ព័ត៌មានជាតិ
សហរដ្ឋអាមេរិកប្រកាសផ្តល់ថវិកា ២៥ម៉ឺនដុល្លារ បន្ថែមដល់កម្ពុជា ដើម្បីបន្តការងារអភិរក្ស និងជួសជុលប្រាសាទភ្នំបាខែង
ដើម្បីអបអរសាទរខួបលើកទី២៥០ នៃបុណ្យឯករាជ្យជាតិអាមេរិក និងខួបលើកទី២៥ នៃគម្រោងកម្មវិធីឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ (AFCP) លោកស្រី ឃែតធឺរីន ចូប (Katherine Diop) អនុប្រធានស្តីទីស្ថានទូអាមេរិកប្រចាំភ្នំពេញ បានបញ្ជាក់ថា អាមេរិកសម្រេចផ្តល់ថវិកាចំនួន ២៥០ ០០០ដុល្លារបន្ថែម ក្រោមគម្រោងពិសេស «សេរីភាព ២៥០» នៃមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ដើម្បីបន្តគាំទ្រលើការងារអភិរក្ស និងជួសជុលប្រាសាទភ្នំបាខែង ដែលជាការបង្ហាញពីភាពដឹកនាំ និងនវានុវត្តន៍របស់អាមេរិក ក្នុងវិធីសាស្ត្របច្ចេកទេសអភិរក្ស ព្រមទាំងការពង្រឹងសមត្ថភាពក្នុងស្រុក។

ក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤២ របស់គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក នៅខេត្តសៀមរាប នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ លោកស្រី ឃែតធឺរីន ចូប បានបញ្ជាក់ទៀតថា នេះគឺជានិមិត្តរូបនៃភាពជាដៃគូដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។ ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ មូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ បានចូលរួមចំណែកការពារទ្រព្យសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា តាមរយៈការរួមបញ្ចូលគ្នារវាងការច្នៃប្រឌិតរបស់អាមេរិក និងជំនាញបច្ចេកទេសក្នុងស្រុក យើងនឹងធានាបានថាទីតាំងប្រវត្តិសាស្ត្រនានា ដូចជាភ្នំបាខែងនឹងត្រូវបានថែរក្សាគង់វង្សទុកសម្រាប់អ្នកជំនាន់ក្រោយៗទៀត។

លោកស្រីបានឱ្យដឹងថា អស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ អ្នកជំនាញអាមេរិក បានជួយការពាររតនសម្បត្តិដែលមិនអាចកាត់ថ្លៃបានរបស់កម្ពុជា ព្រមទាំងបានបំពាក់បំប៉នអ្នកជំនាញក្នុងស្រុកនូវឧបករណ៍ និងចំណេះដឹងចាំបាច់នានា ដើម្បីដឹកនាំកិច្ចខិតខំប្រឹងប្រែងអភិរក្សទៅថ្ងៃអនាគត។ សសរស្តម្ភដ៏សំខាន់មួយនៃការគាំទ្រនេះ គឺកម្មវិធីបណ្តុះបណ្តាល និងផ្តល់វិញ្ញាបនបត្រសម្រាប់បុគ្គលិក បច្ចេកទេស និងអ្នកជំនាញអភិរក្សនៅតំបន់អង្គរ។ កម្មវិធីបណ្តុះបណ្តាលនេះត្រូវបានផ្តួចផ្តើមឡើង ដោយស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញ តាមរយៈពីមូលនិធិ AFCP ក្នុងឆ្នាំ២០២៣ ដោយមានការ សហការរៀបចំឡើងរវាងអង្គការមូលនិធិប្រាសាទពិភពលោក និងអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើស្តង់ដារកម្មសមត្ថភាពបច្ចេកទេស និងធ្វើឱ្យការគ្រប់គ្រងប្រកបដោយចីរភាពនៅរមណីយដ្ឋានបុរាណវិទ្យាអង្គរក្លាយជាលក្ខណៈវិជ្ជាជីវៈ។

លោកស្រីបានឱ្យដឹងទៀតថា កម្មវិធីនេះក៏បានពង្រឹងការយល់ដឹងរបស់សិក្ខាកាមអំពីឧទ្យានបុរាណវិទ្យាអង្គរ ប្រវត្តិសាស្ត្រ សារៈសំខាន់និងតម្លៃជាអន្តរជាតិ ព្រមទាំងជំរុញឱ្យ មានការចូលរួមកាន់តែខ្លាំងក្លាក្នុងការគ្រប់គ្រងប្រកបដោយចីរភាព។ ស្របពេលដែលសហរដ្ឋអាមេរិកប្រារព្ធខួប ២៥០ ឆ្នាំនៃទិវាឯករាជ្យជាតិ ហើយមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ប្រារព្ធខួបលើកទី២៥ របស់ខ្លួននៅទូទាំងពិភពលោក សមិទ្ធផលទាំងនេះ គឺជាការឆ្លុះបញ្ចាំង ប្រកបដោយមោទនភាពនៃឧត្តមភាពរបស់អាមេរិក និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការអភិរក្សនូវរតនសម្បត្តិវប្បធម៌ដ៏អស្ចារ្យបំផុតមួយរបស់មនុស្សជាតិ។
សូមជម្រាបថា បច្ចុប្បន្នរាល់ការងារអភិរក្សនៅប្រាសាទភ្នំបាខែង គឺត្រូវបានអនុវត្តដោយកម្លាំងពលកម្មក្នុងស្រុក ដែលទទួលបានការបណ្តុះបណ្តាល និងមានវិញ្ញាបនបត្រត្រឹមត្រូវ ហើយបម្រើការងារ នៅអង្គការមូលនិធិប្រាសាទពិភពលោក ដែលនេះជាការលើកកម្ពស់ការងារជំនាញ និងការផ្ទេរចំណេះដឹងរយៈពេលវែង នៅក្នុងវិស័យបេតិកភណ្ឌរបស់កម្ពុជា។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ក្នុងរយៈពេល២៥ឆ្នាំមកនេះ តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌នៅកម្ពុជា សហរដ្ឋអាមេរិកបានផ្តល់មកកម្ពុជានូវថវិកាប្រមាណជា ៥លានដុល្លារ ក្នុងនោះ ៤លានដុល្លារ ផ្តោតទៅលើការអភិរក្សប្រាសាទភ្នំបាខែង ដែលជាសំណង់បត្យកម្មរាប់ពាន់ឆ្នាំរបស់ដូនតាខ្មែរយើង និងត្រូវបានជួសជុលជាបន្តបន្ទាប់ ដើម្បីឱ្យប្រាសាទមានទ្រង់ទ្រាយល្អឡើងវិញ។
លោកជំទាវបន្ថែមថា តាមរយៈមូលនិធិនេះ ក្រៅពីការអភិរក្សប្រាសាទភ្នំបាខែង អាមេរិកក៏បានជួយជួសជុល និងអភិរក្សប្រាសាទនៅតំបន់អង្គរដូចជា ប្រាសាទព្រះខ័ន អង្គរវត្ត និងប្រាសាទតាសោម ព្រមទាំងជួយបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់កូនខ្មែរ ហើយពិសេសទៀតនោះ ផ្អែកលើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងប្រទេសទាំងពីរ ហើយអាមេរិកមានតួនាទីធំបំផុតជួយគាំទ្រកម្ពុជា ក្នុងការស្វែងរកនិងបញ្ជូនវត្ថុបុរាណរបស់ខ្មែរដែលបានបាត់បង់នៅក្នុងសម័យសង្គ្រាមត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


