Connect with us

ព័ត៌មានអន្ដរជាតិ

លោក Lukashenko ព្រមានធ្ងន់ៗដាក់​អ៊ុយក្រែនថា «កុំព្រហើនអូសបេឡារុស» ចូលសង្គ្រាម ប្រយ័ត្នសង្គ្រាម​ប្រែប្រួល​

បានផុស

នៅ

ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានវាយ​បកដោ​យពាក្យសម្តី​​​ទៅ​កាន់​មេដឹកនាំ​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ដោយ​​ព្រមាន​ធ្ងន់ៗ​ ថា កុំព្យាយាមអូសទាញប្រទេសរបស់លោកចូលទៅក្នុងភ្លើងសង្គ្រាមឲ្យសោះ ចំពេលដែលភាពតានតឹងរវាងប្រទេសទាំងពីរកំពុងកើនឡើងកាន់តែខ្លាំង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយ កាលពីថ្ងៃ ទី២៥ ខែមិថុនា ។

ប្រធានាធិបតីបេឡារុស r Lukashenko និង ប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Lukashenko ថ្លែងថា៖​ «ខ្ញុំបានប្រាប់ពួកគេចំៗថា អ្នកគ្រប់គ្នា! សូមប្រាប់ទៅកាន់ប្រធានាធិបតីរបស់អ្នក បើគាត់គិតថា គាត់អាចនិយាយជាមួយយើងបែបហ្នឹង ហើយថែមទាំងចង់អូសយើងចូលក្នុងសង្គ្រាមទៀតនោះ គាត់ត្រូវតែយល់ឲ្យច្បាស់ថា ទម្រង់នៃសង្គ្រាមនឹងផ្លាស់ប្តូរភ្លាមៗ។ ជាក់ស្ដែង បេឡារុសគ្មានបំណងចង់ច្បាំងជាមួយប្រជាជនអ៊ុយក្រែនឡើយ»។

លោក បន្ត៖ «យើងទទួលបានចម្លើយតបវិញថា ប្រធានាធិបតី និងក្រុមការងាររបស់គាត់យល់ពីបញ្ហានេះ។ ដូច្នេះ ពួកយើងមកព្រមព្រៀងគ្នាទៅ យើងត្រូវតែឈានដល់កិច្ចព្រមព្រៀងជាក់ស្តែងមួយ»។ យ៉ាងណា ភ្លាមៗនោះ មិនទាន់មានការបញ្ចេញមតិណាមួយពីទីក្រុងកៀវ ជុំវិញ​ប្រតិកម្ម​របស់លោក Lukashenko នៅឡើយទេ។

ដោយឡែក វិមានក្រឹមឡាំងឯណោះក៏បានបដិសេធ​​សេចក្តីរាយការណ៍​របស់កាសែត Wall Street Journal ដែលបានចុះផ្សាយថា រុស្ស៊ីចង់ប្រើប្រាស់បេឡារុសជាឈ្នាន់ដើម្បីបង្កើនការវាយប្រហារលើអ៊ុយក្រែន ហើយបានគំរាមកាត់ផ្តាច់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ប្រសិនបើបេឡារុសបដិសេធ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា របាយការណ៍នោះ មិនឆ្លុះបញ្ចាំងពីការពិតឡើយ ហើយបេឡារុសគឺជា «សម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់យើង»។

ចំណែកឯរដ្ឋមន្ត្រីក្រសួងការពារជាតិបេឡារុស លោក Viktor Khrenin ក៏បានគូសបញ្ចាក់ដែរថា គឺភាគីខាងលិចទៅវិញទេដែលជាអ្នកបង្កាត់ភ្លើងតានតឹង។ លោកបានលើកឡើងថា «ស្ថានភាពនៅតាមព្រំដែនរបស់យើង គឺមិនមានស្ថិរភាពទាល់តែសោះ ហើយកំពុងតែរីករាលដាល។

នៅក្រៅព្រំដែនរបស់យើង កងទ័ពណាតូកំពុងត្រូវបានពង្រឹង ហេដ្ឋារចនាសម្ព័ន្ធកំពុងត្រូវបានធ្វើបច្ចុប្បន្នភាព កញ្ចប់ថវិកាយោធារបស់ប្រទេសជិតខាងកំពុងពង្រីក ហើយអ្នកនយោបាយកំពុងធ្វើសេចក្តីថ្លែងការណ៍បែបយោធានិយមយ៉ាងខ្លាំងក្លា។ កិច្ចខិតខំប្រឹងប្រែងកំពុងត្រូវបានធ្វើឡើងដើម្បីអូសបន្លាយ និងថែមទាំងពង្រីកជម្លោះដ៏ក្តៅគគុកដែលបង្កឡើងដោយលោកខាងលិចនៅក្នុងប្រទេសអ៊ុយក្រែន។ ថ្ងៃនេះ យើងដឹងយ៉ាងច្បាស់អំពីការប៉ុនប៉ងដោយចំហដើម្បីអូសទាញបេឡារុសចូលក្នុងសង្គ្រាម»។

គួរបញ្ជាក់ដែរថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបង្កើនភាពតានតឹងកាលពីសប្តាហ៍មុន ដោយគំរាមកម្ទេចស្ថានីយបញ្ជូនសញ្ញានៅក្នុងប្រទេសបេឡារុស ដែលលោកអះអាងថា បានជួយដ្រូនរុស្ស៊ីឲ្យវាយប្រហារលើអ៊ុយក្រែន។ កាលពីថ្ងៃពុធ លោកបានប្រកាសថា ស្ថានីយទាំងនោះបានឈប់ដំណើរការហើយ ទោះបីជាមិនទាន់មានការបញ្ជាក់ឯករាជ្យណាមួយក៏ដោយ។

ជាក់ស្ដែង បើទោះបីជាទោះបីជាលោក Lukashenko មិនបានបញ្ជូនកងទ័ពបេឡារុសឲ្យទៅចូលរួមប្រយុទ្ធផ្ទាល់ជាមួយរុស្ស៊ីក៏ដោយ ប៉ុន្តែលោកបានអនុញ្ញាតឲ្យ ពូទីន ប្រើប្រាស់ទឹកដីបេឡារុសធ្វើជាឈ្នាន់ក្នុងការវាយលុកចូលប្រទេសអ៊ុយក្រែន ហើយក្រោយមកថែមទាំងបានយល់ព្រមឲ្យរុស្ស៊ីដាក់ពង្រាយគ្រាប់មីស៊ីលនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅលើទឹកដីរបស់ខ្លួនទៀតផង។ លើសពីនេះ បេឡារុសក៏បានធ្វើសមយុទ្ធយោធារួមគ្នាជាញឹកញាប់ជាមួយរុស្ស៊ី ព្រមទាំងអនុញ្ញាតឲ្យទីក្រុងម៉ូស្គូប្រើប្រាស់មូលដ្ឋានទ័ព និងទីលានហ្វឹកហ្វឺនរបស់ខ្លួនផងដែរ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

ហ្សេលេនស្គី៖ បេឡារុស បិទប្រព័ន្ធបញ្ជាដ្រូនរបស់រុស្ស៊ីហើយ ក្រោយត្រូវ​អ៊ុយក្រែនព្រមានវាយប្រហារ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម