ព័ត៌មានជាតិ
កម្ពុជាគ្រោងលែងកូនក្ដាមសេះ៣លានក្បាលទៀតនៅតាមខេត្តជាប់មាត់សមុទ្រ ដើម្បីបង្កើនចំនួនក្ដាមស្របពេលតម្រូវការទីផ្សារកើនឡើង
អង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) តាមរយៈគម្រោង ការបន្ស៊ាំនិងភាពធន់នឹងអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យលើធនធានជលផលនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា (CamAdapt) មានគម្រោងលែងកូនក្ដាមសេះ៣លានក្បាលបន្ថែមទៀតចូលទៅក្នុងដែនសមុទ្រនៅតាមបណ្ដាខេត្តជាប់មាត់សមុទ្ររបស់កម្ពុជា នៅពេលគម្រោង (CamAdapt) ជិតបញ្ចប់។ នេះបើតាមការថ្លែងរបស់តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) លោកស្រី Rebekah Bell កាលពីថ្ងៃទី១៥ ខែមិថុនា ក្នុងពិធីលែងកូនក្ដាមសេះចំនួន៨៥ម៉ឺនក្បាលចូលសហគមន៍ចំនួន៥នៅខេត្តកំពត។

លោកស្រី Rebekah Bell គូសបញ្ជាក់ថា៖«នៅពេលគម្រោងជិតបញ្ចប់នឹងមានការលែងកូនក្តាមសេះចំនួន៣,០០០,០០០ក្បាល បន្ថែមទៀតនៅតាមបណ្តាខេត្តទាំងបួនរបស់គម្រោងរួមមាន ខេត្តកែប កំពត កោះកុង និងព្រះសីហនុ។ នេះគឺជាការរួមចំណែកជួយជំរុញវិស័យជលផលឱ្យកាន់តែមានភាពប្រសើរ ក៏ដូចជាលើកកម្ពស់ជីវភាព និងបង្កើនភាពធន់ ដល់សហគមន៍តំបន់ឆ្នេរ។ »។

ក្ដាមសេះ គឺជាធនធានជលផលសមុទ្រដ៏មានតម្លៃសម្រាប់កម្ពុជា និងជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាសហគមន៍នៅតាមតំបន់ឆ្នេរ។ តាមការស្រាវជ្រាវ ក្ដាមសេះញីមួយក្បាលអាចបង្កកំណើតពងបានរហូតដល់ជាង២លានក្បាល ដែលនេះវាសបញ្ជាក់អំពីសារៈសំខាន់នៃការរួមចំណែកការពារ និងស្ដារឡើងវិញនូវចំនួនក្ដាមសម្រាប់ទៅពេលអនាគត។

ការលែងកូនក្ដាម គឺស្ថិតក្រោមគម្រោងការបន្ស៊ាំនិងភាពធន់នឹងអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យលើធនធានជលផលនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា (CamAdapt)។ គម្រោង CamAdapt ទទួលបានជំនួយហិរញ្ញប្បទានពីមូលនិធិបរិស្ថានសកល អង្គការ FAO បានបំពេញការងារយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ដៃគូផ្សេងៗ ក៏ដូចជាសហគមន៍នេសាទនានាក្នុងគោលដៅលើកកម្ពស់ភាពធន់នឹងការប្រែប្រួលអាកាសធាតុសម្រាប់ប្រជាជន ប្រមាណ១០០,០០០នាក់ ព្រមទាំងជួយរួមចំណែកគាំទ្រដល់ការការពារប្រព័ន្ធអេកូឡូស៊ីលើផ្ទៃដីប្រមាណ ៨២,០០០ហិកតាសម្រាប់ខេត្តនៅជាប់តំបន់ឆ្នេរ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់ទុកការលែងកូនក្តាមចូលក្នុងសមុទ្រ ជាព្រឹត្តិការណ៍ដែលមានសារៈសំខាន់ ស្តែងចេញពីការរួមគិត រួមធ្វើ រវាងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ គឺអង្គការ FAO តាមរយៈគម្រោង ការបន្ស៊ាំនិងភាពធន់នឹងអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យលើធនធានជលផលនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា (CamAdapt) មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ (MARDec) និងសហគមន៍មូលដ្ឋាន ដែលមានបំណងគាំទ្រដល់ការស្តារឡើងវិញនូវធនធានក្តាមសេះនៅក្នុងធម្មជាតិ ស្របពេលតម្រូវការទីផ្សារកើនឡើង និងដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍នេសាទតំបន់ឆ្នេរ ឱ្យកាន់តែមានភាពធន់ ស្ថិរភាព និងនិរន្តរភាពសេដ្ឋកិច្ចគ្រួសារ៕
ដោយ៖ ង៉ិល ណារ៉ាត់


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


