Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំក្រសួងការងារ នាំយកអំណោយរបស់ សម្ដេចធិបតី និង លោកជំទាវបណ្ឌិត ជូនកម្មកររងគ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង

បានផុស

នៅ

កាលពីរសៀល​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងអំណោយរបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ជូនដល់កម្មករនិយោជិតដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ នៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសចុះសួរសុខទុក្ខនេះ គណៈប្រតិភូបានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួន ៣២នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងគ្រួសារកងទ័ពទិសព្រះវិហារចំនួន ១នាក់ ដែលសរុបមានចំនួន ៣៣នាក់ ក្នុងនោះមានអ្នករងគ្រោះម្នាក់ត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅប្រទេសវៀតណាម។ ក្រុមការងារបានប្រគល់ថវិកាឧបត្ថម្ភរបស់សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត រួមជាមួយគ្រឿងឧបភោគបរិភោគរបស់លោករដ្ឋមន្ត្រី ដើម្បីរួមចំណែកសម្រាលទុក្ខលំបាក និងការចំណាយផ្សេងៗក្នុងអំឡុងពេលសម្រាកព្យាបាល។

បច្ចុប្បន្នស្ថានភាពសុខភាពជារួមរបស់កម្មករភាគច្រើនមានសភាពធូរស្រាលជាបណ្ដើរៗ ដោយក្នុងនោះមានកម្មករចំនួន ៥នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ និងវិលត្រឡប់ទៅលំនៅឋានវិញជាបន្តបន្ទាប់។

ជាចុងក្រោយថ្នាក់ដឹកនាំក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជូនពរឱ្យកម្មករនិយោជិតទាំងអស់ឆាប់បានជាសះស្បើយ និងវិលត្រឡប់មកប្រកបការងារវិញដោយសុវត្ថិភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម