ព័ត៌មានអន្ដរជាតិ
នាវាកម្សាន្ត ពូទីន ជាង ១០០លានដុល្លារ បើកទៅចតនៅមូលដ្ឋានទ័ពជើងទឹក សង្ស័យគេចការវាយប្រហារពីដ្រូនអ៊ុយក្រែន
ប្រព័ន្ធផ្សព្វផ្សាយរបស់ដាណឺម៉ាក DR បានដេញប្រមាញ់ និងរកឃើញថា នាវាកម្សាន្តលំដាប់មហាសេដ្ឋីមួយគ្រឿង ដែលមានទំនាក់ទំនងយ៉ាងអាថ៌កំបាំងជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ត្រូវបានគេប្រទះឃើញកំពុងចតលាក់ខ្លួនយ៉ាងមានសុវត្ថិភាព នៅឯកំពង់ផែយោធា Severomorsk ភាគខាងជើងប្រទេសរុស្ស៊ី។

រូបភាពពីផ្កាយរណប ដែលថតបានយ៉ាងច្បាស់កាលពីថ្ងៃទី៥ ខែកក្កដា បានទម្លាយឱ្យឃើញវត្តមានរបស់នាវាកម្សាន្តដ៏ប្រណីតឈ្មោះ Graceful ដោយមាននាវាចម្បាំង Voyevoda បើកហែហមអមដំណើរមិនឱ្យឃ្លាតមួយជំហានឡើយ។ នាវាចម្បាំងនេះបានធ្វើដំណើរដោយបិទឧបករណ៍បញ្ជូនសញ្ញាសម្គាល់ខ្លួន ដើម្បីកុំឱ្យគេដឹងទីតាំង ប៉ុន្តែបានលួចបើកវាឡើងវិញត្រឹមរយៈពេលខ្លីប៉ុណ្ណោះ នៅពេលធ្វើដំណើរទៅដល់ចម្ងាយប្រហែល ៧០គីឡូម៉ែត្រពីកំពង់ផែ។
មុនពេលទៅដល់កន្លែងលាក់ខ្លួន ក្បួននាវាសម្ងាត់នេះ ត្រូវបានគេប្រទះឃើញនៅក្បែរឆ្នេរសមុទ្រដាណឺម៉ាក កាលពីចុងខែមិថុនា ដោយកាលនោះ ពួកគេបានផ្ញើសារបោកបញ្ឆោតប្រព័ន្ធរ៉ាដាអន្តរជាតិថា ខ្លួនកំពុងធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ ប៉ុន្តែតាមពិតទៅ នាវាដ៏អាថ៌កំបាំងនេះបែរជាបើកលបៗកាត់តាមឆ្នេរសមុទ្រន័រវែស រួចឆ្ពោះត្រង់ចូលទៅក្នុងដែនទឹកដែលមានសុវត្ថិភាពរបស់រុស្ស៊ីតែម្តង។
សារព័ត៌មាន DR ដោយដកស្រង់សម្ដីរបស់លោក Flemming Splidsboel Hansen ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់ នៅវិទ្យាស្ថានដាណាម៉ាកសម្រាប់ការសិក្សាអន្តរជាតិ (DIIS) បានឱ្យដឹងថា នាវា Graceful ត្រូវបានគេបញ្ជាឱ្យរត់គេចទៅកំពង់ផែភាគខាងជើង គឺដើម្បីការពារវាពីការវាយប្រហារសងសឹកដោយហ្វូងដ្រូនរបស់អ៊ុយក្រែន ដែលមានសមត្ថភាពវាយប្រហារបានឆ្ងាយជាងមុន និងកំពុងបង្កើនវត្តមានខ្លាំង នៅក្នុងតំបន់សមុទ្របាល់ទិក។
តាមរយៈការផ្លាស់ទីនាវាទៅកាន់កំពង់ផែយោធា Severomorsk ដែលជាមូលដ្ឋានទ័ពជើងទឹកចម្បងរបស់កងនាវាភាគខាងជើងរុស្ស៊ី នាវា Graceful ត្រូវបានស្ថិតនៅក្នុងបន្ទាយតំបន់អាកទិកដ៏ដាច់ស្រយាលមួយ ដែលត្រូវបានការពារយ៉ាងតឹងរ៉ឹងដោយនាវាចម្បាំងផ្ទុកមីស៊ីលនុយក្លេអ៊ែរ និងប្រព័ន្ធការពារអាកាសដ៏ធំធេង ដែលធ្វើឱ្យវាស្ថិតនៅឆ្ងាយហួសពីសមត្ថភាពវាយប្រហារនាពេលបច្ចុប្បន្នរបស់ដ្រូនរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន។

គួរបញ្ជាក់ថា នាវាដែលមានប្រវែងដល់ទៅ ៨២ម៉ែត្រ និងមានតម្លៃចន្លោះពី ១០០ ទៅ ១២០លានដុល្លារនេះ គឺជាកប៉ាល់កម្សាន្តធំជាងគេទីពីររបស់លោក ពូទីន ហើយវាក៏ធ្លាប់បង្ហាញខ្លួនជាច្រើនដងនៅទីក្រុង Sochi រាល់ពេលដែលមេដឹកនាំរុស្ស៊ីរូបនេះទៅសម្រាកលំហែកាយផងដែរ។
នៅដើមខែកុម្ភៈ ឆ្នាំ២០២២ ពោលគឺតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនពេលរុស្ស៊ីបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែន នាវានេះត្រូវបានបញ្ជាឱ្យចាកចេញជាបន្ទាន់ពីរោងចក្រ Blohm & Voss ក្នុងប្រទេសអាល្លឺម៉ង់ ដែលពេលនោះវាកំពុងស្ថិតក្នុងដំណាក់កាលជួសជុល និងកែច្នៃបន្ថែម។ វាបានរត់គេចខ្លួនទៅកាន់តំបន់ Kaliningrad របស់រុស្ស៊ី ដើម្បីបង្ការកុំឱ្យរដ្ឋាភិបាលលោកខាងលិច ចាប់រឹបអូស។ នៅក្នុងខែមិថុនា ឆ្នាំ២០២២ ក្រសួងហិរញ្ញវត្ថុអាមេរិក បានប្រកាសជាផ្លូវការដាក់នាវា Graceful នេះចូលក្នុងបញ្ជីទ្រព្យសម្បត្តិដែលត្រូវបង្កក ដោយសារវាមានទំនាក់ទំនងផ្ទាល់ជាមួយលោក ពូទីន។ បន្ទាប់មក វិមានក្រឹមឡាំង បានផ្លាស់ប្តូរឯកសារផ្លូវការរបស់នាវានេះ ដោយប្តូរឈ្មោះពី Graceful ទៅជា Kosatka វិញ( ដែលជាភាសារុស្ស៊ី មានន័យថា «បាឡែនពិឃាត»)៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២៣ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


