Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល គំរាមវាយ អ៊ីរ៉ង់ លើកទីបី ដោយ​គ្មានវត្តមានអាមេរិក ជាមួយកម្លាំងបំផ្លិចបំផ្លាញ​មហាសាល​​

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានប្រកាសកាលពីថ្ងៃ ទី៩ ខែកក្កដា ថា កងទ័ពអ៊ីស្រាអែល​កំពុងស្ថិតក្នុងស្ថានភាពប្រុង​ជើងការ​​កម្រិត​ខ្ពស់ និងត្រៀមខ្លួនរួចជាស្រេចក្នុងយុទ្ធនាការយោធា​ដោយ​ខ្លួន​ឯងជា​ឯកតោភាគី វាយប្រហារលើប្រទេសអ៊ីរ៉ង់ជា «លើកទីបី» ប្រសិនបើចាំបាច់។

ថ្លែងនៅក្នុងពិធីរៀបចំ​ឡើង​​​ដោយ​​​យោធា លោក Katz បានសង្កត់ធ្ងន់បន្ថែមថា ប្រសិនបើអ៊ីស្រាអែលត្រូវបង្ខំចិត្តត្រឡប់ទៅធ្វើសង្រ្គាមវិញ នោះខ្លួននឹងវាយ​ប្រហារ​ជាមួយនឹងកម្លាំងយោធាកាន់តែធំ និងខ្លាំងក្លាជាងមុនឆ្ងាយណាស់។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន iranintl

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Katz បាន​បញ្ជាក់ថា កងទ័ពអាកាសអ៊ីស្រាអែល បានត្រៀមលក្ខណៈរួច​​ជាស្រេចក្នុងការ​ធ្វើ​ឲ្យ​មាន​​​អនុត្តរភាព​​​លើ​លំហអាកាស​ជា​ថ្មី​នៅក្នុងប្រទេសអ៊ីរ៉ង់ និងបើកការវាយប្រហារទ្រង់ទ្រាយធំដើម្បីកម្ចាត់រាល់ការ​គំរាមកំហែងទាំងឡាយ។ លោកក៏បានរំឮកផងដែរ អំពីការព្រមានដែលលោកធ្លាប់បាន​បញ្ជូន​ទៅកាន់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ថា ​​អានុភាព​នៃកងទ័ពអ៊ីស្រាអែលនឹងទៅដល់អ៊ីរ៉ង់ ប្រសិនបើហ៊ានប៉ុនប៉ងបង្កគ្រោះថ្នាក់ដល់អ៊ីស្រាអែល។

នៅក្នុងពិធីនោះផងដែរ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានលើកឡើងថា អ៊ីរ៉ង់ត្រូវបានធ្វើឲ្យចុះខ្សោយយ៉ាងខ្លាំង ដោយសារតែយុទ្ធនាការយោធាពីរលើកមុន ដែលអ៊ីស្រាអែលបានបើកការវាយប្រហារប្រឆាំងនឹងពួកគេ។

ទោះជាយ៉ាងណាក៏ដោយ លោកក៏បានទទួលស្គាល់ផងដែរថា ជម្លោះមួយនេះនៅមិនទាន់បញ្ចប់ទៅនៅឡើយទេ។ លោក ណេតាន់យ៉ាហ៊ូ បានថ្លែងថា «ក្រុមសម្ព័ន្តកម្លាំងរបស់អ៊ីរ៉ង់កំពុងទន់ខ្សោយជាងពេលណាៗទាំងអស់ ខណៈពេលដែលអ៊ីស្រាអែលកំពុងមានកម្លាំងខ្លាំងក្លាមិនធ្លាប់មានពីមុនមក។ យើងបានបង្ហាញឲ្យឃើញហើយថា ដៃដ៏វែងនៃកងទ័ពអាកាសអ៊ីស្រាអែល អាចលូកទៅដល់គ្រប់ទីកន្លែង ចាប់តាំងពីប្រទេសយេម៉ែន រហូតដល់អ៊ីរ៉ង់។ ប៉ុន្តែ យើងក៏ត្រូវតែទទួលស្គាល់ដែរថា យុទ្ធនាការមួយនេះនៅមិនទាន់បិទបញ្ចប់នៅឡើយទេ»។

យោងតាមសេចក្តីរាយការណ៍ព័ត៌មាន ភាពតានតឹងនេះបានហក់ឡើងកម្តៅខ្លាំងឡើងវិញ បន្ទាប់ពីការប្រយុទ្ធគ្នាជាថ្មីបានផ្ទុះឡើងរវាងអាមេរិក និងអ៊ីរ៉ង់ ដែលបង្កឲ្យមានការភ័យខ្លាចជាថ្មីពីការវិលត្រឡប់ទៅរកសង្គ្រាមទ្រង់ទ្រាយធំពេញលេញ បើទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីខែមេសា និងកិច្ចព្រមព្រៀងបញ្ចប់អរិភាពរវាងអាមេរិក និងអ៊ីរ៉ង់កាលពីខែមិថុនា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះក៏ដោយ។

គួររម្លឹកឡើងវិញថា សង្គ្រាមដ៏ក្តៅគគុកនេះបានចាប់ផ្តើមផ្ទុះឡើង កាលពីថ្ងៃទី២៨ ខែកុម្ភៈ នៅពេលដែលអាមេរិក និងអ៊ីស្រាអែលបានសហការគ្នា បើកយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសយ៉ាងធ្ងន់ធ្ងរទៅលើអ៊ីរ៉ង់ ដែលបានសម្លាប់មេដឹកនាំកំពូលរបស់សាធារណរដ្ឋឥស្លាមមួយនេះ រួមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។ ព្រឹត្តិការណ៍នេះ គឺជាយុទ្ធនាការយោធាលើកទីពីររបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ បន្ទាប់ពីសង្គ្រាមរយៈពេល ១២ថ្ងៃ កាលពីខែមិថុនា ឆ្នាំ២០២៥៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

ទីប្រឹក្សាប្រធានាធិបតី លីបង់  ទាមទារក្រុមហេសបូឡារំសាយអាវុធ និង ឲ្យ​អ៊ីស្រាអែល ដកទ័ពជាបន្ទាន់
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម