Connect with us

ព័ត៌មានជាតិ

ខេត្តព្រះសីហនុ ជាខេត្តគំរូមួយមានឡានដឹកកម្មករដែលមានបច្ចេកទេសល្អ ផាសុកភាព និងសុវត្ថិភាព

បានផុស

នៅ

អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) លោក ហេង សុផាន់ណារិទ្ធ បានឱ្យដឹងថា ខេត្តព្រះសីហនុ គឺជាខេត្តមួយ ដែលមានរថយន្តដឹកកម្មករ មានលក្ខណៈបច្ចេកទេសល្អ ផាសុកភាព និងសុវត្ថិភាព ខណៈលោក ក៏បានបង្ហាញវាយតម្លៃចំពោះខេត្តជាប់សមុទ្រមួយនេះ ថា ជាខេត្តគំរូដែលពុំសូវមានករណីគ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកកម្មករនិយោជិតនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោក ហេង សុផាន់ណារិទ្ធ បានធ្វើឡើងនៅក្នុងវេទិកាអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករនិយោជិត ដល់អ្នកបើកបររថយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត នៅរោងចក្រ JIANGXI 3L MEDICAL PRODUCTS GROUP (CAMBODIA) CO., LTD. ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦នេះ។

បើទោះបីជាបច្ចុប្បន្នខេត្តនេះ ពុំសូវកើតមានករណីគ្រោះថ្នាក់ចរាចរណ៍លើរថយន្ដដឹកកម្មករនិយោជិតក៏ពិតមែន ប៉ុន្ដែយ៉ាងណា លោកអគ្គនាយករង ប.ស.ស. បានលើកឡើងថា ការចុះអប់រំផ្សព្វផ្សាយរបស់ក្រុមការងារសុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​សម្រាប់​គាំពារ​កម្មករ​និយោជិត (ស.ផ.ក.) នៅតែជាយន្ដការអនុវត្តជាប្រចាំ ដើម្បីរួមចំណែកក្នុងការបញ្រ្ជាបការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការធ្វើដំណើរ។ លោក បានសង្កត់ធ្ងន់ដល់ភាពចាំបាច់ក្នុងការទាមទារឱ្យមានការចូលរួមផ្ទាល់ពីសាមីខ្លួន និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់ និងគោរពសិទ្ធិគ្នាទៅវិញទៅមកនៅពេលបើកបរ ដើម្បីអាចចៀសវាងពីគ្រោះថ្នាក់នៅលើដងផ្លូវ។

ក្នុងនាមជាប្រធានក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​សម្រាប់​គាំពារ​កម្មករ​និយោជិតផងនោះ លោក ហេង សុផាន់ណារិទ្ធ បានអំពាវនាវក្នុងវេទិកានោះដូច្នេះថា «សូមបងប្អូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិត ចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ រក្សាបាននូវប្រាក់ចំណូល លើកកម្ពស់សុខុមាលភាព សុវត្ថិភាពការងារ និងសុវត្ថិភាពការធ្វើដំណើររបស់ខ្លួន ក៏ដូចជាបងប្អូនកម្មករនិយោជិត»។

ស្របគ្នានេះ ឧត្តមសេនីយ៍ឯក ទូច សុភា អនុប្រធាននាយកដ្ឋានកណ្ដាលសណ្តាប់ធ្នាប់សាធារណៈ ក៏បានអំពាវនាវដល់កម្មករនិយោជិតទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការធ្វើដំណើរ និយាយចំពោះអ្នកធ្វើដំណើរដោយមធ្យោបាយផ្ទាល់ខ្លួន។ ដោយឡែក អ្នកបើកបររថយន្តដឹកកម្មករនិយោជិតទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់រាល់ពេលបើកបរ ដោយត្រូវចូលរួមអនុវត្ត និងគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន ចៀសវាងបង្កជាហានិភ័យគ្រោះថ្នាក់ណាមួយកើតឡើង ព្រោះកម្មករនិយោជិតរាប់សិបនាក់ បានផ្ញើជីវិតនៅលើរថយន្តរបស់អ្នក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម