ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ៖ តម្លៃប្រេងសាំងមិនអាចធ្លាក់ចុះដល់កម្រិតមុនជម្លោះអាមេរិក-អ៊ីរ៉ង់ បានភ្លាមៗនោះទេ
ទោះបីជាតម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកបានធ្លាក់ចុះ បន្ទាប់ពីភាពតានតឹងនៅមជ្ឈិមបូព៌ាបានថមថយក៏ដោយក្ដី ក៏អ្នកជំនាញសេដ្ឋកិច្ចបានព្រមានថា អ្នកប្រើប្រាស់នៅទូទាំងពិភពលោកមិនអាចរំពឹងថា តម្លៃប្រេងសាំងនឹងធ្លាក់ចុះដល់កម្រិតមុនជម្លោះបានភ្លាមៗនោះទេ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន CNA ដោយដកស្រង់ការវិភាគពីអ្នកសេដ្ឋកិច្ច និងអ្នកជំនាញថាមពលជាច្រើន។

តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់មកនៅប្រហែល ៧២ ដុល្លារ/បារ៉ែល នាដើមខែកក្កដានេះ បន្ទាប់ពីធ្លាប់កើនឡើងដល់ជិត ១២០ ដុល្លារ/បារ៉ែល ពេលជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់តានតឹងខ្លាំង ដែលបង្កក្ដីព្រួយបារម្ភអំពីការផ្គត់ផ្គង់ប្រេង។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា តម្លៃប្រេងឆៅបច្ចុប្បន្នស្ទើរតែវិលត្រឡប់ទៅកម្រិតមុនជម្លោះវិញ បន្ទាប់ពីហានិភ័យនៃការរំខានដល់ការផ្គត់ផ្គង់បានថយចុះ។
ប៉ុន្តែ ការធ្លាក់ចុះនៃតម្លៃប្រេងឆៅ មិនមានន័យថា តម្លៃប្រេងសាំងនៅតាមស្ថានីយលក់រាយ នឹងធ្លាក់ភ្លាមៗនោះទេ។
អ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៅក្រុមហ៊ុនប្រឹក្សាសេដ្ឋកិច្ច Oxford Economics អ្នកស្រី Sheana Yue បានពន្យល់ថា ទីផ្សារប្រេងមានបាតុភូតមួយដែលគេហៅថា «Rocket and Feathers» ពោលគឺ តម្លៃប្រេងសាំងតែងតែកើនឡើងលឿនដូចគ្រាប់រ៉ុក្កែត ប៉ុន្តែធ្លាក់ចុះយឺតដូចស្លាបបក្សី។
អ្នកស្រីបាននិយាយថា៖ «នៅពេលតម្លៃប្រេងឆៅកើនឡើង ក្រុមហ៊ុនលក់រាយត្រូវទិញស្តុកថ្មីក្នុងតម្លៃខ្ពស់ ដូច្នេះការចំណាយនោះត្រូវបានបញ្ជូនទៅអ្នកប្រើប្រាស់យ៉ាងឆាប់រហ័ស។ ប៉ុន្តែនៅពេលតម្លៃប្រេងធ្លាក់ចុះ ក្រុមហ៊ុនភាគច្រើននឹងរង់ចាំមើលថា ការធ្លាក់ចុះនេះមានស្ថិរភាពឬអត់ មុននឹងសម្រេចចិត្តបញ្ចុះតម្លៃលក់រាយ»។
អ្នកស្រីក៏បានបញ្ជាក់ថា តម្លៃប្រេងសាំងសព្វថ្ងៃ មិនអាស្រ័យតែលើតម្លៃប្រេងឆៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាស្រ័យលើតម្លៃប្រេងដែលបានចម្រាញ់រួច ថ្លៃដឹកជញ្ជូន ពន្ធ និងការចំណាយផ្សេងៗក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ផងដែរ។

ស្រដៀងគ្នានេះ លោក David Broadstock ដៃគូជាន់ខ្ពស់នៅក្រុមហ៊ុនប្រឹក្សាផ្នែកថាមពល The Lantau Group បាននិយាយថា ក្រុមហ៊ុនលក់ប្រេងកំពុងប្រុងប្រយ័ត្នខ្លាំងក្នុងការកំណត់តម្លៃ ព្រោះទីផ្សារប្រេងពិភពលោកនៅតែមិនមានភាពច្បាស់លាស់។
លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «ក្រុមហ៊ុនលក់ប្រេងព្យាយាមកំណត់តម្លៃឱ្យស្របទៅនឹងការរំពឹងទុករយៈពេលវែង ដើម្បីរក្សាបានប្រាក់ចំណេញសមរម្យ។ បញ្ហាគឺថា នៅពេលនេះ គ្មាននរណាអាចទាយបានច្បាស់ថា តម្លៃប្រេងនឹងទៅរកទិសដៅណាក្នុងរយៈពេលវែងនោះទេ»។
លោក Broadstock បន្ថែមថា អ្នកប្រើប្រាស់ភាគច្រើននៅតែត្រូវការប្រើប្រាស់យានយន្ត ដូច្នេះក្រុមហ៊ុនដឹងថា តម្រូវការប្រេងសាំងនឹងមិនធ្លាក់ចុះភ្លាមៗឡើយ។ លោកបាននិយាយថា «ការកែប្រែតម្លៃប្រេងសាំង ជាធម្មតាមិនកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃទេ ប៉ុន្តែអាចចំណាយពេលជាច្រើនខែ ឬសូម្បីតែច្រើនឆ្នាំ»។
បើតាម Oxford Economics ការវិលត្រឡប់ទៅកាន់កម្រិតតម្លៃប្រេងសាំងមុនជម្លោះ អាចធ្វើទៅបាន លុះត្រាតែភាពតានតឹងភូមិសាស្ត្រនយោបាយបន្តថមថយ ហានិភ័យនៅក្នុងទីផ្សារប្រេងបាត់បង់ ហើយការផ្គត់ផ្គង់ប្រេងពិភពលោកមានស្ថិរភាព។
អ្នកស្រី Sheana Yue បានប៉ាន់ប្រមាណថា៖ «ប្រសិនបើមានលក្ខខណ្ឌទាំងអស់នេះ តម្លៃប្រេងសាំងអាចនឹងវិលត្រឡប់ទៅកម្រិតមុនជម្លោះ នៅដើមឆ្នាំ ២០២៧»។
ទោះជាយ៉ាងណា អ្នកជំនាញទាំង ២ យល់ស្របថា ក្នុងរយៈពេលដែលនៅសល់នៃឆ្នាំ ២០២៦ នេះ តម្លៃប្រេងសាំងទំនងជានឹងធ្លាក់ចុះតែបន្តិចម្តងៗប៉ុណ្ណោះ មិនមែនធ្លាក់ចុះខ្លាំងនោះទេ លុះត្រាតែមានការកើនឡើងខ្លាំងនៃការផ្គត់ផ្គង់ប្រេង ឬតម្រូវការប្រើប្រាស់ប្រេងនៅលើពិភពលោកធ្លាក់ចុះយ៉ាងគំហុក៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


