Connect with us

ព័ត៌មានអន្ដរជាតិ

លោក Keir Starmer ប្រកាសចុះចេញពីតំណែង នាយករដ្ឋមន្ត្រី ចក្រភពអង់គ្លេស

បានផុស

នៅ

នៅថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦, លោក Keir Starmer បានបង្កការយ៉ាងភ្ញាក់ផ្អើល ដោយលោកប្រកាសចុះចេញពីតំណែង ជានាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស ដែលរុញឲ្យប្រទេសជាតិ ឈានឆ្ពោះទៅរក ការជ្រើសរើសមេដឹកនាំទី៦ ក្នុងរយៈពេលត្រឹម ៧ឆ្នាំចុងក្រោយ។

លោក Keir Starmer (រូប៖ Reuters)

ការប្រកាសនេះ កើតឡើងក្រោយពេល លោករងសម្ពាធយ៉ាងខ្លាំង និងការបះបោរ ពីសំណាក់សមាជិកសភា និងសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកផ្ទាល់ បន្ទាប់ពីប្រជាប្រិយភាពរបស់លោក ធ្លាក់ចុះខ្លាំងបំផុត ក្នុងការស្ទង់មតិ និងកំហុសឆ្គងផ្នែកនយោបាយ អស់រយៈពេលជាច្រើនខែកន្លងមកនេះ។

ក្នុងសុន្ទរកថាលាលែងពីតំណែង, Starmer ថ្លែងថា លោកនឹងស្នើឲ្យគណបក្សរបស់លោក កំណត់កាលវិភាគ សម្រាប់ដំណើរការជ្រើសរើសអ្នកដឹកនាំ ដោយការដាក់បេក្ខភាព នឹងចាប់ផ្តើមនៅថ្ងៃទី៩ ខែកក្កដា រហូតដល់សភាឈប់សម្រាកសម្រាប់រដូវក្តៅ។

លោក Keir Starmer (រូប៖ Reuters)

យ៉ាងណា លោកបញ្ជាក់ថា លោកនឹងបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី រហូតទាល់តែ មេដឹកនាំថ្មី ត្រូវបានរកឃើញ។

ជុំវិញរឿងនេះ លោក Starmer បញ្ជាក់ថា៖ «ខ្ញុំបានទូលថ្វាយព្រះមហាក្សត្រ រួចរាល់ហើយ កាលពីព្រឹកមិញ ដើម្បីជម្រាបជូនទ្រង់អំពីការសម្រេចចិត្ត របស់ខ្ញុំ»។

សូមជម្រាបថា ការប្រកាសលាលែងរបស់លោក Starmer កើតឡើង បន្ទាប់ពីមានការដាក់សម្ពាធដ៏ធ្ងន់ ក្រោយអតីតអភិបាលក្រុង Manchester លោក Andy Burnham បានឈ្នះអាសនៈសភាជាតិនៅមណ្ឌល Makerfield កាលពីសប្តាហ៍មុន ដែលនោះ បានបើកផ្លូវដោយផ្ទាល់ ឲ្យលោក Burnham ទៅប្រជែងដណ្តើមតំណែងដឹកនាំពី Starmer។

លោក Keir Starmer (រូប៖ Reuters)

ទន្ទឹមនោះ គណបក្សពលករ របស់លោក Starmer ត្រូវរងបរាជ័យយ៉ាងអាម៉ាស់បំផុត ក្នុងអំឡុងការបោះឆ្នោតថ្នាក់មូលដ្ឋានទូទាំងប្រទេស កាលពីខែឧសភា ពោលគឺបានបាត់បង់ក្រុមប្រឹក្សាចំនួន ៣៨ និងអាសនៈក្រុមប្រឹក្សាជិត ១ ៥០០ អាសនៈ។

ម្យ៉ាង រយៈពេលកាន់តំណែងដ៏ខ្លី មិនដល់ពីរឆ្នាំផង លោក Starmer ត្រូវគេរិះគន់យ៉ាងចាស់ដៃ ចំពោះការផ្លាស់ប្តូរគោលនយោបាយទាំងស្រុងជាបន្តបន្ទាប់ ខណៈអត្រាគាំទ្រផ្ទាល់ខ្លួនក៏ធ្លាក់ចុះដល់កម្រិតទាបបំផុត ភាពជាប់គាំងស្ទះសេដ្ឋកិច្ច និងការតែងតាំងបុគ្គលដែលមានជម្លោះចម្រូងចម្រាស ឲ្យចូលកាន់តំណែងការទូតកំពូលៗ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម