Connect with us

ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូត​រុស្ស៊ី៖ កម្ពុជា​មាន​កន្លែង​ពិសេស​មួយ​ក្នុង​ចំណោម​មិត្តភ័ក្ដិ​និង​ដៃ​គូប្រកប​ដោយ​ទំនុក​ចិត្ត​របស់​យើង

បានផុស

នៅ

​​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា​លោក​ អាណាតូលី បូរ៉ូវីក បាន​លើក​ឡើង​ថា​ប្រទេស​កម្ពុជា​មាន​ចំណុច​ពិសេស​មួយ​ក្នុង​ចំណោម​មិត្តភ័ក្ដិ​របស់​រុស្ស៊ី​គឺ​ចំណង​មិត្តភាព​ដ៏​រឹងមាំ​​ ការ​តភ្ជាប់​ភាព​ជិត​ស្និទ្ធ​នៃ​ប្រជាជន​ប្រទេស​ទាំង​ពីរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើក​ឡើង​ក្នុង​ពិធី​ជប់លៀង​ទិវា​នៃ​ប្រទេស​រុស្ស៊ី​កាល​ពី​យប់​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០២៦​ នៅ​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ លោក​ អាណាតូលី មាន​ប្រសាសន៍​ថា ៧០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការ​ទូត​រវាង​កម្ពុជា​និង​រុស្ស៊ី​បាន​ផ្សារភ្ជាប់​ទំនាក់ទំនង​មិត្តភាព ការ​គោរព​ និង​ការ​ជឿ​ទុកចិត្ត​គ្នា​ដ៏​រឹង​មាំ​រវាង​ប្រទេស​ទាំង​ពីរ​ ទោះ​បី​ជា​មាន​ការ​សាកល្បង​ដោយ​ពេលវេលា និង​ការ​ប្រែប្រួល​ស្ថានភាព​អន្តរជាតិ​ក្ដី​។ លោក​បន្ថែម​ថា​ប្រជាជន​រុស្ស៊ី និង​កម្ពុជា​បាន​ភ្ជាប់​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​តាម​រយៈ​ប្រវត្តិសាស្ត្រ​ ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស និង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សំខាន់ៗ។

លោក​ថា៖ «យើង​វាយ​តម្លៃ​ខ្ពស់​នូវ​អាកប្បកិរិយា​ប្រកប​ដោយ​ការ​ថែទាំ​របស់​ប្រជាជន​កម្ពុជា​ចំពោះ​ជំពូក​នៃ​ប្រវត្តិសាស្ត្រ​រួម​របស់​យើង»


​​​​​​​ថ្លែង​ជាមួយ​មោទនភាព​លោក អាណាតូលី ថា​រហូត​មក​ដល់​ពេល​នេះ​មាន​និស្សិត​កម្ពុជា​ជាង​ ៨ ០០០នាក់​បាន​ទៅ​សិក្សា​នៅ​រុស្ស៊ី និង​សូវៀត​ ហើយ​សព្វ​ថ្ងៃ​នេះ​ពួកគេ​បាន​កាន់​តំណែង​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល ពាណិជ្ជកម្ម និង​វិទ្យាសាស្ត្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៀត​ផង​។ លោក​ថា​រុស្ស៊ី​នឹង​បន្ត​ពង្រឹង​លទ្ធភាព​អប់រំ​សម្រាប់​យុវជន​កម្ពុជា​បន្ថែម​ទៀត​។

អនុប្រធានទី១អាជ្ញាធរមីន ទេសរដ្ឋមន្ត្រី លី ធុជ មាន​ប្រសាសន៍​ក្នុង​ពិធី​ជប់​លៀង​នោះ​ផង​ដែរ​ថា​ ៧​ទសវត្សរ៍មក​នេះ​​រុស្ស៊ី និង​កម្ពុជា​ បាន​រក្សា​ជំនឿ​ចិត្ត​ជាមួយ​គ្នា​ដោយ​ក្ដី​គោរព និង​ទុកចិត្ត។ លោក​ថា​​ជំនួយ​ពី​រុស្ស៊ី​ផ្ដល់​ឱ្យ​កម្ពុជា ​នូវ​ការអភិវឌ្ឍន៍​ធនធាន​មនុស្ស​​ដ៏​ច្រើន​ដែល​ជា​កម្លាំង​ដ៏​សំខាន់​ក្នុង​ការ​រក្សា​ស្ថិរភាព និង​ការ​អភិវឌ្ឍន៍​របស់​ប្រទេស​ដូច​បច្ចុប្បន្ន​។

លោក​ថា៖ «​គឺ​ចិត្តសប្បុរស​ដែល​ធ្វើ​ឱ្យ​ប្រទេស​មួយ​ជឿ​ជាក់​លើ​ប្រទេស​មួយ​ទៀត និង​ធ្វើ​ការ​ជាមួយ​គ្នា​។ មិត្តភាព​នេះ​នឹង​បន្ត​រីក​ចម្រើន​ថែម​ទៀត​​»។


ប្រទេស​រុស្ស៊ី​ដែល​ពី​មុន​ជា​សហភាព​សូវៀត​គឺ​ជា​អ្នក​ផ្ដល់​ជំនួយ​ដ៏​សំខាន់​មួយ​ដល់​កម្ពុជា​ក្រោយ​ការ​ដួល​រលំ​ទៅ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។ សហភាព​សូវៀត​បាន​ផ្ដល់​ជំនួយ​ដល់​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស និង​ការ​អភិវឌ្ឍន៍​វិស័យ​សេដ្ឋកិច្ច​របស់​កម្ពុជា​ឡើង​វិញ​នៅ​ពេល​នោះ។

គិត​មក​ដល់​ពេល​នេះ​ទំនាក់ទំនង​កម្ពុជា និង​រុស្ស៊ី មាន​អាយុ​កាល​៧០​ឆ្នាំ​ហើយ​បន្ទាប់​ពី​បាន​បង្កើត​ចំណង​ទំនាក់​ទំនង​ការទូត​កាល​ពី​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​១៩៥៦៕

សម្ដេចព្រះ​ នរោត្តម សីហនុ និងលោក Nikita Khrushchev ប្រធានទីស្តីការគណៈរដ្ឋមន្ត្រីសហភាពសូវៀត អញ្ជើញចូលរួមទទួលបដិសណ្ឋារកិច្ចនៅស្ថានទូតកម្ពុជាប្រចាំសហភាពសូវៀត ក្នុងដំណើរទស្សនៈកិច្ចនៃពិព័រណ៍ឧទ្ទិសដល់សមិទ្ធិផលវប្បធម៌ និងសេដ្ឋកិច្ចរបស់កម្ពុជានៅ​ ទីក្រុងម៉ូស្គូ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ១៩៦០។ រូបភាព៖ នាយកដ្ឋានប្រវត្តិសាស្ត្រ និងឯកសារនៃក្រសួងការបរទេសរុស្ស៊ី

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម