Connect with us

ព័ត៌មានអន្ដរជាតិ

អូស្រ្តាលី​ នឹង​លក់​ប្រព័ន្ធ​​រ៉ាដា​ទំនើបឲ្យ​​កាណា​ដា​​ លើក​ដំបូង ក្នុង​តម្លៃ​ ១.៧៥ប៊ីលាន​

បានផុស

នៅ

ខណៈ​ស្ថាន​ភាព​ពិភពលោក​នៅ​តែ​មាន​ភាព​តាន​តឹង​មិន​លុះ​​ថ្ងៃ​ រដ្ឋាភិបាល​ប្រទេស​​អូស្ត្រាលី​លើក​ឡើង​​​​នៅ​ថ្ងៃចន្ទ​ នេះ ថា ខ្លួន​នឹង​លក់ប្រព័ន្ធ​​បច្ចេក​វិទ្យារ៉ាដា​ទំនើប​ ដែល​មានសមត្ថភាពរុក​រកឃើញ​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ទៅឱ្យកាណាដា ក្រោម​កិច្ចព្រមព្រៀង​តម្លៃ ១.៧៥ប៊ីលានដុល្លារ លើ​ការ​​នាំ​ចេញ​​ក្នុង​វិស័យ​ការ​ពារជាតិ​ដ៏​ធំ​បំផុតមិន​ធ្លាប់​មាន​​របស់​ខ្លួន​។

ភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ​ ផ្សាយ​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២៦ កិច្ច​ព្រម​ព្រៀង​នេះ​គឺជាការលក់រ៉ាដា​ទៅក្រៅ​ប្រទេសលើកដំបូង​របស់​អូស្ត្រាលី លើ​បច្ចេកវិទ្យា​រ៉ាដា Over-the-Horizon ហើយ​នឹងគាំទ្រដល់​ការឃ្លាំ​មើលរបស់​កាណាដា​​ នៅតំបន់អាក​ទិក។

នាយក​រដ្ឋ​មន្ត្រី​អូស្រ្តាលី​ លោក​ Anthony Albanese ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយក​រដ្ឋ​មន្ត្រី​អូស្រ្តាលី​ លោក​ Anthony Albanese លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ « កិច្ចព្រមព្រៀង​ថ្ងៃ​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ ​ក្នុង​ការជួញដូរ​លើ​វិស័យ​ការពារ​ជាតិអូស្ត្រាលី ដាក់​មូលដ្ឋានគ្រឹះសម្រាប់​កិច្ចសហការឧស្សាហកម្មការពារជាតិ​កាន់តែ​ស៊ីជម្រៅ និងផ្តល់​ផលប្រយោជន៍ទៅវិញទៅមក ជាមួយកាណាដា»។

គួរ​បញ្ជាក់​ថា តំបន់អាក​ទិក​របស់ប្រទេសកាណាដា​តំណាង​ឱ្យ​ជិត​៤០% នៃ​ផ្ទៃ​ដី​សរុប​របស់​ខ្លួន ​ទោះ​បីជា​មានប្រជាជនរស់​នៅតិច​និង​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​តិច​តួច​ក៏ដោយ។

តំបន់​អាកទិក​ភាគច្រើនក៏​ជា​របស់​រុស្ស៊ី ហើយ​មាន​ប្រហែលមួយភាគប្រាំ​នៃផ្ទៃ​ដី ប្រឈមមុខ​ជា​មួយ​នឹង​កាណាដានិងរដ្ឋ​ Alaska របស់សហរដ្ឋអាមេរិក​​​។

លោក Stephen Fuhr រដ្ឋ​លេខាធិការទទួល​បន្ទុកការផ្គត់ផ្គង់​លើ​វិស័យ​ការពារជាតិ​របស់កាណា​ដា មាន​ប្រសាសន៍​ថា៖ « កាណា​ដា​ កំពុងពង្រឹងសន្តិសុខអាក​ទិកតាមរយៈគម្រោង​រ៉ាដាអាកទិកលើលំហ​អាកាស​។ គម្រោងនេះ​[ទិញ​ប្រព័ន្ធ​រ៉ាដា​ពី​អូស្រ្តាលី​] គឺជាផ្នែក​មួយ​នៃកិច្ចខិតខំប្រឹងប្រែង​ដ៏ទូលំទូលាយ ដើម្បីកសាង​បណ្តាញ​ឃ្លាំ​មើល និង​ទំនាក់ទំនងអាកទិក​រួមបញ្ចូលគ្នា ហើយ​នឹង​ពង្រឹង​សមត្ថ​ភាព​របស់កាណាដា​ក្នុងការត្រួត​ពិនិត្យ ការយល់ដឹង និងឆ្លើយតប​ទៅ​នឹងសកម្មភាព​ក្នុងតំបន់អាកទិក»។

មិន​តែ​ប៉ុណ្ណោះ បណ្តាញ​រ៉ាដាប្រតិបត្តិការ​ Jindalee របស់​អូស្ត្រាលី​អាច​រកឃើញ ​តាមដាន​សកម្ម​ភាព​​យន្តហោះ កប៉ាល់ និងមីស៊ីល​ចម្ងាយ​រហូតដល់ ៣ ០០០គីឡូ​ម៉ែត្រ។

ភាគី​អូស្ត្រាលី​ ថា កិច្ចព្រមព្រៀងចែក​រំលែក​បច្ចេកវិទ្យាជាមួយ​កាណាដា​នឹង​បង្កើត​ការងារ​ប្រហែល ៣០០កន្លែង​ ក្នុង​ប្រទេស​អូស្ត្រាលី ​ហើយ​ក៏​ជា​ដំណាក់​កាល​ដំបូង​នៃកិច្ចសហការរវាង​ប្រទេសទាំងពីរ​​លើ​ប្រព័ន្ធ​រ៉ាដាផង​ដែរ​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម