ព័ត៌មានជាតិ
ពលរដ្ឋជាង៥ម៉ឺនគ្រួសារនៃ១៣ខេត្តទទួលបានការបណ្តុះបណ្តាលលើជំនាញលើកកម្ពស់ទិន្នផលកសិកម្ម
យ៉ាងហោចណាស់ក៏ប្រជាកសិករចំនួន ៥៦,០៨៨ គ្រួសារក្នុងខេត្តចំនួន ១៤ ទទួលបានការបណ្តុះបណ្តាល និងគាំទ្រជំនាញបន្ថែមក្នុងវិស័យកសិកម្មពីអង្គការហេហ្វឺកម្ពុជា និងដៃគូ ដែលជាការចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជា។
គិតមកដល់បច្ចុប្បន្ន អង្គការហេហ្វឺកម្ពុជា និងដៃគូ បានគាំទ្រ និងពង្រឹងសហគមន៍កសិកម្មចំនួន ៧៤ និងសហគមន៍នេសាទចំនួន ១១ បង្កើតក្រុមជួយខ្លួនឯងចំនួន ១,៦០០ ក្រុម ដែលមានសមាជិក ៣៤,១៦១ នាក់ និងបានគាំទ្រគ្រួសារកសិករចំនួន ៥៦,០៨៨ គ្រួសារ។ នេះបើយោងាតមការបង្ហាញកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦របស់អង្គការហេហ្វឺកម្ពុជា បានរៀបចំសិក្ខាសាលាសហគមន៍កសិកម្មប្រចាំឆ្នាំ២០២៦ ក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធស្បៀងអាហារដែលដឹកនាំដោយកសិករ» ដោយមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ស្ថានទូត គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនវិស័យឯកជន សហគមន៍កសិកម្ម សហគមន៍នេសាទ សហគមន៍តំបន់ការពារធម្មជាតិ ថ្នាក់ដឹកនាំកសិករ និងអង្គការសង្គមស៊ីវិល។

សិក្ខាសាលានេះ បានដើរតួជាវេទិកាជាតិសម្រាប់ការពិភាក្សា ភាពជាដៃគូ និងសកម្មភាពរួមគ្នា ដើម្បីពង្រឹងប្រព័ន្ធស្បៀងអាហារដែលដឹកនាំដោយកសិករ។ ព្រឹត្តិការណ៍នេះបានផ្តោតលើការកែលម្អសមត្ថភាពស្ថាប័ន និងមុខរបររបស់សហគមន៍កសិកម្ម សហគមន៍នេសាទ សហគមន៍តំបន់ការពារធម្មជាតិ សហភាពសហគ្រិនអភិវឌ្ឍន៍សង្គម (SEUAC) ព្រមទាំងលើកកម្ពស់ការវិនិយោគ ហិរញ្ញវត្ថុបរិយាបន្ន ការទទួលបានទីផ្សារ ភាពធន់នឹងអាកាសធាតុ វិធីសាស្ត្រសុខភាពតែមួយ (One Health) និងការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព។

បណ្ឌិត ញ៉ែម សារ៉េត នាយកប្រចាំប្រទេសនៃអង្គការ ហេហ្វឺកម្ពុជា បានសង្កត់ធ្ងន់ថា ប្រព័ន្ធស្បៀងអាហាររបស់កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលរបត់ដ៏សំខាន់មួយ ខណៈដែលកសិករខ្នាតតូចកំពុងប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុ ការកើនឡើងនៃថ្លៃដើមផលិតកម្ម ការកម្រិតក្នុងការទទួលបានហិរញ្ញវត្ថុ ខ្សែច្រវាក់តម្លៃដាច់ដោយឡែក និងភាពមិនប្រាកដប្រជានៃទីផ្សារ។
ទន្ទឹមនឹងនេះ លោកបានគូសបញ្ជាក់ថា ឱកាសថ្មីៗកំពុងលេចឡើងតាមរយៈកសិកម្មបង្កើតឡើងវិញ (Regenerative Agriculture) ផលិតកម្មឆ្លាតវៃនឹងអាកាសធាតុ ការច្នៃប្រឌិតឌីជីថល ហិរញ្ញវត្ថុបរិយាបន្ន សហគ្រិនភាពយុវជន និងការអភិវឌ្ឍកសិកម្មដែលតម្រង់ទិសទីផ្សារផងដែរ។

បណ្ឌិត ញ៉ែម សារ៉េត បានមានប្រសាសន៍ថា៖ «រួមគ្នា យើងអាចពង្រឹងភាពជាដៃគូ បង្កើតដំណោះស្រាយជាក់ស្តែង និងកសាងចក្ខុវិស័យរួមមួយ ដែលកសិករជាអ្នកដឹកនាំការផ្លាស់ប្តូរ សហគ្រាសរីកចម្រើន ប្រព័ន្ធអេកូឡូស៊ីត្រូវបានស្តារឡើងវិញ ហើយគ្រួសារជំនាន់ក្រោយនឹងទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធស្បៀងដែលមានចីរភាព»។
លោកបានបន្ថែមថា៖ «កសិករមិនមែនជាអ្នកទទួលផលពីការអភិវឌ្ឍន៍នោះទេ ពួកគេគឺជាសហគ្រិន អ្នកច្នៃប្រឌិត អ្នកវិនិយោគ និងជាអ្នកដឹកនាំនៃការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារនៅកម្ពុជា។ អនាគតនៃកសិកម្មប្រកបដោយចីរភាពគឺពឹងផ្អែកលើស្ថាប័នកសិករដែលកាន់តែរឹងមាំ ប្រព័ន្ធផលិតកម្មបង្កើតឡើងវិញ និងភាពជាដៃគូប្រកបដោយបរិយាបន្នដែលភ្ជាប់កសិករទៅនឹងទីផ្សារ ហិរញ្ញវត្ថុ និងការច្នៃប្រឌិត»។

លោកបណ្ឌិត ញ៉ែម សារ៉េត បានបញ្ជាក់ជាថ្មីថា ការប្តេជ្ញាចិត្តរយៈពេលវែងរបស់អង្គការហេហ្វឺកម្ពុជា តាមរយៈ កម្មវិធី ២០២៦-២០៣៥ (Cambodia Signature Program 2026–2035) ដែលមានគោលដៅចូលរួមជាមួយគ្រួសារកសិករខ្នាតតូចចំនួន ៥២០,០០០ គ្រួសារត្រឹមឆ្នាំ២០៣៥ ដើម្បីកសាងជីវភាពរស់ តាមរយៈការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារបែបបង្កើតឡើងវិញ និងបរិយាបន្ន ដោយគ្របដណ្តប់លើខេត្តចំនួន ១៤ រួមទាំងខេត្តតំបន់ឆ្នេរចំនួន ៤ ផងដែរ។
អង្គការហេហ្វឺកម្ពុជា ក៏បានលើកកម្ពស់សហគមន៍កសិកម្មមាស (Golden Cooperatives) ចំនួន ១៨ ពង្រឹងស្ថាប័នកំពូល SEUAC គាំទ្រប្រព័ន្ធគណនេយ្យឌីជីថល ពង្រីកការទទួលបានទីផ្សារ និងកៀរគរធនធាន និងការវិនិយោគដើម្បីគាំទ្រដល់ការចិញ្ចឹមចិញ្ចឹមមាន់ស្រែខ្មែរ វារីវប្បកម្ម បន្លែ ផ្លែឈើ ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍអាជីវកម្មសហគមន៍។

ជាមួយគ្នានោះ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសង្កត់ធ្ងន់ដែរថា ការផ្លាស់ប្តូរវិស័យកសិកម្មនាពេលអនាគតរបស់កម្ពុជានឹងពឹងផ្អែកលើភាពជាដៃគូកាន់តែរឹងមាំរវាងស្ថាប័នរដ្ឋ ស្ថាប័នកសិករ ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានហិរញ្ញវត្ថុ គ្រឹះស្ថានសិក្សា និងវិស័យឯកជន។

លោក ឃឹម ហ្វីណង់ បន្ថែមថា៖ «សហគមន៍កសិកម្មមិនមែនត្រឹមតែជាក្រុមអ្នកផលិតនោះទេ។ ពួកគេគឺជាស្ថាប័នសេដ្ឋកិច្ចដែលជួយកសិករឱ្យទទួលបានទីផ្សារ ហិរញ្ញវត្ថុ បច្ចេកវិទ្យា ព័ត៌មាន និងឱកាសអាជីវកម្ម។ សហគមន៍រឹងមាំបង្កើតបានកសិកររឹងមាំ ហើយកសិកររឹងមាំបង្កើតបានប្រព័ន្ធស្បៀងអាហារជាតិដ៏រឹងមាំ»។
មហាសន្និបាតនេះបានប្រមូលផ្តុំតំណាងមកពីបណ្តាក្រសួង សហគមន៍កសិកម្ម សហគមន៍នេសាទ ទីភ្នាក់ងារអភិវឌ្ឍន៍ គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនឯកជន និងតំណាងកសិករ ដើម្បីពិភាក្សាអំពីដំណោះស្រាយជាក់ស្តែងសម្រាប់ការពង្រឹងប្រព័ន្ធស្បៀងរបស់កម្ពុជា ចំពេលមានការប្រឈមផ្នែកអាកាសធាតុ និងទីផ្សារដែលកំពុងកើនឡើង។
លោកអនុរដ្ឋលេខាធិការ បានកត់សម្គាល់ថា វិស័យកសិកម្មរបស់កម្ពុជានៅតែបន្តប្រឈមមុខនឹងសម្ពាធកើនឡើងពីការប្រែប្រួលអាកាសធាតុ ការកើនឡើងថ្លៃដើមផលិតកម្ម ភាពមិនប្រាកដប្រជានៃទីផ្សារ និងការខូចខាតបរិស្ថាន។ ទោះជាយ៉ាងណាក៏ដោយ លោកថា បញ្ហាប្រឈមទាំងនេះក៏បង្កើតឱកាសសម្រាប់ការច្នៃប្រឌិត ការធ្វើទំនើបកម្ម និងការផ្លាស់ប្តូរជនបទប្រកបដោយបរិយាបន្នផងដែរ។

ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងពីអាទិភាពបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងផែនទីបង្ហាញផ្លូវប្រព័ន្ធស្បៀងកម្ពុជាអាហារឆ្នាំ២០៣០ ដែលមានគោលបំណងពង្រឹងសន្តិសុខស្បៀង ភាពធន់នឹងអាកាសធាតុ កសិកម្មប្រកបដោយចីរភាព និងជីវភាពរស់នៅរបស់ប្រជាជននៅជនបទនៅទូទាំងប្រទេស។
យ៉ាងណាមិញ លោក ឃឹម ហ្វីណង់ ក៏បានកោតសរសើរចំពោះតួនាទីដែលកំពុងកើនឡើងរបស់ស្ត្រី និងយុវជនក្នុងការដឹកនាំកសិកម្ម សហគ្រិនភាព និងប្រព័ន្ធផលិតកម្មឆ្លាតវៃនឹងអាកាសធាតុ ដោយកត់សម្គាល់ថា ការចូលរួមប្រកបដោយបរិយាបន្នគឺចាំបាច់ណាស់សម្រាប់ការផ្លាស់ប្តូររយៈពេលវែងនៃប្រព័ន្ធស្បៀងរបស់កម្ពុជា។

លោក Pranjit Talukdar អ្នកសម្របសម្រួលតំបន់អាស៊ីសម្រាប់ការទទួលបានហិរញ្ញវត្ថុច្នៃប្រឌិតនៃអង្គការហេហ្វឺអន្តរជាតិប្រចាំតំបន់អាស៊ី ដែលបានណែនាំអំពីប្រព័ន្ធស្បៀងដឹកនាំដោយកសិករ និងក្របខណ្ឌបរិយាបន្នហិរញ្ញវត្ថុរបស់អង្គការហេហ្វឺ។ លោកបានសង្កត់ធ្ងន់ថា បរិយាបន្នហិរញ្ញវត្ថុគឺមានទំហំធំធេងជាងការផ្តល់ឥណទាន។ វាគ្របដណ្តប់លើការទទួលបានទីផ្សារ ការសន្សំ ការធានារ៉ាប់រង ឱកាសវិនិយោគ ទុនបង្វិលដែលមានតម្លៃសមរម្យ ទ្រព្យសកម្មផលិតភាព សេវាឌីជីថល ភាពជាដៃគូសហគ្រាស និងស្ថាប័នសហករណ៍ដ៏រឹងមាំ។

លោក Pranjit បានមានប្រសាសន៍ថា៖ «ហិរញ្ញវត្ថុដើរតាមអាជីវកម្ម។ អាជីវកម្មដើរតាមការរៀបចំចាត់តាំង។ ការរៀបចំចាត់តាំងដើរតាមជំនឿទុកចិត្ត។ ហើយជំនឿទុកចិត្តគឺកើតចេញពីសកម្មភាពរួមគ្នា»។ លោកបានកត់សម្គាល់ថា តួនាទីរបស់អង្គការហេហ្វឺ មិនមែនដើម្បីជំនួសតួអង្គក្នុងស្រុកដែលមានស្រាប់នោះទេ ប៉ុន្តែគឺដើម្បីសកម្មភាព ធានាការរៀបចំ ផ្គុំបញ្ចូលគ្នា និងកៀរគរការវិនិយោគដែលមានស្រាប់ក្នុងចំណោមកសិករ សហគមន៍កសិកម្ម អាជីវកម្មក្នុងស្រុក រាជរដ្ឋាភិបាល ធនាគារ និងដៃគូអភិវឌ្ឍន៍។
លោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលបានថ្លែងសុន្ទរកថាបិទសិក្ខាសាលា បានកោតសរសើរចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នរដ្ឋ សហគមន៍កសិកម្ម ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានហិរញ្ញវត្ថុ និងវិស័យឯកជន ក្នុងការជំរុញរបៀបវារៈអភិវឌ្ឍន៍កសិកម្ម និងជនបទរបស់កម្ពុជា។

លោកបានសង្កត់ធ្ងន់ថា សារៈសំខាន់នៃការបន្តពង្រឹងស្ថាប័នកសិករ ការលើកកម្ពស់ការច្នៃប្រឌិត និងការពង្រីកឱកាសទីផ្សារប្រកបដោយបរិយាបន្ន ដើម្បីធានាបាននូវប្រព័ន្ធស្បៀងដែលមានចីរភាព និងធន់សម្រាប់ជំនាន់ក្រោយ។
ក្នុងកម្មវិធីនេះ អ្នកចូលរួមបានចែករំលែកបទពិសោធន៍ជាក់ស្តែង និងវិធីសាស្រ្តច្នៃប្រឌិតទាក់ទងនឹងការអភិវឌ្ឍសហគមន៍ កសិកម្មបង្កើតឡើងវិញ ធុរកិច្ចកសិកម្មយុវជន ហិរញ្ញវត្ថុចម្រុះ ការច្នៃប្រឌិតឌីជីថល វារីវប្បកម្ម និងការស្តារប្រព័ន្ធអេកូឡូស៊ីឡើងវិញ។ ការពិភាក្សាបានសង្កត់ធ្ងន់បន្ថែមទៀតលើសារៈសំខាន់នៃភាពជាដៃគូពហុភាគីក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ សន្តិសុខស្បៀង និងភាពធន់នឹងសេដ្ឋកិច្ចជនបទ។


សិក្ខាសាលាបានគូសបញ្ជាក់ពីសារៈសំខាន់នៃ «ទុនសង្គម» (Social Capital) ដែលជាទ្រព្យសកម្មដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍ដឹកនាំដោយកសិករ។ តាមរយៈជំនឿទុកចិត្ត ទំនាក់ទំនង ចំណេះដឹង ស្ថាប័ន និងចក្ខុវិស័យរួម គ្រួសារកសិករ និងសហគមន៍ដែលបានរៀបចំចាត់តាំងត្រឹមត្រូវ អាចកាត់បន្ថយហានិភ័យ កែលម្អការទទួលបានហិរញ្ញវត្ថុ និងបង្កើតប្រព័ន្ធអាជីវកម្មកាន់តែរឹងមាំ។
សិក្ខាសាលាបានបញ្ជាក់ជាថា គ្មានស្ថាប័នណាមួយអាចសម្រេចភាពជោគជ័យក្នុងប្រព័ន្ធស្បៀងអាហារតែម្នាក់ឯងបានឡើយ។ ការផ្លាស់ប្តូរប្រកបដោយចីរភាពតម្រូវឱ្យមានការដឹកនាំសម្របសម្រួលគ្នារវាងស្ថាប័នរដ្ឋ ស្ថាប័នកសិករ គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនវិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្ម។


ខណៈពេលដែលអង្គការហេហ្វឺកម្ពុជា ឈានទៅមុខជាមួយនឹងចក្ខុវិស័យឆ្នាំ ២០២៦-២០៣៥ ខ្លួននៅតែបន្តប្តេជ្ញាចិត្តក្នុងការធ្វើការងារជាមួយដៃគូទាំងអស់ ដើម្បីពង្រឹងស្ថាប័នកសិករ ផ្តល់អំណាចដល់ស្ត្រី និងយុវជន លើកកម្ពស់ភាពធន់នឹងអាកាសធាតុ គាំទ្រទីផ្សារបរិយាបន្ន និងកសាងសហគមន៍ឱ្យកាន់តែរីកចម្រើននៅទូទាំងប្រទេសកម្ពុជា។
សិក្ខាសាលាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នារបស់ស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ តួអង្គវិស័យឯកជន និងសហគមន៍កសិកម្ម ដើម្បីកសាងប្រព័ន្ធស្បៀងដែលធន់ បរិយាបន្ន និងប្រកបដោយចីរភាពនៅកម្ពុជា។ តាមរយៈភាពជាដៃគូកាន់តែរឹងមាំ និងការច្នៃប្រឌិតដែលដឹកនាំដោយកសិករ អង្គការហេហ្វឺកម្ពុជា និងដៃគូ មានគោលបំណងពន្លឿនការផ្លាស់ប្តូរសេដ្ឋកិច្ចជនបទ ព្រមទាំងជំរុញភាពធន់នឹងអាកាសធាតុ និងសន្តិសុខស្បៀងនៅទូទាំងប្រទេសផងដែរ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


