ព័ត៌មានអន្ដរជាតិ
៨ប្រទេស ថ្កោលទោស អ៊ីស្រាអែល ដែលធ្វើបាបសកម្មជនដឹកជំនួយ ប៉ងចូលហ្គាហ្សា
រដ្ឋមន្ត្រីការបរទេសនៃប្រទេសចំនួន៨ រួមមាន អារ៉ាប៊ីសាអូឌីត, ហ្សូដង់, អារ៉ាប់រួម, កាតា, ឥណ្ឌូណេស៊ី, ប៉ាគីស្ថាន, អេហ្ស៊ីប និតួកគី បានរួមគ្នាចេញញត្តិថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រព្រឹត្ត «យ៉ាងព្រៃផ្សៃ ដែលនាំដល់អាប់ឱនកិត្តិយស និងមិនអាចទទួលយកបាន» លើក្រុមសកម្មជនពីកងនាវាដឹកជំនួយ Global Sumud Flotilla ដែលធ្វើដំណើរឆ្ពោះទៅកាន់តំបន់ហ្គាហ្សា ខណៈពេលដែលពួកគេត្រូវបានឃុំខ្លួនដោយអ៊ីស្រាអែល។

ការចេញមុខថ្កោលទោសរួមគ្នានេះ បានកើតឡើង បន្ទាប់ពី លោក Itamar Ben-Gvir រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល ដែលប្រកាន់និន្នាការស្តាំនិយមជ្រុល កាលពីសប្តាហ៍មុន បានបង្ហោះវីដេអូមួយដែលបង្ហាញពីសកម្មជនជាប់ឃុំទាំងនោះ ត្រូវបានចងដៃទៅក្រោយ និងបានបង្ខំឲ្យផ្អឹបថ្ងាសទៅលើដី ដែលបានបង្កឲ្យមានការខឹងសម្បារយ៉ាងខ្លាំង និងរងការរិះគន់យ៉ាងចាស់ដៃផ្នែកការទូតពីអន្តរជាតិ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន អារ៉ាប៊ីសាអូឌីត (SPA) ក្រុមរដ្ឋមន្ត្រីការបរទេសខាងលើ បានលើកឡើងថា ការធ្វើទុក្ខបុកម្នេញដើម្បីបំបាក់មុខជាសាធារណៈដោយចេតនា លើអ្នកជាប់ឃុំទាំងនោះ គឺជា «ការវាយប្រហារដ៏គួរឲ្យអាម៉ាស់មួយលើសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ» និងជាការរំលោភបំពានយ៉ាងច្បាស់ក្រឡែត លើកាតព្វកិច្ចរបស់អ៊ីស្រាអែល ក្រោមច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិផងដែរ។
ជាមួយគ្នានេះ ក្រុមរដ្ឋមន្ត្រីទាំងនោះ ក៏បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពញុះញង់ និងអំពើហិង្សាខុសច្បាប់ និងជ្រុលនិយម ដែលប្រព្រឹត្តដោយលោក Ben-Gvir ក៏ដូចជាមន្ត្រីអ៊ីស្រាអែលដទៃទៀត ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន នៅក្នុងទឹកដីប៉ាឡេស្ទីនដែលកំពុងត្រូវបានឈ្លានពានកាន់កាប់។
ក្រុមរដ្ឋមន្ត្រីបានព្រមានថា សកម្មភាពញុះញង់របស់លោក Ben-Gvir កំពុងតែ «ចាក់សាំងលើភ្លើងកំហឹង និងការជ្រុលនិយម ព្រមទាំងបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង ផ្អែកលើដំណោះស្រាយរដ្ឋពីរ»។
ក្រុមមេដឹកនាំការបរទេសទាំងនោះ ក៏បានអំពាវនាវឲ្យមានការដកទណ្ឌកម្ម និងឲ្យលោក Ben-Gvir ទទួលខុសត្រូវចំពោះមុខច្បាប់ ព្រមទាំងជម្រុញឲ្យមានវិធានការជាក់ស្តែងដើម្បីបញ្ឈប់ ការបង្កហេតុ ការញុះញង់ និងការរំលោភបំពានដដែលៗ របស់លោក ដើម្បីបង្ការកុំឲ្យមានការគំរាមកំហែងបន្ថែមទៀត និងធានាថាសកម្មភាពបែបនេះនឹងមិនត្រូវបានអត់ឱនឲ្យ ឬកើតឡើងជាថ្មីឡើយ។
បន្ថែមលើនេះ ក្រុមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការការពារសិទ្ធិមនុស្ស ការការពារសេចក្តីថ្លៃថ្នូររបស់អ្នកជាប់ឃុំ ការធានាឲ្យមានការប្រព្រឹត្តបែបមនុស្សធម៌ និងការគោរពច្បាប់អន្តរជាតិនៅក្នុងទឹកដីប៉ាឡេស្ទីនដែលត្រូវបានកាន់កាប់។
គួរបញ្ជាក់ថា ចាប់តាំងពីសង្គ្រាមនៅតំបន់ហ្គាហ្សាបានផ្ទុះឡើងកាលពីខែតុលា ឆ្នាំ២០២៣ មក ទឹកដីមួយនេះបានរងការខ្វះខាតស្បៀងអាហារ ថ្នាំសង្កូវ និងការផ្គត់ផ្គង់សំខាន់ៗផ្សេងទៀតយ៉ាងធ្ងន់ធ្ងរ ដោយសារតែអ៊ីស្រាអែលបានកាត់ផ្តាច់ និងបញ្ឈប់ការដឹកជញ្ជូនជំនួយមនុស្សធម៌ទាំងស្រុងនៅពេលខ្លះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
លោក រូប៊ីយ៉ូ ចោទក្រុម ហេសបូឡា ថា ព្យាយាមរុញលីបង់ចូលក្នុង «ភាពវឹកវរ» ក្នុងដំណាក់កាលចរចា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២៤ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


