Connect with us

ព័ត៌មានជាតិ

ពីរថ្ងៃមកហើយ មន្ត្រីជំនាញបន្តបិទឃ្លុំឃ្លាំងដ៏ធំពីរកន្លែងក្នុងខណ្ឌឬស្សីកែវដើម្បីត្រួតពិនិត្យលើទំនិញដែលសង្ស័យនាំចូលពីប្រទេសថៃ

បានផុស

នៅ

ឃ្លាំងស្តុកទំនិញធំៗចំនួន ២ទីតាំង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៥៩៨ ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ដែលត្រូវបានសមត្ថកិច្ចជំនាញសង្ស័យថា មានសកម្មភាពនាំចូល និងចែកចាយទំនិញមកពីប្រទេសថៃ ត្រូវបានមន្ត្រីជំនាញពាក់ព័ន្ធបន្តបិទឃ្លុំ និងចុះត្រួតពិនិត្យរយៈពេល ២ថ្ងៃជាប់គ្នា ខណៈការស្រាវជ្រាវ និងផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធនៅមិនទាន់បញ្ចប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះបានចាប់ផ្តើមកាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលនីតិវិធីដោយលោកស្រីព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីជំនាញនៃស្ថាប័នពាក់ព័ន្ធជាច្រើន ក្នុងនោះរួមមាន មន្ត្រីគយ និងរដ្ឋាករ មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ព្រមទាំងកម្លាំងសមត្ថកិច្ចជំនាញផ្សេងៗទៀត។

បើតាមព័ត៌មានពីអាជ្ញាធរ គិតត្រឹមល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រុមមន្ត្រីជំនាញនៅតែបន្តការត្រួតពិនិត្យយ៉ាងម៉ត់ចត់លើទំនិញ និងឯកសារពាក់ព័ន្ធនៅក្នុងឃ្លាំងទាំងពីរខាងលើ ដើម្បីស្វែងរកការពិតជុំវិញប្រភពទំនិញ ការនាំចូល ការផ្ទុក និងការចែកចាយថាតើបានអនុវត្តស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានដែរឬទេ។

ប្រភពដដែលបានឱ្យដឹងថា ដោយសារទំហំឃ្លាំងមានលក្ខណៈធំ និងមានទំនិញជាច្រើនប្រភេទ ដែលត្រូវការពេលវេលាក្នុងការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារ មន្ត្រីជំនាញមិនទាន់អាចបញ្ចប់ការងារនៅឡើយទេ។ ដូច្នេះ នៅល្ងាចថ្ងៃទី១៦ ខែមិថុនានេះ សមត្ថកិច្ចបានសម្រេចបិទឃ្លុំឃ្លាំងទាំងពីរជាបណ្ដោះអាសន្នម្តងទៀត ដើម្បីរក្សាស្ថានភាពដើម និងបន្តនីតិវិធីត្រួតពិនិត្យនៅថ្ងៃបន្ទាប់។

យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ មន្ត្រីជំនាញនៅមិនទាន់បានបង្ហាញលទ្ធផលផ្លូវការនៃការត្រួតពិនិត្យ ឬបញ្ជាក់ពីប្រភេទទំនិញដែលរកឃើញនៅក្នុងឃ្លាំងទាំងពីរនោះនៅឡើយទេ៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម