Connect with us

ព័ត៌មានជាតិ

ខេត្តក្រចេះ មាន​កសិដ្ឋានចិញ្ចឹមគោ​ធំៗ ៣ កន្លែង ផ្គត់​ផ្គង់​សាច់ក្នុងស្រុក និងនាំចេញគោរស់ទៅប្រទេសក្រៅ

បានផុស

នៅ

ខេត្តក្រចេះមាន​កសិដ្ឋានចិញ្ចឹមសត្វគោធំៗចំនួន ៣ កន្លែង ស្ថិតនៅក្នុងស្រុកស្នួល។ ទី១- កសិដ្ឋានចិញ្ចឹមសត្វគោរបស់​ក្រុមហ៊ុន ធីអាហ្គូ, ទី២- កសិដ្ឋានចិញ្ចឹមសត្វគោ សាលី អូម៉ឹស ដែលទើបរៀបចំដាក់ពាក្យស្នើសុំបង្កើតកសិដ្ឋាន និងទី៣- កសិដ្ឋានដង្ខៅ​ប៉ាង។

កសិដ្ឋានទាំងនោះ គឺជាកសិដ្ឋានចិញ្ចឹមសត្វគោ សម្រាប់ផ្គត់ផ្គង់សាច់ក្នុងស្រុក និងនាំចេញសត្វគោរស់ទៅប្រទេសក្រៅ ដូចជា ប្រទេសវៀតណាម ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឆាយ ប៉ាង​ ម្ចាស់កសិដ្ឋានចិញ្ចឹមគោ​ ដង្ខៅ​ ប៉ាង នៅស្រុកស្នួល​ ខេត្តក្រចេះ​ បានលើកទឹកចិត្តដល់កសិករដែលមានបំណងចង់ចិញ្ចឹមគោយកសាច់ គឺមិនចាំបាច់តែ​មានទុន​ធំអាចចិញ្ចឹមបាននោះទេ ពីព្រោះការចិញ្ចឹមគោ​ មានភាពងាយស្រួល ធន់​ជំងឺ គ្រាន់តែរៀបចំដាក់ទ្រុងនិងដាក់ចំណីឲ្យបានត្រឹមត្រូវ។

លោក ឆាយ ប៉ាង ម្ចាស់កសិដ្ឋានខាងលើ​បានបញ្ជាក់ទៀត​ថា កសិដ្ឋានរបស់​លោក​បានចាប់ផ្ដើមចិញ្ចឹម​គោយកសាច់សាកល្បង​លើកដំបូងចំនួន ៤ ក្បាល។ បន្ទាប់ពីការសាកល្បងទទួលលទ្ធផលល្អ លោកក៏ចាប់ផ្ដើមដាក់ទុនពង្រីកបន្ថែម រហូតអភិវឌ្ឍន៍ទៅជាសហគ្រាសផលិតចំណីសត្វឈ្មោះ “ដង្ខៅ ប៉ាង” ដែលសព្វថ្ងៃកសិដ្ឋានក៏មាន​ចិញ្ចឹមគោយកសាច់រហូតជាង ៣០០ ក្បាល ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបន្តចែកចាយទៅតាមបណ្ដាខេត្ត​ នៅក្នុងប្រទេសកម្ពុជា។

នៅក្នុងដំណើរការចិញ្ចឹមគោនៅក្នុងកសិដ្ឋានរបស់លោក​ មានគោសាច់ សរុបប្រមាណជាជិត ៣០០ ក្បាល និងគោពូជប្រមាណជាង ៥០ ក្បាល គឺបានរៀបចំទ្រុង​ខណ្ឌដាច់ដោយឡែកពីគ្នាចំនួន ៤ កន្លែង ដោយមានរៀបចំប្រព័ន្ធភ្លើង ទឹក មានអ្នកមើលថែប្រចាំថ្ងៃ និងមានពេទ្យសត្វចំនួន ៤ នាក់ នៅប្រចាំការផងដែរ។

ទាក់ទងនឹងការចិញ្ចឹមសត្វ គោ ក្របី របស់ប្រជាពលរដ្ឋនៅក្នុងឆ្នាំ២០២៦ លោក កេត សារឿន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បាន​ឲ្យដឹងថា ទាំងការចិញ្ចឹមសត្វគោជាលក្ខណៈគ្រួសារ និង​កសិដ្ឋាន មានការកើនឡើងជាងឆ្នាំមុន ដោយសារតម្លៃទីផ្សាគោ ក្របី គឺមានតម្លៃល្អ។ ជាពិសេស កសិដ្ឋានចិញ្ចឹមសត្វគោធំៗ បានពង្រីកការចិញ្ចឹមរបស់ខ្លួន ហើយជាក់ស្ដែងថ្មីៗនេះ មានកសិដ្ឋានចំនួនពីរ នៅក្នុងស្រុកស្នួល បានកំពុងរៀបចំចុះបញ្ជីនៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។

លោកបន្ត​ថា បច្ចុប្បន្នការចិញ្ចឹមសត្វគោ ក្របី មាន​ទាំងលក្ខណៈគ្រួសារ និង​កសិដ្ឋាន មានការផុលផុសច្រើន៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម