Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ផ្តាំទៅ​ ណេតាន់យ៉ាហ៊ូ ឲ្យប្រើ «ចិត្តទន់ភ្លន់ជាងមុន» នៅ លីបង់

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី១៧ ខែមិថុនា បាន​ផ្តែផ្តាំ​ទៅ​​ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ថា គួរតែប្រើប្រាស់ «មាន​​ជំហរ​ទន់ភ្លន់ជាងមុន» នៅក្នុងការប្រយុទ្ធប្រឆាំង​នឹងក្រុមខ្មាន់កាំភ្លើងហេសបូឡានៅលីបង់ ដែលនេះជាការស្តីបន្ទោសជាសាធារណៈចុងក្រោយបង្អស់របស់ប្រធានាធិបតីអាមេរិករូបនេះ ទៅកាន់ដៃគូរបស់ខ្លួននៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់។

.រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចេញផ្សាយ​របស់​ទី​​ភ្នាក់ងារ​​​ព័ត៌មាន​ Reuters ប្រធានាធិបតី ត្រាំ បានប្រាប់ក្រុមអ្នកយកព័ត៌មាន​កាលពីថ្ងៃពុធ នៅពេលបិទបញ្ចប់កិច្ចប្រជុំកំពូល G7 នៅក្នុងប្រទេសបារាំងថា «និយាយឲ្យយុត្តិធម៌ចំពោះ លោក ណេតាន់យ៉ាហ៊ូ តាមពិតគាត់គឺជាមនុស្សល្អម្នាក់ដែរ គ្រាន់តែជួនកាល គាត់ហាក់ដូចជាមានអារម្មណ៍ជ្រួលជ្រើមខ្លាំងបន្តិចប៉ុណ្ណោះ»។

លោក ត្រាំ បានថ្លែងដោយហៅហៅ​ «Babi» ដែល​ជាឈ្មោះ​ក្រៅរបស់លោក ណេតាន់យ៉ាហ៊ូ ថា «យើងមានជម្លោះបន្តិចបន្តួចជុំវិញបញ្ហាប្រទេសលីបង់។ ខ្ញុំនិយាយថា អ្នកអាចប្រើប្រាស់ចិត្ត​ទន់ភ្លន់ជាងមុនបន្តិចបាន ប៊ីប៊ី (Bibi)។ អ្នកមិនចាំបាច់វាយកម្ទេចអាគារចោលរាល់ពេលដែលមាននរណាម្នាក់មកពីក្រុមហេសបូឡាដើរចូលទៅក្នុងនោះឡើយ»។

លោក ត្រាំ បានបន្ថែមទៀតថា លោកយល់ស្របចំពោះការពណ៌នាដែលថា អ៊ីស្រាអែលគឺជា ដៃគូដ៏តូចមួយរបស់អាមេរិក ប៉ុន្តែលោកក៏បានថ្លែងអំណរគុណដល់ ណេតាន់យ៉ាហ៊ូ ចំពោះតួនាទីរបស់លោកនៅក្នុងជម្លោះប្រឆាំងនឹងអ៊ីរ៉ង់ ដែលជាសត្រូវសួរពូជរបស់អ៊ីស្រាអែល។

ទន្ទឹមនឹងនេះ លោក ត្រាំ ក៏បានសង្កត់ធ្ងន់ផងដែរថា រូបលោកបានផ្ញើសេចក្តីចម្លងនៃ «អនុស្សរណៈនៃការយោគយល់គ្នា» (MoU) ដែលអាមេរិកបានសម្រេចព្រមព្រៀងជាមួយអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ ទៅឲ្យលោក ណេតាន់យ៉ាហ៊ូ រួចរាល់ហើយ ដើម្បីជាការឆ្លើយតបបដិសេធទៅនឹងរបាយការណ៍ព័ត៌មាននានាដែលបានចុះផ្សាយថា រដ្ឋបាលរបស់លោកបានច្រានចោលសំណើរបស់អ៊ីស្រាអែល។ កិច្ចព្រមព្រៀង MoU នេះ នឹងបើកផ្លូវសម្រាប់ការចរចាសន្តិភាពទូលំទូលាយរវាងអាមេរិក និងអ៊ីរ៉ង់ ដែលនឹងត្រូវចាប់ផ្តើមឡើងនៅក្នុងប្រទេសស្វីស នាថ្ងៃសុក្រខាងមុខនេះ។

ទោះជាយ៉ាងណាក៏ដោយ លោក ណេតាន់យ៉ាហ៊ូ បានជម្រុញជំហរដាច់ខាត ថា អ៊ីស្រាអែលមិនជាប់កាតព្វកិច្ចដោយសារកិច្ចព្រមព្រៀងណាមួយរវាងអាមេរិក និងអ៊ីរ៉ង់ នៅក្នុងការប្រយុទ្ធរបស់ខ្លួនប្រឆាំងនឹងក្រុមហេសបូឡានោះទេ បើទោះបីជាសកម្មភាពអរិភាពនៅក្នុងប្រទេសលីបង់ បានថយចុះកម្តៅខ្លះក៏ដោយ ចាប់តាំងពីលោក ត្រាំ បានរិះគន់លោកយ៉ាងធ្ងន់ធ្ងរកាលពីដើមសប្តាហ៍នេះមក។

នាពេលកន្លងមក លោក ណេតាន់យ៉ាហ៊ូ និង ត្រាំ បានប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងជាបន្តបន្ទាប់ ជុំវិញការបដិសេធរបស់អ៊ីស្រាអែលក្នុងការកម្រិតព្រំដែននៃប្រតិបត្តិការដេញតាមកម្ទេចក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់នៅលីបង់ ដែលការបញ្ឈប់អរិភាពនៅទីនោះ គឺជាទាមទារដ៏ចម្បងរបស់ភាគីអ៊ីរ៉ង់ ស្ថិតក្រោមហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តោះអាសន្នមានកម្រិតមួយជាមួយអាមេរិក៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

ប្រជាជន និងអ្នកនយោបាយអ៊ីស្រាអែល មិនពេញចិត្ត​​កាន់តែខ្លាំង​ ព្រោះ​តែ​ការ​​ចាញ់ប្រៀបក្នុង​កិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម