Connect with us

កីឡា

ស្មាត់​ឆ្វេងអាមេរិក Kevin Kobrine ឆ្លងកាត់ ៤ ប្រទេស មុន​ពេល​ចូល​រួម វិសាខា នៅ​កម្ពុជា

បានផុស

នៅ

កីឡាករ​បាល់ទះ​សញ្ជាតិ​អាមេរិក Kevin Kobrine បាន​ចូល​រួម​ជា​មួយក្លិប​បាល់ទះ វិសាខា ដើម្បី​ត្រៀម​ប្រជែង​ជើង​ឯក​លីគ​បាល់ទះ​កំពូល​កម្ពុជា ដែល​ហៅ​កាត់«តេជោលីគ» រដូវ​កាល​ទី​៣ នៅ​ជុំ​ទី​២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើ​កីឡាករ​រូប​នេះ​មាន​ប្រវត្តិ​យ៉ាង​ណា​​​មុន​ពេល​ចូល​រួម​ជា​មួយ វិសាខា? កីឡាករ​អាមេរិក​អាយុ ២៦ ឆ្នាំ កម្ពស់ ១.៩៦​ម៉ែត្រ​ រូប​នេះបាន​ចាប់​ផ្តើម​លេង​បាល់ទះ​ដំបូង​ឲ្យ ក្រុម​បាល់ទះ​វិទ្យាល័យ Corona del Mar ជា​កន្លែង​ធ្វើ​ឲ្យ​រូប​គេ​លេច​ធ្លោ​ខ្លាំង និង​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​ ២ របស់​ទស្សនាវដ្តី​ volleyballmag សម្រាប់​ជម្រើស​យុវជន​ក្នុង​ឆ្នាំ ២០១៨។ នៅ​ពេល​នោះ យុវជន​រូប​នេះ​បាន​ជួយ​ឲ្យ​ក្រុម​វិទ្យាល័យ​របស់​ខ្លួន​ឈ្នះ​ជើងឯក CIF Division 1 ពីរ​ឆ្នាំ​ជាប់​គ្នា​គឺ​ឆ្នាំ ២០១៧ និង ២០១៨។

បន្ទាប់​ពី​ចប់​ការ​សិក្សា​កម្រិត​វិទ្យាល័យ កីឡាករ Kevin Kobrine បាន​បន្ត​ចូល​រៀនសាកល​វិទ្យាល័យ University of California, Los Angeles (UCLA) ហើយ​រូប​គេ​ក៏​បាន​បន្ត​លេង​បាល់ទះ​ឲ្យក្រុម​​បាល់ទះ​សាកល​វិទ្យាល័យ​​នេះ​ដោយ​ហៅ​កាត់​ឈ្មោះ​ក្រុម​បាល់ទះ​ UCLA ចន្លោះ​ឆ្នាំ ២០១៩ ដល់ ២០២២។

នៅ​ពេល​រូប​គេ​បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត កីឡាករ​បាន​ផ្លាស់​ទៅ​ចូល​រួម​ជា​មួយ​ក្រុម​សាកល​វិទ្យាល័យ University of Southern California ដែល​ហៅ​កាត់​ឈ្មោះ​ក្រុម​បាល់ទះ USC ចន្លោះ​ឆ្នាំ ២០២២-២៣។ នៅ​ឆ្នាំ​ដដែល​នោះ​ រូប​គេ​ក៏​បាន​ចូល​រួម​លេង​ឲ្យ​ក្រុម Utah Stingers ផង​ដែរ។​

ចូល​រដូវ​កាល ២០២៣-២៤ ទើប​កីឡាករ Kevin Kobrine បាន​ចូល​រួម​ជា​មួយ​ក្លិប​បាល់ទះ​អាជីព​ពិត​ប្រាកដ​គឺ​​ក្លិប Sporting Lisbon នៅ​ប្រទេស​ព័រទុយហ្គាល់ ជា​កន្លែង​ដែល​រូប​គេ​បាន​ជួយ​ក្រុមឈ្នះ​ជើង​ឯក National Cup ១លើក​ និង​រង​ជើង​ឯក​លីគ​បាល់ទះ​កំពូល​ព័រទុយហ្គាល់ ១ លើក។

ក្រោយ​មក កីឡាករ​បាន​ចូល​រួម​ជា​​ក្លិប​ FT 1844 Freiburg របស់​ប្រទេស​អាល្លឺម៉ង់ ចន្លោះ​ឆ្នាំ​ ២០២៤-២០២៥ និងបន្ត​​ផ្លាស់​ទៅ​លេង​ឲ្យ​ក្លិប​នៅ​ប្រទេសបារាំង​គឺ  Alterna Stade Poitevin ឆ្នាំ ២០២៥-២០២៦ និង​ចុង​ក្រោយ​បំផុត​មក​ដល់​ប្រទេស​កម្ពុជា​ដោយ​ចូល​រួម​ជា​មួយ វិសាខា។

វត្តមាន​របស់​កីឡាករ​អាមេរិក​​ Kevin Kobrine ត្រូវ​បាន​គេ​ជឿ​ថា នឹង​ធ្វើ​ឲ្យ​ក្រុម​បាល់ទះ​ វិសាខា រឹត​តែ​ខ្លាំង​ដោយ​រូប​គេ​លេង​តួនាទី​ជា​ស្មាត់​ឆ្វេង​ដោយ​ចាប់​ដៃ​ជា​មួយ​កីឡាករ វឿន វាសនា នៅ​​ស្មាត់​ស្តាំ និង​កីឡាករ​ប្រេស៊ីល Michelucci Moralez ជា​អ្នក​ការពារ​កណ្តាល បន្ថែម​លើ​ស្មាត់ ពិន សារ៉ុន, គួន ម៉ុម និង​ ផល រតនៈ។

សូម​បញ្ជាក់​ថា ការ​ប្រកួត​តេជោលីគ ជុំ​ទី២ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ខាង​មុខ​នេះ​ដោយសប្តាហ៍​ទី​១ វិសាខា ប៉ះ ស្នងការ​ខេត្ត​ស្វាយរៀង វេលា​ម៉ោង ៦ ល្ងាច។ នៅ​ថ្ងៃទី២០ មិថុនា វិសាខា​ ប៉ះ ក្រុម​ក្រសួង​មហា​ផ្ទៃ វេលា​ម៉ោង ៤ រសៀល និង​ថ្ងៃ​ទី​២១ មិថុនា វិសាខា ប៉ះ ក្រុមបញ្ជាការដ្ឋាន​អង្គរក្ស វេលា​ម៉ោង ៦ ល្ងាច៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម