អត្ថាធិប្បាយ
បទវិភាគ៖ «ជំងឺធ្វើលើស»
នៅក្នុងសង្គមបច្ចុប្បន្ន មានរឿងរ៉ាវជាច្រើនដែលប្រជាពលរដ្ឋមិនត្រឹមតែរងគ្រោះពីបទល្មើស ឬការបំពានច្បាប់ទូទៅប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងរងគ្រោះយ៉ាងធ្ងន់ធ្ងរពីការអនុវត្តច្បាប់ដោយបំពានពីសំណាក់មន្ត្រីអនុវត្តច្បាប់ឱកាសនិយមមួយចំនួនទៀតផង។ មន្ត្រីប្រភេទនេះ មិនមែនជាអ្នកអនុវត្តច្បាប់ ប្រកបដោយសុចរិតភាពឡើយ ប៉ុន្តែ ពួកគេបានប្រើច្បាប់ជាឧបករណ៍រកស៊ី ប្រើបទបញ្ជាជាខែលការពារខ្លួន និងប្រើឈ្មោះថ្នាក់លើជាមធ្យោបាយគំរាមកំហែងប្រជាពលរដ្ឋ។ នេះហើយជារោគសញ្ញានៃ«ជំងឺធ្វើលើស» ដែលជាជំងឺដ៏គ្រោះថ្នាក់បំផុតមួយក្នុងប្រព័ន្ធអភិបាលកិច្ចរដ្ឋ ព្រោះវាធ្វើឱ្យបទបញ្ជាល្អ ក្លាយជាអំពើអាក្រក់ ធ្វើឱ្យច្បាប់ដែលគួរតែជាខែលការពារពលរដ្ឋ ក្លាយជាឧបករណ៍បង្កការភ័យខ្លាច និងធ្វើឱ្យអំណាចរដ្ឋដែលគួរតែបម្រើប្រយោជន៍សាធារណ: ត្រូវបានប្រែក្លាយទៅជាអំណាចបម្រើផលប្រយោជន៍បុគ្គលយ៉ាងអនាធិបតេយ្យ។

មន្ត្រីដែលបង្កើត«ជំងឺធ្វើលើស»នេះ តែងតែបដិសេធមិនស្វែងយល់ ឬមិនចង់យល់អំពីខ្លឹមសារ ស្មារតី និងព្រំដែននៃច្បាប់។ ពួកគេមិនបានយកច្បាប់ និងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ថ្នាក់ដឹកនាំមកធ្វើជាមូលដ្ឋានគ្រឹះសម្រាប់រក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព និងការពារប្រយោជន៍ប្រជាពលរដ្ឋឡើយ។ ផ្ទុយទៅវិញ ពួកគេបែរជាឆ្លៀតឱកាសយកច្បាប់ និងបទបញ្ជាទាំងនោះ មកធ្វើជាអាវុធបិទបាំងកំហុស និងធ្វើជាច្រកសម្រាប់ស្វែងរកលុយកាក់ផ្ទាល់ខ្លួនក្រៅផ្លូវការ។ អ្វីដែលថ្នាក់លើចង់ឱ្យអនុវត្តក្នុងគោលបំណងការពារសង្គម ត្រូវបានមន្ត្រីឱកាសនិយមទាំងនេះ បំប្លែងទៅជាការគំរាមកំហែង និងបាតុភាពអសកម្មក្នុងសង្គម។ ជំនួសឱ្យការអនុវត្តច្បាប់ប្រកបដោយតម្លាភាព ពួកគេបែរជាយកអំណាចរដ្ឋមកធ្វើជាទំនិញជួញដូរ ដើម្បីចិញ្ចឹមមហិច្ឆតាលោភលន់ និងផលប្រយោជន៍ផ្ទាល់ខ្លួន។
មេរៀនប្រវត្តិសាស្ត្រដ៏ជូរចត់ និងសោកសង្រេងបំផុតនៃ«ជំងឺធ្វើលើស»នេះ បានស្តែងឡើងយ៉ាងច្បាស់លាស់ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ដែលក្នុងនោះ ប្រជាពលរដ្ឋខ្មែរជិត២លាននាក់ ឬតាមការវាយតម្លៃខ្លះថា ជិត៣លាននាក់ បានបាត់បង់ជីវិតក្នុងសោកនាដកម្មជាតិដ៏រន្ធត់បំផុត។ សោកនាដកម្មនៃការបាត់បង់ជីវិតមនុស្សដ៏មហាសាលនេះ មិនមែនកើតឡើងត្រឹមតែដោយសារផែនការរួមរបស់ថ្នាក់លើទាំងស្រុងនោះទេ ប៉ុន្តែ ភាគច្រើនក៏កើតចេញពីចរិត«ធ្វើលើសបទបញ្ជា» របស់កម្មាភិបាលថ្នាក់ក្រោមមួយចំនួន ដែលជាប្រភេទមនុស្ស«បញ្ជាមួយ ធ្វើមួយរយ»។ ពួកគេប្រើភាពឃោរឃៅ ដើម្បីបង្ហាញភាពស្មោះត្រង់ក្លែងក្លាយ ប្រើការចោទប្រកាន់ដើម្បីបិទបាំងភាពអវិជ្ជា ប្រើការសម្លាប់ដើម្បីបង្ហាញសមត្ថភាព និងប្រើឈ្មោះបដិវត្តន៍ដើម្បីការពារអំណាចផ្ទាល់ខ្លួន ដោយរុញច្រានពលរដ្ឋស្លូតត្រង់ជាច្រើនចូលទៅក្នុងបញ្ជីខ្មាំង ត្រឹមតែដើម្បីបង្ហាញថាខ្លួនម៉ឺងម៉ាត់ និងស្មោះត្រង់ជាងគេ។

មេរៀនប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនោះ ជាសារព្រមានដ៏ធំបំផុតសម្រាប់សង្គមខ្មែរបច្ចុប្បន្ន។ នៅពេលមន្ត្រីថ្នាក់ក្រោមយកបទបញ្ជារបស់ថ្នាក់ដឹកនាំទៅបកស្រាយលើស ពង្រីកលើស និងអនុវត្តលើស ដោយគ្មានចំណេះដឹង គ្មានមនសិការ គ្មាននីតិវិធី គ្មានតម្លាភាព និងគ្មានគណនេយ្យភាព នោះបទបញ្ជាដែលមានបំណងល្អ អាចក្លាយជាអាវុធដ៏គ្រោះថ្នាក់បំផុតដែលយារយីលើជីវភាពរស់នៅរបស់ប្រជាជនភ្លាមៗ។ នៅក្នុងបរិបទបច្ចុប្បន្ន នៅពេលថ្នាក់លើចេញបទបញ្ជាឱ្យទប់ស្កាត់ បង្ក្រាប ឬរៀបចំសណ្តាប់ធ្នាប់លើបញ្ហាសង្គមណាមួយ គោលបំណងដើម គឺដើម្បីពង្រឹងនីតិរដ្ឋ និងការពារប្រយោជន៍សាធារណៈ។ ប៉ុន្តែសម្រាប់សមត្ថកិច្ចដែលកើត«ជំងឺធ្វើលើស»ពួកគេមិនអនុវត្តតាមខ្លឹមសារពិតប្រាកដនៃច្បាប់ឡើយ ផ្ទុយទៅវិញ ពួកគេច្រើនតែបក ស្រាយដោយបំផ្លើស បំពាន និងបង្កើតលក្ខខណ្ឌវិនិច្ឆ័យក្លែងក្លាយ ដើម្បីជម្រិតទារប្រាក់ ឬផលប្រយោជន៍ផ្សេងៗ ដោយធ្វើឱ្យរឿងតូចក្លាយជារឿងធំ និងធ្វើឱ្យកំហុសរដ្ឋបាលសាមញ្ញ ក្លាយជាបទល្មើសធ្ងន់ធ្ងរទាំងបំពាន។
ការណ៍នេះ ជាវិបត្តិរដ្ឋបាលដ៏ធ្ងន់ធ្ងរ ព្រោះវាបំផ្លាញទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះប្រព័ន្ធច្បាប់ ចំពោះស្ថាប័នរដ្ឋ និងចំពោះថ្នាក់ដឹកនាំជាតិ។ មន្ត្រីឱកាសនិយមទាំងនេះ មិនមែនចង់ពង្រឹងនីតិរដ្ឋ ឬចង់ឱ្យបទល្មើសបាត់បង់នោះទេ ព្រោះបើបទល្មើសត្រូវបានលុបបំបាត់អស់ ឱកាសកិបកេងរបស់ពួកគេក៏ត្រូវរលាយបាត់បង់ទៅតាមនោះដែរ។ ពួកគេក៏មិនចង់ឱ្យប្រជាពលរដ្ឋយល់ដឹងពីច្បាប់ឱ្យបានច្បាស់លាស់ឡើយ ព្រោះបើពលរដ្ឋមានចំណេះដឹងផ្នែកច្បាប់ ពួកគេលែងអាចបំភ័យ បំភាន់ ឬជម្រិតបានងាយស្រួលទៀតហើយ។ នៅពេលពលរដ្ឋមើលឃើញថា បទបញ្ជាដែលមានគោលបំណងល្អរបស់រាជរដ្ឋាភិបាល ត្រូវបានមន្ត្រីថ្នាក់ក្រោមយកទៅប្រើប្រាស់ខុសទិសដៅ ដើម្បីគំរាមកំហែង និងជម្រិតទារប្រាក់ នោះពួកគេនឹងបាត់បង់ជំនឿចិត្តលើប្រព័ន្ធយុត្តិធម៌សង្គម ដោយសារច្បាប់ដែលគួរតែជាខែលការពារ បែរជាត្រូវបានប្រែក្លាយទៅជាដំបងសម្រាប់វាយប្រហារពលរដ្ឋឯង។

សង្គមដែលមាននីតិរដ្ឋពិតប្រាកដ មិនមែនជាសង្គមដែលមន្ត្រីអាចធ្វើអ្វីបានតាមអំពើចិត្តក្រោមស្លាកច្បាប់ ឬបទបញ្ជានោះទេ ប៉ុន្តែ ជាសង្គមដែលសូម្បីតែអ្នកអនុវត្តច្បាប់ ក៏ត្រូវស្ថិតនៅក្រោមច្បាប់ដូចគ្នាដែរ។ ហេតុនេះ ការប្រយុទ្ធប្រឆាំងនឹង«ជំងឺធ្វើលើស»មិនមែនជាការប្រឆាំងនឹងការអនុវត្តច្បាប់ទេ ប៉ុន្តែ ជាការការពារច្បាប់ ការពារស្ថាប័នរដ្ឋ ការពារកិត្តិយសរបស់ថ្នាក់ដឹកនាំ និងការពារប្រជាពលរដ្ឋស្លូតត្រង់។ មន្ត្រីដែលអនុវត្តច្បាប់ដោយសុចរិត ត្រូវតែទទួលបានការលើកទឹកចិត្ត និងការគាំទ្រ ប៉ុន្តែមន្ត្រីដែលយកច្បាប់ទៅជួញដូរ យកបទបញ្ជាទៅបំភ័យ និងយកអំណាចរដ្ឋទៅជម្រិតប្រជាពលរដ្ឋ ត្រូវតែទទួលខុសត្រូវ និងរងការដាក់ទណ្ឌកម្មយ៉ាងម៉ឺងម៉ាត់បំផុត។ ប្រវត្តិសាស្ត្រខ្មែរក្រហមបានបង្រៀនយើងរួចមកហើយថា ពេលណាអំណាចធ្លាក់ក្នុងដៃមនុស្សអវិជ្ជា ឱកាសនិយម និងចូលចិត្តធ្វើលើសបទបញ្ជា នោះប្រជាជនជាអ្នករងទុក្ខវេទនា ហើយជាតិទាំងមូលជាអ្នកបង់ថ្លៃយ៉ាងជូរចត់ជាទីបំផុត៕
ដោយ៖ បណ្ឌិត គិន ភា សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


