Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងព័ត៌មាន ណែនាំ​មន្ទីរព័ត៌មានខេត្តកំពត​ត្រូវ​រៀប​ចំ​ផែន​ការ​គ្រប់គ្រងផលិតមាតិកាព័ត៌មានឱ្យច្បាស់លាស់

បានផុស

នៅ

កំពត ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការដ្ឋាន និង​ជា​អ្នក​នាំពាក្យ​ក្រសួងព័ត៌មាន​បាន​ណែនាំ​ដល់​មន្ទីរ​ព័ត៌មាន​ខេត្ត​កំពត​ឱ្យរៀបចំផែនការ​គ្រប់គ្រងផលិតមាតិកាព័ត៌មាន​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​បម្រើ​ដល់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យ​ទាន់​សភាពការណ៍ និង ឆ្លុះ​បញ្ចាំង​ពី​វឌ្ឍនភាព​គ្រប់​វិស័យ​របស់​ខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ណែនាំនេះ​ ធ្វើឡើងពេលដែល​លោក រួមជាមួយ​លោក សោម កុសល អនុរដ្ឋលេខាធិការដ្ឋានក្រសួងព័ត៌មានទទួលបន្ទុកការងារមន្ទីរព័ត៌មានខេត្តកំពតអញ្ជើញដឹកនាំ កិច្ចប្រជុំតម្រង់ទិសការងារព័ត៌មាន និងសាធារណមតិ ដល់ថ្នាក់ដឹកនាំមន្ទីររាជការ នៃមន្ទីរព័ត៌មានខេត្តកំពតកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។


ក្នុងឱកាសនោះ លោក ទេព អស្នារិទ្ធ បានលើកទឹកចិត្តដល់មន្ត្រីព័ត៌មានត្រូវរៀបចំប្រតិទិនមាតិកា ដោយផ្តោតលើសមិទ្ធផលរបស់រដ្ឋបាលខេត្ត ការអភិវឌ្ឍមូលដ្ឋាន សក្តានុពលទេសចរណ៍ និងសកម្មភាពដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។

លោក​បាន​ជំរុញ​ឱ្យមន្ត្រីជំនាញបង្កើនការផលិតវីដេអូខ្លីៗទម្រង់បញ្ឈរ (Short-form Video) សម្រាប់​ផ្សព្វផ្សាយ​លើ​បណ្តាញសង្គម TikTok, Reels និង YouTube Shorts។

ខ្លឹមសារត្រូវផ្តោតសំខាន់លើប្រសាសន៍ដឹកនាំ និងសារគន្លឹះៗរបស់ឯកឧត្តមអភិបាលខេត្ត ក៏ដូចជាសកម្មភាពរបស់រដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាពជំនាញ។ ការងារនេះ មិនត្រឹមតែលើកកម្ពស់យុទ្ធសាស្ត្រ «បុរេសកម្ម» ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាថា ប្រជាពលរដ្ឋទទួលបានព័ត៌មានពិតបានទូលំទូលាយ និងទប់ស្កាត់បានទាន់ពេលវេលានូវការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ឬការញុះញង់ដែលមានចេតនាបង្កការយល់ច្រឡំលើការដឹកនាំរបស់រដ្ឋបាលខេត្ត។


ជាមួយគ្នានេះដែរ លោក សោម កុសល អនុរដ្ឋលេខាធិការដ្ឋានក្រសួងព័ត៌មានទទួលបន្ទុកការងារមន្ទីរព័ត៌មានខេត្តកំពត បានផ្តល់មតិយោបល់ថា ការផលិតព័ត៌មានឱ្យបានលឿន និងត្រឹមត្រូវ គឺជាកត្តាសំខាន់ដើម្បីលុបបំបាត់ព័ត៌មានមិនពិតបានទាន់ពេលវេលា។ លោក​បានសង្កត់ធ្ងន់ថា មិនគួរទុកឱ្យព័ត៌មានអវិជ្ជមានកើតមាននៅក្នុងខេត្ត ដោយគ្មានការឆ្លើយតបពីមន្ត្រីជំនាញនោះទេ ព្រោះមានតែការផ្សាយព័ត៌មានពិតប៉ុណ្ណោះ ទើបអាចបន្សាបព័ត៌មានក្លែងក្លាយបាន។

លោកស្រី ប៉ូ ចាន់រស្មី ប្រធានមន្ទីរព័ត៌មានខេត្តកំពតបានថ្លែងអំណរគុណថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលបានផ្តល់ការណែនាំ និងតម្រង់ទិសដៅការងារយ៉ាងច្បាស់លាស់លើការងារព័ត៌មាន និងការងារសាធារណមតិ។

លោកស្រីបានប្តេជ្ញានឹងដឹកនាំមន្ត្រីក្រោមឱវាទឱ្យសម្រេចបានជោគជ័យតាមផែនការ ដើម្បីបម្រើមហាជន និងបំពេញតួនាទីជាសេនាធិការជូនរដ្ឋបាលខេត្ត និងក្រសួងព័ត៌មានប្រកបដោយប្រសិទ្ធភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម