Connect with us

ព័ត៌មានអន្ដរជាតិ

ហេតុផល ៣យ៉ាង ដែលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មិនងាយចប់ ដូចសង្គ្រាមអាមេរិក-អ៊ីរ៉ង់

បានផុស

នៅ

ស្របពេលសង្គ្រាមអាមេរិក-អ៊ីរ៉ង់ កាន់តែខិតជិតដល់ទីបញ្ចប់មែនទែនហើយនោះ ក្រោយការច្បាំងគ្នាដ៏ក្តៅគគុក ជាង៤ខែ មានការចោទជាសំណួរថា តើភ្លើងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន នឹងទៅជាយ៉ាងណាវិញ ឬអាចមានសង្ឃឹម នឹងរលត់ក្នុងពេលឆាប់ៗនេះ ដែរឬអត់?

(រូប៖ Reuters)

ភាពខុសគ្នានៃសង្គ្រាមទាំងពីរគឺថា សង្គ្រាមនៅមជ្ឈិមបូព៌ា គឺអាមេរិក ផ្តោតលើការទប់ស្កាត់ឥទ្ធិពលរបស់អ៊ីរ៉ង់នៅក្នុងតំបន់ ការការពារផ្លូវសមុទ្រដឹកជញ្ជូនប្រេង និងរារាំងមិនឲ្យទីក្រុងតេហេរ៉ង់ ផលិតអាវុធនុយក្លេអ៊ែរបានឡើយ។

ចំណែក សង្គ្រាមនៅអឺរ៉ុបខាងកើត គឺផ្តោតលើការគ្រប់គ្រងទឹកដី។ រុស្ស៊ី ចង់ទប់ស្កាត់ការរីកសាយភាយឥទ្ធិពលរបស់អង្គការណាតូ និងចង់គ្រប់គ្រង ឬកាត់ផ្តាច់ទឹកដីអ៊ុយក្រែន មកធ្វើជាចំណុះ ឬជារបងការពារខ្លួន។

(រូប៖ Reuters)

ដូច្នេះហើយ អ្នកវិភាគមើលឃើញថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នឹងមិនងាយចប់ ដូចសង្គ្រាមអាមេរិក-អ៊ីរ៉ង់ឡើយ។

ជុំវិញរឿងនេះ វិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានលើកឡើងហេតុផលចំនួន ៣យ៉ាង ដែលធ្វើឲ្យភ្លើងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន មិនងាយរលត់។

១. ជំហរមិនចុះសម្រុងគ្នាលើបញ្ហាទឹកដី

វិមានក្រឹមឡាំង នៅតែបន្តច្បាំង ដើម្បីសម្រេចឲ្យបាន នូវគោលដៅរបស់ខ្លួន និងច្រានចោលសំណើចរចាសន្តិភាពជាញឹកញាប់។ គិតត្រឹមបច្ចុប្បន្ន រុស្ស៊ីកំពុងកាន់កាប់ទឹកដីអ៊ុយក្រែន ប្រមាណ ២០%។

ទោះបីជាប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី តែងបង្ហាញឆន្ទៈ ចង់ជួបចរចាផ្ទាល់ក៏ពិតមែន ប៉ុន្តែលក្ខខណ្ឌស្នូលរបស់ទីក្រុងកៀវ និងមហាសន្និបាតអង្គការសហប្រជាជាតិ គឺ រុស្ស៊ីត្រូវតែដកទ័ពទាំងអស់ ចេញពីទឹកដីអ៊ុយក្រែន ដោយគ្មានលក្ខខណ្ឌ។

២. ស្ថានភាពនៅលើសមរភូមិជាក់ស្តែង

ការវាយលុករបស់រុស្ស៊ី បានធ្លាក់ចុះយ៉ាងខ្លាំង បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ដោយសារតែប្រព័ន្ធការពារ និងការវាយបកវិញរបស់អ៊ុយក្រែន។ អ៊ុយក្រែន បានបង្កើនការវាយប្រហារដោយដ្រូន រយៈចម្ងាយឆ្ងាយ ទៅលើរោងចក្រចម្រាញ់ប្រេង និងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងទីក្រុងមូស្គូ ដែលបណ្តាលឲ្យរុស្ស៊ី ជួបវិបត្តិខ្វះខាតប្រេងឥន្ធនៈក្នុងស្រុក។

៣. ជំនួយពីអន្តរជាតិនៅតែបន្តជះចូល

ក្រុមប្រទេស​ G7 និងក្រុមប្រឹក្សាអឺរ៉ុប នៅតែបន្តប្តេជ្ញាផ្តល់ជំនួយយោធា ប្រព័ន្ធការពារអាកាស និងកម្ចីហិរញ្ញវត្ថុរាប់ពាន់លានអឺរ៉ូ ដល់អ៊ុយក្រែនជាបន្តបន្ទាប់។ ការណ៍នេះ ធ្វើឲ្យអ៊ុយក្រែន មានសមត្ថភាពអាចបន្តឈរជើងប្រយុទ្ធ ការពារខ្លួនបានយូរអង្វែងទៀត។

ជាចុងក្រោយ បើតាមការវាយតម្លៃពីអ្នកជំនាញអន្តរជាតិ, ឱកាសនៃការឈានទៅរក សន្តិភាពក្នុងពេលឆាប់ៗខាងមុខនេះ គឺមានកម្រិតទាបខ្លាំងណាស់។ ដូច្នេះ សង្គ្រាមនេះ ត្រូវគេមើលឃើញថា នឹងបន្តអូសបន្លាយទៅមុខទៀត យ៉ាងរ៉ាំរ៉ៃ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម