយ»។

បច្ចុប្បន្ន អាមេរិកកំពុងចរចាលើកិច្ចព្រមព្រៀងមួយជាមួយអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា។ យោងតាមរបាយការណ៍ពីសារព័ត៌មាន Axios បានឲ្យដឹងថា សេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងភាគីទាំងពីរ មានការចែងយ៉ាងច្បាស់ថា «សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅលីបង់នឹងត្រូវបញ្ចប់»។

លោក Qassem បានបង្ហាញក្តីសង្ឃឹមចំពោះកិច្ចព្រមព្រៀងរវាងអ៊ីរ៉ង់ និងអាមេរិក ហើយសង្ឃឹមថា លីបង់នឹងត្រូវរាប់បញ្ចូលក្នុងលក្ខខណ្ឌនោះ។ ទោះជាយ៉ាងណាក៏ដោយ លោកបានអំពាវនាវម្តងទៀតដល់រដ្ឋាភិបាលលីបង់ ឲ្យបោះបង់ចោលការចរចាផ្ទាល់ជាមួយអ៊ីស្រាអែល ខណៈដែលការចរចាជុំទីបួនត្រូវបានគ្រោងធ្វើឡើងនៅថ្ងៃទី២ និងទី៣ នៃខែមិថុនា ខាងមុខនេះ នៅក្នុងទីក្រុងវ៉ាស៊ីនតោន។

ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ ដែលបានចូលជាធរមានកាលពីថ្ងៃទី១៧ ខែមេសា និងត្រូវបានពង្រីកសុពលភាពបន្ថែមជាច្រើនសប្តាហ៍ក៏ដោយ ក៏អ៊ីស្រាអែលនៅតែបន្តវាយប្រហារលើអ្វីដែលខ្លួនពិពណ៌នាថាជាគោលដៅរបស់ក្រុមហេសបូឡា នៅលីបង់ ចំណែកឯក្រុមហេសបូឡា វិញ ក៏នៅតែបន្តការវាយប្រហារលើគោលដៅរបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

អ៊ីរ៉ង់ ព្រមាន ត្រាំ ពីការវាយបក បើហ៊ានបង្កសង្គ្រាមឡើងវិញ ស្រប​ពេល ប៉ាគីស្ថាន​កំពុង​ខ្នះខ្នែង​សម្របសម្រួល​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម