Connect with us

សេដ្ឋកិច្ច

​រោងចក្រ​កែច្នៃ​ជ័រកៅស៊ូ​តម្លៃ ​៣០ ​លានដុល្លារ ​បើក​ដំណើរការ​នៅ​ខេត្តត្បូងឃ្មុំ​

បានផុស

នៅ

រោងចក្រផលិតកែច្នៃកៅស៊ូរបស់​ក្រុមហ៊ុន ​គីមស៍ រ៉ាប់ប៊ើរ ​តម្លៃ ៣០ លានដុល្លារ ​សាងសង់នៅ​លើ​ផ្ទៃដីជិត ១៥ ហិកតា ​និង​មាសមត្ថភាពផលិត ១០ ម៉ឺនតោ ក្នុងមួយឆ្នាំ ​បើក​សម្ពោធដាក់ឱ្យ​ដំណើរការ​នៅ​ព្រឹក​ថ្ងៃទី ២៧ ​ឧសភា ២០២៦ ​នៅ​ស្រុកត្បូងឃ្មុំ ​ខេត្តត្បូងឃ្មុំ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្ដេចមហាបវរធិបតី ​ហ៊ុន ​ម៉ាណែត ​នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ ​នៅក្នុងពិធីសម្ពោធ​រោង​ចក្រ គីមស៍ រ៉ាប់ប៊ើរ​ថា ​ការសម្រេចវិនិយោគ ​សាងសង់រោងចក្រ​ផលិតកែច្នៃជ័រកៅស៊ូនេះ ​បានឆ្លុះបញ្ចាំង​អំពីសារ​សំខាន់ នៃកត្តាសុខសន្តិភាព​​ដែលជាមូលដ្ឋានគ្រឹះ​ នៃការអភិវឌ្ឍន៍​សង្គម ​សេដ្ឋកិច្ចជាតិ​ឱ្យរីកចម្រើនឆាប់រហ័ស​ ព្រមទាំងបង្ហាញពីទំនុកចិត្ត ​និងភាព​ជឿជាក់របស់​វិនិយោគិន​ទាំងខ្មែរ ​និង​បរទេសមកលើបរិយាកាសធុរកិច្ចអំណោយផលរបស់កម្ពុជា​។

ក្រុមហ៊ុន ​គីមស៍ រ៉ាប់ប៊ើរ ​បានបោះទុនវិនិយោគ​ ៣០ ​លានដុល្លារ ​សាងសង់​រោងចក្រផលិតកែច្នៃជ័រកៅស៊ូ ​នៅ​លើ​ផ្ទៃដីជិត ១៥ ហិកតា ​និង​មាសមត្ថភាពផលិត​ជ័រកៅស៊ូ ១០ ម៉ឺនតោ ក្នុងមួយឆ្នាំ ព្រមទាំងផ្ដល់ការងារផ្ទាល់ប្រមាណ ៣០០ កន្លែង និងការងារ​ប្រយោល​ប្រមាណជាង ៥ ម៉ឺននាក់។

​សម្ដេច ​ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ​នៅក្នុងឆ្នាំ ២០២៥ ចំណូលសរុបបានពីការលក់​ផលិតផលជ័រ​កៅស៊ូ​ចំនួន ​៨៣៣ លានដុល្លារ ​កើនឡើងប្រមាណ ​២៤% ធៀបនឹងឆ្នាំ ​២០២៤ មួយផ្នែកដោយសារតម្លៃ​កៅស៊ូកើនឡើង ​និងផ្ទៃដីកើន។​

​សម្រាប់​ចំណូលពីការនាំចេញប្រមាណ ​៦០៤ ​លានដុល្លារ ​ថយចុះ​ ៩,១% ​ប៉ុន្តែចំណូលពីការលក់​ជ័រ​កៅស៊ូ​ក្នុង​ស្រុក ប្រមាណ ​២២៣ ​លានដុល្លារ ​កើនឡើង ១៣១% ​ពោលគឺលក់ក្នុងស្រុកដើម្បីបំពេញតម្រូវការ ​ច្រើន​ជាង​នាំចេញ។

សម្ដេច ​ហ៊ុន ម៉ាណែត ​បន្ថែមថា ការអភិវឌ្ឍន៍វិស័យកសិកម្ម ដំបូងឡើយ​គឺការផលិត ​និងនាំចេញនូវត្ថុធាតុដើម ​បន្ទាប់មកគឺការនាំចេញ​ផលិតផលពាក់កណ្ដាលសម្រេច​ និងផលិតផលសម្រេច ដែលជំរុញឱ្យមាន​កសិឧស្សាហកម្ម ​ដែលនេះគឺជាគោលដៅសំខាន់ណាស់​ ដើម្បីរក្សាតម្លៃបន្ថែមនៅក្នុងប្រទេស។

សម្ដេច ​ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «​បើយើងផលិត​នាំចេញតែវត្ថុធាតុដើមទៅក្រៅ​ ទៅដល់​ប្រទេស​ផ្សេងគេយកទៅ​ វៃក្នុង កែច្នៃមួយចំនួន ច្រកបៅវៃផ្លាក ​ស្រុកគេ តម្លៃវាទៅដល់នោះ ​អញ្ចឹងផល ​និងតម្លៃទៅដល់កសិករក៏វាតិច ​តែបើយើង​រក្សានៅក្នុងស្រុករបស់យើង​ តាមរយៈការកែច្នៃ​ជាវត្ថុពាក់កណ្ដាលសម្រេច ឬផលិតផលសម្រេច គឺជាគោលដៅធំសម្រាប់យើង ​ហើយបើយើងអាចជំរុញការកែច្នៃ​ឱ្យបាននៅនឹងកន្លែង ​មិនត្រឹមតែ​ កសិកម្មទេ ​គឺកសិឧស្សាហកម្ម ​បានន័យថា ​មិនមែនតែកសិករ ឬមួយម្ចាស់ចម្ការ ម្ចាស់ស្រែនោះទេ ​ប៉ុន្តែអ្នកដែលធ្វើការ​នៅក្នុងរោងចក្រ​កែច្នៃ បង្កើតការងារដឹកជញ្ជូនផ្សេងៗ​ គឺជាខ្សែច្រវាក់ផលិតកម្ម​ដែលយើងចង់បាន​»។

លោក ​ម៉ែន ​សុភក្តិ ​ប្រធាន​សមាគម​អភិវឌ្ឍន៍​កៅស៊ូ​ ​ប្រាប់កម្ពុជាថ្មីថា​ ថ្វីត្បិតស្ថានភាពសេដ្ឋកិច្ច ​នយោបាយ ​នៅលើពិភពលោកជួបបញ្ហា ​ប៉ុន្តែការនាំចេញនៅក្នុងវិស័យកៅស៊ូកម្ពុជា ​បន្តមាន​ស្ថិរ​ភាព​ល្អ ​ខណៈតម្លៃក៏​បានខ្ពស់​គួរសម ​ឆ្លុះបញ្ចាំង​ពីការ​រក្សា​បាន​នូវស្ថិរ​ភាព​ទីផ្សារតម្លៃ​ជ័រកៅស៊ូ។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតមកដល់ពេលនេះ កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូជិត ៤៥ ម៉ឺន ហិកតា ផ្ដល់ទិន្នផលប្រមាណ ៤២ ម៉ឺនតោន​ ក្នុងមួយឆ្នាំ ដែលពីមុន​ជ័រកៅ​ស៊ូមាន​ការនាំចេញ​ទាំងស្រុង ​ខណៈបច្ចុប្បន្ន កម្ពុជាមាន​លទ្ធ​ភាព​កែច្នៃ ​និង​លក់ក្នុង​ស្រុក៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម