កីឡា
ក្រុមអ្នកសារព័ត៌មានកម្ពុជា ប៉ះ សមាគមធនាគារនៅកម្ពុជា ក្នុងជំនួបមិត្តភាព ស៊ុតគ្នាដល់ ១២ គ្រាប់
ក្រុមបាល់ទាត់អ្នកសារព័ត៌មានកម្ពុជា (Cambodia Media football) និងក្រុមបាល់ទាត់សមាគមធនាគារនៅកម្ពុជា (ABC) បានជួបប្រកួតគ្នាលក្ខណៈមិត្តភាពជាលើកទី ២ នៅតារាងបាល់ទាត់ NBC Sports កាលពីល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦។

ការប្រកួតនេះ បានប្រព្រឹត្តទៅយ៉ាងរលូនរយៈពេល ៩០ នាទីពេញ ដោយពុំមានអ្នកឈ្នះ និងចាញ់ឡើយ ពោលគឺស្មើគ្នាក្នុងលទ្ធផល ៦ ទល់នឹង ៦។ អំឡុងពេលប្រកួត ក្រុមទាំង ២ បានបង្ហាញស្មារតីជាអ្នកកីឡាយ៉ាងពិតប្រាកដ ដោយលេងប្រកបដោយមិត្តភាព សាមគ្គីភាព និងយោគយល់គ្នាទៅវិញទៅមក។
លោក លឹម ជាវុត្ថា អគ្គនាយកអង្គភាពព័ត៌មាន Fresh News និងជាប្រធានក្រុមបាល់ទាត់អ្នកសារព័ត៌មានកម្ពុជា បានបង្ហាញនូវក្តីរីករាយ ដែលបានចូលរួមប្រកួតមិត្តភាព ជាមួយសមាគមធនាគារនៅកម្ពុជា ជាលើកទី២ ដែលជួយឱ្យចំណងមិត្តភាពរវាងអ្នកសារព័ត៌មានកម្ពុជា និងថ្នាក់ដឹកនាំរបស់គ្រឹះស្ថានធនាគារ កាន់តែស្និតស្នាល។

លោកបន្ថែមថា គោលបំណងនៃការប្រកួតបាល់ទាត់នេះ ដើម្បីតែមិត្តភាព និងសុខភាពប៉ុណ្ណោះ ហើយការប្រកួតនេះ គ្មានអ្នកឈ្នះ ក៏គ្មានអ្នកចាញ់ដែរ គឺឈ្នះទាំងអស់គ្នា ឈ្នះមិត្តភាព និងឈ្នះសុខភាព។ លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនអ្នកសារព័ត៌មាន ដែលមានសុខភាពមិនសូវល្អ សូមនាំគ្នាលេងកីឡាឱ្យបានគ្រប់ៗគ្នា។
ចំណែកលោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា និងនាយកប្រតិបត្តិ ក៏ដូចជានាយកប្រចាំប្រទេសនៃធនាគារ មេយប៊ែង ខេមបូឌា បានដឹកនាំសមាជិករបស់សមាគម ដែលជាប្រធាននាយកប្រតិបត្តិ និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារនានានៅកម្ពុជា ចូលរួមក្នុងការប្រកួតបាល់ទាត់មិត្តភាពជាមួយក្រុមអ្នកសារព័ត៌មានកម្ពុជា។

លោក សោភ័ណ និងសមាជិកក្រុមទាំងសុទ្ធតែ បង្ហាញការសប្បាយរីករាយ ចំពោះការប្រកួតប្រកបដោយការយោគយល់គ្នាទៅវិញទៅមក។ ការប្រកួតបាល់ទាត់មិត្តភាពនេះ បានជួយឱ្យថ្នាក់ដឹកនាំរបស់បណ្តាគ្រឹះស្ថានធនាគារពាណិជ្ជកម្មនៅកម្ពុជា ស្គាល់ និងរាប់អានគ្នាជាលក្ខណៈបុគ្គល ជាមួយបងប្អូនអ្នកសារព័ត៌មានកាន់តែច្រើនជាងមុន ហើយពិសេសនោះ គឺជួយឱ្យយើងអាចស្គាល់ពីសុខភាពរបស់ខ្លួន និងចេះថែរក្សាសុខភាព។
ទន្ទឹមនឹងនេះ ប្រធានក្រុមទាំងពីរសុទ្ធតែអះអាងដូចគ្នាថា ការប្រកួតលើកទី២នេះ មិនមែនជាការប្រកួតលើកចុងក្រោយនោះទេ ពោលគឺនឹងមានការប្រកួតលើកក្រោយៗទៀត ដែលនឹងអាចរយៈពេល ២ ឬ ៣ ខែជួបគ្នាម្តង។

សូមជម្រាបថា ក្រុមបាល់ទាត់អ្នកសារព័ត៌មានកម្ពុជា មានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មានជាច្រើនទៀតរួមមាន អង្គភាពព័ត៌មាន Fresh News, អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល, ទីភ្នាក់ងារព័ត៌មានជាតិ (AKP), សារព័ត៌មានភ្នំពេញប៉ុស្តិ៍, សារព័ត៌មាន AMS, ទូរទស្សន៍ CNC, សារព័ត៌មាន KiriPost, សារព័ត៌មាន KhmerTime, សារព័ត៌មានកម្ពុជាថ្មី, សារព័ត៌មាន CCTimes, សារព័ត៌មាន Camboja, សារព័ត៌មានថ្មីថ្មី និងសារព័ត៌មានឧកញ៉ា News ។
ក្រុមបាល់ទាត់អ្នកសារព័ត៌មានកម្ពុជាក៏ បានសម្តែងការអរគុណជាពិសេស ដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ផងដែរ ដែលបានចូលរួមឧបត្ថម្ភ ក្នុងការទ្រទ្រង់សកម្មភាពនៃការប្រកួតនានារបស់ខ្លួន៕




ប្រែសម្រួលអត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


