ព័ត៌មានជាតិ
ផលិតផលក្នុងស្រុកសំខាន់ៗមានចំណីអាហារ គ្រឿងទេស គ្រឿងសម្អាង កំពុងក្តាប់ចំណែកទីផ្សាររីកធំឡើង
របាយការណ៍ពីក្រសួងពាណិជ្ជកម្មបានបង្ហាញពីកំណើននៃការប្រើប្រាស់ផលិតផលក្នុងស្រុកដែលកំពុងមានសន្ទុះកើនឡើងយ៉ាងខ្លាំង ក្រោយពលរដ្ឋបានពហិការមិនប្រើប្រាស់ផលិតផលថៃ។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបង្ហាញពីផលិតផលទំនិញសំខាន់ៗដែលផលិតក្នុងស្រុក កំពុងមានសន្ទុះគាំទ្រពីពលរដ្ឋ។

ចូលរួមជាវាគ្មិននៅក្នុងវេទិកាគយ និង សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC) លោក ប៉ែន សុវិជាតិ បានយោងការកត់ត្រាទិន្នន័យពីក្រសួងពាណិជ្ជកម្ម ដែលបង្ហាញផលិតផលខ្មែរជាច្រើនមុខកំពុងដណ្ដើមបានចំណែកទីផ្សារក្នុងស្រុករីកធំឡើងដែលក្នុងនោះរួមមាន៖
-ចំណីអាហារដូចជាមី ក្ដោបក្ដាប់ទីផ្សារបានជាង ៨០%
-ប្រេងឆា ទទួលបានចំណែកទីផ្សារ ២១%
-ទឹកដោះគោស្រស់ ដណ្ដើមបានទីផ្សារប្រហែល ៣១%
-គ្រឿងទេស (ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងខ្យង) ចាប់ពី ៣០% ទៅ ៧០%
-សាប៊ូ និងគ្រឿងសម្អាងចាប់ពី ២៨% ទៅដល់ ៦២%
ក្នុងជំនួបពិភាក្សាដេញដោលដោយមានការចូលរួមពីវិស័យឯកជន ដែលធ្វើការពាក់ព័ន្ធសហគ្រាស SME មន្រ្តីក្រសួងពាណិជ្ជកម្មបានមើលឃើញ ចរន្តដែលពលរដ្ឋបន្តពហិការមិនប្រើប្រាស់ផលិតផលថៃ ជាឱកាសមាសសម្រាប់សហគ្រាសក្នុងស្រុក ត្រូវជំរុញការផលិតដើម្បីជំនួសផលិតផលនាំចូល ហើយក៏ត្រូវពង្រឹងលើគុណភាព ការវេចខ្ចប់ ដើម្បីបង្កើតទំនុកចិត្តដល់អ្នកប្រើប្រាស់។

ក្នុងឱកាសនោះ មន្រ្តីក្រសួងពាណិជ្ជកម្មក៏លើកទឹកចិត្តឲ្យសហគ្រាសក្នុងស្រុក ត្រូវចុះបញ្ជីអាជីវកម្មចូលក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិ ដើម្បីទទួលបានការគាំពារនិងអត្ថប្រយោជន៍ផ្សេងៗពីរដ្ឋាភិបាលដូចជាការសម្របសម្រួលរវាងភាគីរដ្ឋ និងឯកជន ព្រមទាំងទទួលបានការគាំទ្រផ្នែកបច្ចេកទេស និងការជ្រោមជ្រែងឲ្យមានភាពរីកចម្រើន។
ពាក់ព័ន្ធការជំរុញឲ្យសហគ្រាស SME ចុះអាជីវកម្មចូលក្នុងប្រព័ន្ធផ្លូវការ បើតាមសមាគមសហគ្រាសធុនតូចនិងមធ្យមបានឲ្យដឹងថា ក្នុងចំណោមសហគ្រាសប្រមាណ ៧០ ម៉ឺនមូលដ្ឋាន មានតែប្រមាណ ៤ ម៉ឺនសហគ្រាសដែលបានចុះក្នុងបញ្ជីក្នុងប្រព័ន្ធ។

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា បានលើកពីមូលហេតុការចុះបញ្ជីសហគ្រាសក្នុងប្រព័ន្ធនៅមានចំនួនតិច ដោយសារសហគ្រាសភាគច្រើនបារម្ភពីការចំណាយ ជាពិសេសការទទួលរងបន្ទុកពន្ធបន្ថែម។
បន្ថែមពីនេះ លោកក៏លើកឡើងពីកង្វះចំណេះដឹង គួបផ្សំភាពស្មុគស្មាញពីនីតិវិធីក្នុងការចុះបញ្ជី ដែលធ្វើឲ្យសហគ្រាសរារែកចិត្ត ឬមិនចង់បញ្ចូលអាជីវកម្មក្នុងប្រព័ន្ធរបស់រដ្ឋាភិបាល។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា អាជីវកម្មមិនអាចរស់នៅម្នាក់ឯងបានទេ ដូច្នេះការរួមរស់នៅក្រោមដំបូលសមាគមឬសហព័ន្ធ គឺជារឿងចាំបាច់ដើម្បីមានសំឡេង និងអំណាចក្នុងការចរចា ឬស្នើសុំការជួយជ្រោម ជ្រែងនានាពីរដ្ឋាភិបាល។
លោកថា ការចុះបញ្ជីចូលក្នុងប្រព័ន្ធ ជួយឱ្យរដ្ឋព្រមទាំងសមាគមឬសហព័ន្ធនានា ងាយស្រួលក្នុងការគ្រប់គ្រង និងជួយជ្រោមជ្រែងអាជីវកម្មឲ្យឈរជើងរឹងមាំនិងអភិវឌ្ឍរីកចម្រើនទៅមុខ។
រាជរដ្ឋាភិបាលតែងចាត់ទុកសហគ្រាស SMEs ជាអាទិភាពដ៏សំខាន់មួយ ក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។ រាជរដ្ឋាភិបាលកំពុងដាក់ចេញនូវគោលនយោបាយ និងវិធានការជាច្រើន ដើម្បីគាំទ្រ SMEs រួមមាន ការលើកទឹកចិត្តផ្នែកសារពើពន្ធ, ការកែលម្អបរិយាកាស ធុរកិច្ច, ការសម្រួលពាណិជ្ជកម្ម, ការពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទាន និងការធានាឥណទាន, ការលើកកម្ពស់ សហគ្រិនភាព, ការចាប់យកបច្ចេកវិទ្យាឌីជីថល, ការអភិវឌ្ឍជំនាញ និងការលើកកម្ពស់ស្តង់ដារផលិតផល។
ពីវេទិកាគយ និង សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានប្រកាសដាក់ចេញយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍដហគ្រាស SMEs តាមរយៈការសម្រួលការចុះបញ្ជី និងចាត់ថ្នាក់ SMEs តាមថ្នាលប្រព័ន្ធ CamDX ដើម្បីបង្កើនភាពងាយស្រួល និងប្រសិទ្ធភាពក្នុងការទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


