Connect with us

ព័ត៌មានជាតិ

ក្រសួងប្រៃសនីយ៍ ប្រកាសផ្តល់ថវិកាមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល

បានផុស

នៅ

ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) តាមរយៈ «កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (ក.អ.ជ.ឌ.)» បានប្រកាសផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ ដល់សិស្សដែលមានបំណងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

“កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (ក.អ.ជ.ឌ.)” ជាកម្មវិធីផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ (ជំនួយហិរញ្ញវត្ថុ មិនមែនជាអាហារូបករណ៍) ដែល ក.ប.ទ. បានបង្កើតឡើង ដើម្បីគាំទ្រដល់ដំណើរការកសាងមូលធនមនុស្សឌីជីថលឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ក៏ដូចជាបំពេញបន្ថែមលើការអនុវត្ត “កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ”។

ក្នុងឆ្នាំសិក្សា ២០២៦-២០២៧ នេះ ក.ប.ទ. នឹងវាយតម្លៃជ្រើសរើសបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៦ ដែលមានបំណងសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅតាមគ្រឹះស្ថានឧត្តមសិក្សាដៃគូរបស់ ក.អ.ជ.ឌ. ចំនួន៧ រួមមាន បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យជាតិគ្រប់គ្រង, សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ, សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន, សាកលវិទ្យាល័យកម្ពុជា។ គ្រប់ជំនាញទាំង ៧នេះ គឺត្រូវសិក្សាជាភាសាអង់គ្លេស។

បេក្ខជនជ័យលាភីនៃ ក.អ.ជ.ឌ. នឹងទទួលបានអត្ថប្រយោជន៍ ដូចជា ថវិកាបង់ថ្លៃសិក្សារហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ ដោយមិនគិតការប្រាក់ (មិនមែនជាអាហារូបករណ៍), ថវិកាសម្រាប់ទិញកុំព្យូទ័រយួរដៃ ១គ្រឿង (ប្រសិនបើមានតម្រូវការ), ថវិកាសម្រាប់បង់ថ្លៃជួលកន្លែងស្នាក់នៅ (ប្រសិនបើមានតម្រូវការ) ការប្រឹក្សាយោបល់អំពីការសិក្សា ការស្នាក់នៅ និងការអភិវឌ្ឍអាជីព, ឱកាសការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងវិស័យសាធារណៈនិងឯកជន និងអត្ថប្រយោជន៍ផ្សេងទៀត ដែលទទួលបានតាមរយៈគ្រឹះស្ថានឧត្តមសិក្សានីមួយៗ។

ចំពោះលក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនត្រូវមានសញ្ជាតិខ្មែរ, ជាសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៦ មាននិទ្ទេសរួម A B ឬ C, ជាបេក្ខជនដែលបានបំពេញគ្រប់លក្ខខណ្ឌនៃការចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថានឧត្ដមសិក្សាដៃគូទាំង៧, ឆ្លងកាត់ការវាយតម្លៃ (ជាការសម្ភាសន៍ ឬការធ្វើតេស្តសមត្ថភាព) ដោយលេខាធិការដ្ឋាននៃ ក.អ.ជ.ឌ.។ ការចុះកិច្ចសន្យាជាមួយលេខាធិការដ្ឋាននៃ ក.អ.ជ.ឌ. បន្ទាប់ពីត្រូវបានជ្រើសរើស។ សិស្សដែលមានជីវភាពក្រីក្រ មកពីជនបទដាច់ស្រយាល ជនមានពិការភាព ឬសិស្សនារី ត្រូវបានលើកទឹកចិត្ត។

ការចុះឈ្មោះស្នើសុំ បេក្ខជនត្រូវបំពេញពាក្យស្នើសុំតាមប្រព័ន្ធអនឡាញ (Online Application) ដោយត្រូវស្កេនភ្ជាប់ឯកសារយោងរួមមាន រូបថតទំហំ 4×6, សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិផ្លូវការ, អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត។

កាលបរិច្ឆេទទទួលពាក្យ គិតចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦។ បេក្ខជនត្រូវបំពេញពាក្យស្នើសុំតាមប្រព័ន្ធអនឡាញតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/dsdp-registration ឬអាចស្កេន QR Code ដូចមានភ្ជាប់ជូនខាងក្រោម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម