Connect with us

ព័ត៌មានអន្ដរជាតិ

ភាពតានតឹនពាណិជ្ជកម្មអឺរ៉ុប-អាមេរិក កើនឡើងជាថ្មី ក្រោយរដ្ឋបាល ត្រាំ ស្នើដាក់ពន្ធ EU លើបញ្ហាពលកម្មដោយបង្ខំ

បានផុស

នៅ

ភាពតានតឹងពាណិជ្ជកម្មអឺរ៉ុប-អាមេរិកបាន​កើនឡើងជាថ្មី ដោយ​គណៈកម្មការអឺរ៉ុបនៃសហភាពអឺរុប (EU) កាលពីថ្ងៃពុធ​ បានរិះគន់សហរដ្ឋអាមេរិកចំពោះ​​គម្រោង​ដាក់​ពន្ធបន្ថែមថ្មី ១០% លើទំនិញនាំចូលពីប្លុកនេះ ក្រោយរដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រកឃើញ​ថា ទីក្រុងប្រ៊ុចសែលបាន​បរាជ័យ​ក្នុងការទប់ស្កាត់ពាណិជ្ជកម្មទំនិញដែលផលិតដោយប្រើ​កម្លាំង​ពលកម្មដោយបង្ខំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Olof Gill អ្នកនាំពាក្យរង​របស់គណៈកម្មការអឺរ៉ុប បាន​​និយាយ​សេចក្តីថ្លែងការណ៍​​ថា៖ «​គណៈកម្មការ​នឹង​វិភាគ​ដោយប្រុងប្រយ័ត្ន​នូវ​ការរកឃើញ​បឋម​នៃ​ការស៊ើបអង្កេត ហើយ​នឹង​បន្ត​ចូលរួម​ជាមួយ​រដ្ឋបាល​​អាមេរិក។ ទោះបីបែបនេះក្ដី សហភាព​អឺរ៉ុប​ចាត់ទុក​ពន្ធគយ​ដែល​ដាក់​ក្រោមករណីនេះ ថា​មិន​សម​ហេតុផល»។

ដោយឡែក លោក Bernd Lange ប្រធានគណៈកម្មាធិការពាណិជ្ជកម្មដ៏មានឥទ្ធិពលរបស់សភាអឺរ៉ុបឯណោះវិញ​ បាននិយាយថា ​អាមេរិក​ «កំពុងស្វែងរកមូលដ្ឋានច្បាប់ថ្មីយ៉ាងអន្ទះសារ ដើម្បីរក្សាគោលនយោបាយពន្ធគយរបស់ខ្លួន» បន្ទាប់ពី​តុលាការកំពូលរបស់អាមេរិកខ្លួនឯងចាត់ទុកថាខុសច្បាប់​។

លោក Lange បាន​បង្ហោះលើ X ថា៖ «ការចោទប្រកាន់សហភាពអឺរ៉ុបថាមិនបានធ្វើគ្រប់គ្រាន់ប្រឆាំងនឹង​កម្លាំង​ដោយបង្ខំគឺជារឿងមិនសមហេតុផល​ខ្លាំង​។ សហភាពអឺរ៉ុបបានអនុម័តច្បាប់ដ៏តឹងរ៉ឹងបំផុត​លើ​ពិភពលោក ប្រឆាំងនឹងផលិតផលដែលផលិតដោយប្រើពលកម្មដោយបង្ខំ»។ លោកបន្ថែមថា ស្ថានភាព​នេះមើលទៅដូចជាការប៉ុនប៉ងស្វែងរកលេសផ្នែកច្បាប់​ដើម្បីពន្ធ ​បន្ទាប់ពីពន្ធចាស់ត្រូវបានលុបចោល។

ក្រោយការប្រតិកម្មរបស់អឺរ៉ុប លោក Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកឯណោះវិញ បាន​និយាយ​កាលពីថ្ងៃពុធថា ទាំង​ EU និងសហរដ្ឋអាមេរិក សុទ្ធតែប្តេជ្ញាអនុវត្តតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងភាគីទាំង២។

គួរគូសបញ្ជាក់ថា EU ស្ថិតក្នុងចំណោមប្រទេសចំនួន ៦០ ដែលការិយាល័យ​តំណាង​ពាណិជ្ជកម្ម​​សហរដ្ឋអាមេរិក (USTR) បាន​ស្នើដាក់ពន្ធ​ ១០ ឬ ១២,៥% កាលពីអង្គារ ក្រោយបើកការស៊ើបអង្កេតតាមមាត្រា ៣០១ ​លើ​ការ​អនុវត្ត​ពាណិជ្ជកម្ម​មិន​​ស្មើភាពក្រោមច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤​។ ប្រទេសដែលត្រូវជាប់ពន្ធ ១០% ថ្មីរួមមាន EU កាណាដា អេក្វាឌ័រ ឥណ្ឌូណេស៊ី ម៉ិកស៊ិក ប៉ាគីស្ថាន អាហ្សង់ទីន បង់ក្លាដែស កម្ពុជា អែលសាល់វ៉ាឌ័រ ហ្គាតេម៉ាឡា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី តៃវ៉ាន់ និង​ចក្រភព​អង់គ្លេស។​

ពេលប្រកាសពីសំណើដាក់ពន្ធ លោក​ Greer បាន​និយាយថា ប្រទេសទាំងនោះបានបរាជ័យក្នុងការ​ដោះស្រាយការនាំចូលទំនិញដែលផលិតដោយប្រើកម្លាំងពលកម្មដោយបង្ខំ ​ហើយការបរាជ័យនោះ «បង្កើតជា​បញ្ហា​មួយ ដែលកម្មករអាមេរិកត្រូវ​បង្ខំឱ្យប្រកួតប្រជែងទូទាំងពិភពលោកលើទីលាន​ដែល​មិនស្មើភាព​គ្នា»។

មែនទែនទៅ មានការលើកឡើងថា រដ្ឋបាល ត្រាំ បើកការស៊ើបអង្កេតជុំវិញបញ្ហាពលកម្មដោយបង្ខំ ដើម្បីអាចបន្តអនុវត្តពន្ធលើបណ្ដាប្រទេសផ្សេងៗ មុនពេលពន្ធបណ្តោះអាសន្ន ១០% ផុតកំណត់នៅថ្ងៃទី ២៤ ខែកក្កដា ខាងមុខ​។ រដ្ឋបាលលោក ត្រាំ បានដាក់ពន្ធបណ្ដោះអាសន្ន​នោះនៅថ្ងៃទី ២០ ខែកុម្ភៈ ក្រោយ​តុលាការកំពូល​អាមេរិក បាន​សម្រេចថា ពន្ធដែលលោកដាក់ក្រោម​ច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA) ឆ្នាំ ១៩៧៧ ដែលរួមបញ្ចូលទាំងពន្ធបដិការនោះ គឺខុសច្បាប់ ហើយត្រូវលុបចេញ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម