Connect with us

ព័ត៌មានអន្ដរជាតិ

មេ Scammer ជនជាតិបារាំង និងជាប់ក្នុងបញ្ជីខ្មៅរបស់ ប៉ូលិសអន្តរជាតិ ត្រូវរកឃើញ សំងំលាក់ខ្លួននៅ ថៃ

បានផុស

នៅ

ចាប់មិនចេះអស់ឡើយ! មេក្រុម Scammer ម្នាក់ទៀតហើយ ដែលសំងំលាក់ខ្លួន ក្នុងប្រទេសថៃ ត្រូវបានរកឃើញ និងចាប់ខ្លួននៅខេត្ត Phetchaburi។

(រូប៖ Facebook)

ឧក្រិដ្ឋជនម្នាក់នេះមានឈ្មោះ Dogan ជាជនជាតិបារាំង នៅពីក្រោយបណ្តាញឆបោកតាមអនឡាញ បោកប្រាស់មនុស្សជិត ១ ០០០នាក់ បានលុយរាប់ពាន់លានបាត។

តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២៦, Dogan ជាមេក្រុមវិនិយោគបោកប្រាស់បែប Ponzi ឬគេស្គាល់ថា ជាប្រព័ន្ធស្រូបទាញលុយពីអ្នកថ្មី ឲ្យអ្នកចាស់ ជាប់បណ្តាញ ជាមួយក្រុមបងធំ មានមូលដ្ឋាននៅ ប្រទេសអាមីរ៉ាត់អារ៉ាប់រួម។

ឧក្រិដ្ឋជនវ័យ ៣៨ឆ្នាំរូបនេះ ត្រូវបានចាប់ខ្លួនក្នុងវីឡាមួយ ក្រោយជាប់សង្ស័យបោកមនុស្ស ជាង ៩០០នាក់ បានប្រាក់ប្រហែល ៧.៥ពាន់លានបាត ហើយឈ្មោះរបស់គេ ក៏ស្ថិតក្នុងបញ្ជីតាមចាប់ខ្លួនរបស់ប៉ូលិសអន្តរជាតិ (Interpol) ផងដែរ។

(រូប៖ Facebook)

Dogan គឺជាបុគ្គលគន្លឹះ នៃក្រុមមានសមាជិក ៥នាក់ ដែលបានបង្កើត «ក្រុមហ៊ុនហិរញ្ញវត្ថុឌីជីថល» មួយក្នុងឆ្នាំ២០២២ ហើយមានទំនាក់ទំនងជិតស្និទ្ធ ជាមួយក្រុមហ៊ុនហិរញ្ញវត្ថុខ្នាតធំនៅទីក្រុងឌូបៃ។

ពួកគេបានល្បួងជនរងគ្រោះ ជាពិសេស ជនជាតិតួកគីដែលរស់នៅក្នុងប្រទេសបារាំង បែលហ្ស៊ិក ស្វីស និងនូវែលសេឡង់ ឲ្យវិនិយោគទឹកប្រាក់ពី ២០ ០០០ ទៅ ៣០០ ០០០ អឺរ៉ូក្នុងម្នាក់ ជាមួយការសន្យាថា នឹងផ្តល់ផលចំណេញខ្ពស់ ប៉ុន្តែអ្វីៗ សុទ្ធសឹងជាការបោកប្រាស់។

(រូប៖ Facebook)

សូមជម្រាបថា ប្រទេសថៃ កំពុងបង្ហាញទៅពិភពលោកកាន់តែច្បាស់ថា ខ្លួនពិតជាជម្រក របស់មេក្លោងគ្រឿងញៀន បណ្តាញជួញដូរមនុស្ស និងឧក្រិដ្ឋជនឆបោកតាមអនឡាញ (scammer) តាមរយៈការចាប់បាន ឧក្រិដ្ឋជនជាបន្តបន្ទាប់។

បើនិយាយត្រឹមមួយខែមិថុនា ឆ្នាំ២០២៦, ថៃ ចាប់បានឧក្រិដ្ឋជនធំៗ បណ្តាក់គ្នា មានទាំងមេគ្រឿងញៀន និងមេ Scammer ដែលជាប់ពាក់ព័ន្ធនឹកករណី ដ៏ល្បីកក្រើក ហើយមានទាំងជនជាតិចិន និងជប៉ុន។

អ្នកជំនាញអន្តរជាតិ បានចង្អុលចំៗហើយថា បញ្ហានេះ គឺជា «ជំងឺមហារីកសង្គម» ដែលថៃ ត្រូវតែដោះស្រាយ ហើយឈប់ទម្លាក់កំហុស លើប្រទេសដទៃ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម