Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន

បានផុស

នៅ

ជារឿងដ៏កម្រ ដែលប្រមុខរដ្ឋាភិបាលទីក្រុងមូស្គូ វ្ល៉ាឌីមៀរ ពូទីន និយាយដោយចំហថា រុស្ស៊ីតែឯកឯង កំពុងប្រយុទ្ធ ជាមួយលោកខាងលិចទាំងមូល ក្នុងជម្លោះនៅអ៊ុយក្រែន។

(រូប៖ Reuters)

សារព័ត៌មាន RT បានដកស្រង់សម្តីលោកពូទីន ដែលថ្លែងក្នុងជំនួបជាមួយកងទ័ពរុស្ស៊ី នៅវិមានក្រឹមឡាំង កាលពីថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ ថា រុស្ស៊ីតែម្នាក់ឯងគត់ ត្រូវប្រឈមមុខ តទល់ជាមួយលោកខាងលិចទាំងមូល។ សមាជិកណាតូទាំងអស់ បានខិតខំធ្វើគ្រប់បែបយ៉ាង ដើម្បីរៀបចំផែនការ កម្ទេចរុស្ស៊ី ប៉ុន្តែទៅមិនរួច។ អឺរ៉ុប ក៏ធ្លាប់ព្រួតគ្នា ប្រឆាំងរុស្ស៊ីដែរ ទាំងសម័យ នៃការឈ្លានពានរបស់ណាប៉ូឡេអុង និងក្រោមការដឹកនាំរបស់ហ៊ីត្លែរ អំឡុងសង្រ្គាមលោកលើកទីពីរ។

ទោះបីជាយ៉ាងណាក៏ដោយ លោកអះអាងថា រុស្ស៊ី មិនមែនជាអ្នកបញ្ឆេះសង្គ្រាមនៅអ៊ុយក្រែនទេ ទាំងដែលនេះ បានក្លាយទៅជាសង្គ្រាមមួយ ដែលឈានដល់ការប្រើប្រាស់ បច្ចេកវិទ្យាទំនើបៗបាត់ទៅហើយ។

(រូប៖ Reuters)

សូមជម្រាបថា ពេញមួយសង្គ្រាមជាមួយរុស្ស៊ី បណ្តាប្រទេសលោកខាងលិច បានផ្ដល់ជំនួយទ្រង់ទ្រាយធំ ដើម្បីគាំទ្រអ៊ុយក្រែន ពិសេសគឺជំនួយយោធាតែម្តង។

លោកសេរី បានផ្តល់ប្រព័ន្ធការពារអាកាសទំនើបៗ ដូចជា Patriot, IRIS-T និង NASAMS ដើម្បីស្ទាក់ចាប់មីស៊ីល និងដ្រូនរបស់រុស្ស៊ី។ ប្រព័ន្ធរ៉ុកកែត HIMARS ដែលអាចវាយប្រហារចំគោលដៅឆ្ងាយៗ និងគ្រាប់កាំភ្លើងធំខ្នាត ១៥៥មិល្លីម៉ែត្រ រាប់លានគ្រាប់ ក៏ត្រូវបានផ្តល់ឲ្យទីក្រុងកៀវ ដែរ។

(រូប៖ Reuters)

បន្ថែមពីលើនេះ នៅមាន រថក្រោះប្រយុទ្ធធុនធ្ងន់ដូចជា Leopard 2, Challenger 2 និង M1 Abrams ព្រមទាំងយន្តហោះចម្បាំង F-16 ។

ក្រៅពីជួយសព្វាវុធ ប្រទេសសមាជិកអង្គការណាតូ ក៏បើកយុទ្ធនាការហ្វឹកហ្វឺនទាហានអ៊ុយក្រែន រាប់ម៉ឺននាក់ លើការប្រើប្រាស់អាវុធ និងយុទ្ធសាស្ត្រប្រយុទ្ធទំនើប ផងដែរ។

ទីភ្នាក់ងារសម្ងាត់លោកខាងលិច ថែមទាំងចែករំលែកព័ត៌មាន ពីចលនាទ័ពរុស្ស៊ី តាមពេលវេលាជាក់ស្ដែង ដែលជួយឲ្យអ៊ុយក្រែន អាចវាយឆ្មក់ និងការពារខ្លួនបានទាន់ពេលវេលា ផងដែរ។

មិនត្រឹមប៉ុណ្ណឹង លោកខាងលិច បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតលើទីក្រុងមូស្គូ ដូចជាការបង្កកទ្រព្យសម្បត្តិធនាគារកណ្ដាលរុស្ស៊ី កាត់ផ្ដាច់ប្រព័ន្ធហិរញ្ញវត្ថុ SWIFT និងការកម្រិតតម្លៃប្រេងរុស្ស៊ី ដើម្បីកាត់បន្ថយប្រភពចំណូល សម្រាប់យកទៅធ្វើសង្គ្រាម៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម