Connect with us

ព័ត៌មានអន្ដរជាតិ

នាវាចម្បាំងរុស្ស៊ី ទៅដល់ចិន ដើម្បីធ្វើសមយុទ្ធ ចំពេលសភាពការណ៍ពិភពលោក កំពុងក្តៅ

បានផុស

នៅ

នាវាចម្បាំងរុស្ស៊ី បានទៅដល់ប្រទេសចិនហើយ សម្រាប់ការធ្វើសមយុទ្ធប្រចាំឆ្នាំ ខណៈលំហាត់នេះ ​កើតឡើងចំពេលសភាពការណ៍ពិភពលោកកំពុងក្តៅ ចំណែកស្ថានភាពភូមិសាស្រ្តនយោបាយសកល ក៏កំពុងស្ថិតក្នុងភាពមិនប្រាកដ ប្រជា។ 

(រូប៖ Sputnik)

តាមការបញ្ជាក់ពីក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ នាវាចម្បាំងបំពាក់មីស៊ីលនាំផ្លូវថ្នាក់ Slava ឈ្មោះ Varyag, នាវាចម្បាំងធុនតូច Surovy, នាវាមុជទឹកវាយប្រហារធុនធំដំ​ណើរការដោយម៉ាស៊ីនម៉ាស៊ូត-អគ្គិសនីថ្នាក់ Kilo ឈ្មោះ Ufa និងនាវាជួយសង្គ្រោះ Igor Belousov ​បានទៅដល់កំពុងផែ Qingdao នៃប្រទេសចិន កាលពីចុងសប្តាហ៍ ដើម្បីចូលរួមសមយុទ្ធ Sea-2026។

ចំណែកភាគីចិន មានការចូលរួមពីនាវាចម្បាំងបំពាក់មីស៊ីលនាំផ្លូវ Kaifeng និង Anshan, នាវាចម្បាំងធុនតូច Wuhu, នាវាផ្គត់ផ្គង់ Kekexilihu, នាវាជួយសង្គ្រោះនាវាមុជទឹក Yangchenghu និងនាវាមុជទឹកមួយគ្រឿងទៀត ដែលមិនត្រូវបានបញ្ចេញឈ្មោះ។

(រូប៖ Sputnik)

ក្រសួងការពារជាតិរុស្ស៊ី បញ្ជាក់ថា កងទ័ពជើងទឹកទាំងពីរ ដោយមានការគាំទ្រពីកងទ័ពអាកាស នឹងធ្វើប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ លំហាត់សមយុទ្ធប្រឆាំងនាវាមុជទឹកនិងការពារអាកាស ព្រមទាំងលំហាត់សមយុទ្ធបាញ់គ្រាប់ពិតផងដែរ។

ដោយឡែក ក្រសួងការពារជាតិចិន ក៏ចេញសេចក្តីថ្លែងការណ៍ដែរថា សមយុទ្ធនេះគឺជាផ្នែកមួយនៃផែនការកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ រវាងកងទ័ពទាំងពីរ ជាមួយគោលបំណងរួមគ្នាដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ ព្រមទាំងរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់។

(រូប៖ Sputnik)

សូមជម្រាបថា សមយុទ្ធ Sea-2026 គឺជាលំហាត់យោធាប្រចាំឆ្នាំ រវាងចិននិងរុស្ស៊ី ដែលប្រទេសទាំងពីរ ធ្វើជាសហម្ចាស់ផ្ទះ ចាប់តាំងពីឆ្នាំ ២០១២មក។ សម្រាប់ឆ្នាំនេះ​ សមយុទ្ធនេះ នឹងចាប់ផ្តើមពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៣ ខែកក្កដា៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម