ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បង្កើនការវាយប្រហារខ្លាំង ដល់ថ្នាក់ ពូទីន ស្រែកថា រុស្ស៊ីកំពុងខ្វះប្រេង
បច្ចុប្បន្ននេះ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានឈានចូលដល់ឆ្នាំទីប្រាំហើយ តែអ៊ុយក្រែន បាននិងកំពុងបង្កើនការវាយប្រហារដោយដ្រូនរយៈចម្ងាយឆ្ងាយ ទៅលើរោងចក្រឧស្សាហកម្មយោធា និងរោងចក្រកែច្នៃប្រេងធំៗនៅជ្រៅក្នុងទឹកដីរុស្ស៊ី មិនដកដៃឡើយ។ គោលបំណងធំរបស់អ៊ុយក្រែន គឺចង់កាត់ផ្ដាច់ប្រភពចំណូល និងកាត់បន្ថយប្រភពប្រេង ដែលរុស្ស៊ីយកទៅប្រើប្រាស់ក្នុងសង្គ្រាម។

ចុះផ្សាយកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ សារព័ត៌មាន PBS បានឱ្យដឹងថា លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាសដោយមោទកភាពថា ការវាយប្រហារទាំងនេះ ប្រៀបដូចជា «ទណ្ឌកម្មរយៈពេលចម្ងាយឆ្ងាយ» ដើម្បីកាត់បន្ថយកម្លាំងម៉ាស៊ីនសង្គ្រាមរបស់រុស្ស៊ី និងដើម្បីនាំមកនូវសន្តិភាព។
ការទម្លាក់គ្រាប់បែកឥតឈប់ឈរ បានធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងនៅក្នុងប្រទេសរុស្ស៊ីយ៉ាងខ្លាំង រហូតដល់កើតមានបញ្ហាខ្វះខាតប្រេង និងមានការតម្រង់ជួរគ្នាយ៉ាងវែងនៅតាមស្ថានីយចាក់សាំង។ ស្ថានភាពនេះ បានបង្ខំឱ្យអាជ្ញាធរនៅតាមតំបន់ខ្លះ ចាប់ផ្តើមដាក់កំហិតលើការទិញប្រេង ដោយក្នុងមួយថ្ងៃឡានមួយគ្រឿង អាចទិញប្រេងបានមិនលើសពី ៥០លីត្រឡើយ។ សូម្បីតែនៅតំបន់គ្រីមៀ ដែលរុស្ស៊ីបានកាត់យកពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤ ក៏ត្រូវផ្អាកការលក់សាំងជូនប្រជាពលរដ្ឋទូទៅជាបណ្ដោះអាសន្នដែរ ដោយសារតែអ៊ុយក្រែន បានកាត់ផ្ដាច់ផ្លូវដឹកជញ្ជូនប្រេងសំខាន់ៗ។

ជាការឆ្លើយតប លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានចេញមុខទទួលស្គាល់ជាលើកដំបូងថា ប្រទេសរុស្ស៊ី ពិតជាកំពុងជួបប្រទះនឹង «ការខ្វះខាតប្រេងឥន្ធនៈ» ពិតប្រាកដមែន។ យ៉ាងណាមិញ លោក ពូទីន បានអះអាងថា វាគ្រាន់តែជាវិបត្តិបណ្ដោះអាសន្នប៉ុណ្ណោះ ហើយរុស្ស៊ីនឹងប្រញាប់ជួសជុលរោងចក្រដែលខូចខាត បង្កើនការផលិតប្រេង ព្រមទាំងនាំចូលប្រេងបន្ថែមពីក្រៅប្រទេស។ លោកក៏បានសន្យាថានឹងបង្កើនការផលិតប្រព័ន្ធការពារអាកាស ដើម្បីការពាររោងចក្រប្រេងទាំងនោះឱ្យបានខ្លាំងក្លាជាងមុនដែរ។
បន្ថែមពីនេះ លោក ពូទីន បាននិយាយថា ការវាយប្រហាររបស់អ៊ុយក្រែន គឺមានបំណងចង់បំបែកបំបាក់សង្គមរុស្ស៊ី និងចង់បង្ខំឱ្យរុស្ស៊ីផ្អាកការវាយលុកនៅលើសមរភូមិ ដើម្បីបើកផ្លូវចរចាដែលចំណេញដល់ខាងអ៊ុយក្រែន។ លោក ពូទីន បានបញ្ជាក់យ៉ាងដាច់អហង្ការថា លោកនឹងមិនផ្តល់ឱកាសនោះឱ្យអ៊ុយក្រែនដាច់ខាត ហើយការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធទាំងនេះ មិនមានឥទ្ធិពលអ្វីដល់ការរុលទៅមុខនៃកងទ័ពរុស្ស៊ីឡើយ។ លោកថែមទាំងបានទម្លាយថា អ៊ុយក្រែន ធ្លាប់បានស្នើសុំឱ្យផ្អាកការវាយប្រហារចូលជ្រៅទឺកដីគ្នាទៅវិញទៅមក និងស្នើឱ្យកម្រិតការប្រយុទ្ធគ្នានៅត្រឹមតែបួនតំបន់ ដែលរុស្ស៊ីបានកាត់យក ប៉ុន្តែលោកបានបដិសេធសំណើទាំងនោះ ព្រោះយល់ថា វាជាល្បិចរបស់អ៊ុយក្រែន ក្នុងការបន្លាស់ទីទ័ព។
ចំពោះស្ថានភាពវាយប្រហារចុងក្រោយកាលពីយប់ថ្ងៃអាទិត្យ ដ្រូនរបស់អ៊ុយក្រែន បានហោះទៅបុក និងបង្កជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅនៅរោងចក្រចម្រាញ់ប្រេងដ៏ធំមួយ ក្នុងតំបន់ Krasnodar ភាគខាងត្បូងប្រទេសរុស្ស៊ី ដែលរោងចក្រនេះអាចកែច្នៃប្រេងឆៅបានជិត ៤លានតោនក្នុងមួយឆ្នាំ និងជាប្រភពនាំចេញប្រេងដ៏សំខាន់។ កម្ទេចកម្ទីដ្រូន ដែលរុស្ស៊ីបាញ់ទម្លាក់ បានធ្លាក់ចំមនុស្ស បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសម្នាក់។ ក្រៅពីនេះ អ៊ុយក្រែនក៏បានអះអាងថា បានវាយប្រហារចំរោងចក្រប្រេងមួយកន្លែងទៀត នៅក្នុងតំបន់ Yaroslavl ដែលមានចម្ងាយរហូតដល់ទៅប្រហែល ៧០០គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន ធ្វើឱ្យផ្លូវថ្នល់មួយចំនួនរវាងទីក្រុងមូស្គូ និងទីក្រុង Yaroslavl ត្រូវបិទជាបណ្ដោះអាសន្ន។
សង្គ្រាមដ្រូន និងមីស៊ីលនេះ មិនបានកើតឡើងលើតែខាងភាគីរុស្ស៊ីនោះទេ ព្រោះនៅក្នុងយប់តែមួយនោះ រុស្ស៊ីក៏បានបើកការវាយប្រហារយ៉ាងចាស់ដៃទៅលើអ៊ុយក្រែនវិញ ដោយប្រើប្រាស់ដ្រូនរយៈចម្ងាយឆ្ងាយចំនួន ១៤២គ្រឿង និងមីស៊ីលចំនួន ៨គ្រាប់។ ខាងអ៊ុយក្រែន អះអាងថា ពួកគេបាញ់ទម្លាក់ដ្រូនបាន ១២៥គ្រឿង និងមីស៊ីល ៧គ្រាប់។ ទោះជាយ៉ាងណា គ្រាប់បែកហោះរបស់រុស្ស៊ី បានធ្លាក់ចំទីក្រុង Zaporizhzhia ភាគខាងត្បូងអ៊ុយក្រែន បណ្តាលឱ្យមនុស្ស ២នាក់ស្លាប់ និង ១៦នាក់ផ្សេងទៀតរងរបួស ក្នុងនោះមានក្មេងតូចៗ ២នាក់ផងដែរ។ ស្ថានភាពនេះ សបញ្ជាក់ឱ្យឃើញថា សង្គ្រាមរវាងប្រទេសទាំងពីរ កំពុងតែបន្តឡើងកម្ដៅយ៉ាងខ្លាំង ដោយគ្មានខាងណាព្រមបន្ធូរដៃឡើយ៕
ប្រែសម្រួល៖ ឈាង
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ២១ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


