ព័ត៌មានអន្ដរជាតិ
ថៃ រកឃើញថា អ្នកនយោបាយ និងតារាល្បីៗ ជាប់ពាក់ព័ន្ធករណី Scam ឆបោកប្រាក់វាល់លាន
ករណី Scam ដែលឆបោកប្រាក់វាល់លាន កំពុងផ្ទុះខ្លាំងនៅក្នុងប្រទេសថៃ ខណៈឥឡូវ មានការទម្លាយថា ករណីនេះក៏ជាប់ពាក់ព័ន្ធ នឹងអ្នកនយោបាយ ព្រមទាំងតារាល្បីៗ ក្នុងវិស័យសិល្បៈផងដែរ ហើយឈ្មោះរបស់ពួកគេ នឹងទម្លាយក្នុងពេលឆាប់ៗ។

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ មនុស្សជាច្រើន មានជាប់ពាក់ព័ន្ធ បណ្តាញបោកប្រាស់មួយដែលគេសង្ស័យថា បានកៀរគរការវិនិយោគ និងធ្វើការជួញដូររូបិយប័ណ្ណបរទេស (Forex) ដោយគ្មានការអនុញ្ញាត។
ជុំវិញរឿងនេះ នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) បានបើកប្រតិបត្តិការបង្ក្រាបរួចហើយ ឈានដល់ការវាយឆ្មក់ និងរឹបអូសទ្រព្យសម្បត្តិវាល់លានដុល្លារ ហើយក៏ប្រកាសដែរថា ឈ្មោះអ្នកជាប់ពាក់ព័ន្ធក្នុងករណីនេះ នឹងត្រូវទម្លាយជាសាធារណៈ ក្នុងពេលឆាប់ៗខាងមុខ។

ដ្បិតថា មិនទាន់បញ្ចេញជាផ្លូវការក៏ដោយ ប៉ុន្តែបុគ្គលដែលគេដាក់ការសង្ស័យខ្លាំងបំផុត គឺតំណាងរាស្ត្រ មកពីគណបក្សប្រជាជនថៃ Pawoot Pongvitayapanu ទោះលោក ចេញមុខបដិសេធ ក៏ដោយ។
ទន្ទឹមនោះ ការស៊ើបអង្កេត ក៏ធ្វើឡើងលើតារាសម្តែងប្រុសដ៏ល្បីឈ្មោះម្នាក់ ផងដែរ ប៉ុន្តែសេចក្តីរាយការណ៍ព័ត៌មានក្នុងស្រុក ត្រឹមបង្ហើបឈ្មោះគាត់ថា ផ្តើមដោយអក្សរ «F» ប៉ុណ្ណោះ។
អ្វីដែលគួរឲ្យកត់សម្គាល់ គឺថា លំនៅដ្ឋានរបស់គាត់ ក៏ស្ថិតក្នុងចំណោមទីតាំង ដែលត្រូវបានឆែកឆេរដោយអាជ្ញាធរផងដែរ។

កាលពីថ្ងៃពុធ, DSI, នគរបាលបង្ក្រាបបទល្មើសបច្ចេកវិទ្យា និងធនាគារកណ្តាលថៃ បានបើកប្រតិបត្តិការ បង្ក្រាបនិងកម្ទេច ក្រុម Scammer ព្រមទាំងបណ្តាញជួញដូររូបិយប័ណ្ណបរទេស (Forex) និងការវិនិយោគខុសច្បាប់ ដោយគ្មានអាជ្ញាប័ណ្ណ នៅទីតាំងសរុប ២៤កន្លែងក្នុងរាជធានីបាងកក ក៏ដូចជាខេត្ត Nonthaburi, Pathum Thani, Samut Prakan និង Samut Sakhon។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចរកឃើញថា បណ្តាញទាំងនេះ បានបោកបញ្ឆោតវិនិយោគិនជាសាធារណៈ រាប់រយនាក់ តាមរយៈគេហទំព័រ និងកម្មវិធីទូរស័ព្ទដៃក្លែងបន្លំ ដោយសន្យាថា នឹងផ្តល់ផលចំណេញខ្ពស់។
ក្នុងការបង្ក្រាបទ្រង់ទ្រាយធំនេះដែរ សមត្ថកិច្ច បានរឹបអូសថវិកាសុទ្ធជាង ៦៥ លានបាត, រថយន្តទំនើបៗ ចំនួន ៥ គ្រឿង, មាសដុំ និងប្រាក់ដុំ, កាបូបប្រេនៗ, គ្រឿងអលង្ការ និងអាវុធជាច្រើនដើម។ លើសពីនេះ គណនីធនាគារជាង ៧០ ត្រូវបានបង្កក ហើយឧបករណ៍រក្សាទុកគ្រីបតូ កុំព្យូទ័រ និងម៉ាស៊ីនមេ ត្រូវបានដកហូត៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


