Connect with us

ព័ត៌មានអន្ដរជាតិ

គីម ជុងអ៊ុន បញ្ជាឱ្យពង្រីក​បណ្ដាញ​ចារកម្ម ឃ្លាំ​មើល​កូរ៉េខាងត្បូង

បានផុស

នៅ

កូរ៉េខាងជើង កំពុងបង្កើនកម្ដៅនៃជម្លោះជុំវិញឧបទ្វីបកូរ៉េ តាមរយៈការប្រកាសយ៉ាងច្បាស់ៗពីការសម្រេចចិត្តពង្រីកសកម្មភាពចារកម្ម និងពង្រឹងកម្លាំងអាវុធនុយក្លេអ៊ែរឱ្យខ្លាំងក្លាជាងមុនទាំងបរិមាណ និងគុណភាព។

លោក គីម ជុងអ៊ុន (រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារព័ត៌មាន France24 ចុះផ្សាយ​ថ្ងៃ​សុក្រ ទី​១០ ខែ​កក្កដា ឆ្នាំ​២០២៦ នៅក្នុងកិច្ចប្រជុំយោធាដ៏តានតឹងមួយកាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំកំពូល​កូរ៉េ​ខាង​ជើង​ លោក គីម ជុងអ៊ុន បានបញ្ជាដោយផ្ទាល់ឱ្យអគ្គនាយកដ្ឋានស៊ើបការណ៍សម្ងាត់ ដែលជាអង្គភាពចារកម្មយោធាដ៏សំខាន់របស់ខ្លួន បង្កើនសកម្មភាព និងបេសកកម្មឱ្យបានកាន់តែខ្លាំងក្លា ជាពិសេសលើប្រទេសកូរ៉េខាងត្បូង ដែលទីក្រុងព្យុងយ៉ាងបានចាត់ទុកជា «សត្រូវដ៏កាចសាហាវបំផុត» របស់ខ្លួន។

ការផ្លាស់ប្តូរយុទ្ធសាស្ត្រយ៉ាងកក្រើកនេះ ត្រូវបានក្រុមអ្នកជំនាញមើលឃើញថា ជាការបោះជំហានចូលទៅក្នុងសម័យកាលថ្មីមួយ ដែលកូរ៉េខាងជើងឈប់ចាត់ទុកភាគីទាំងពីរជាបងប្អូនរួមជាតិ ប៉ុន្តែបែរជាកំណត់យកកូរ៉េខាងត្បូងជា «រដ្ឋសត្រូវដាច់ដោយឡែក» ដែលតម្រូវឱ្យមានការត្រៀមលក្ខណៈស៊ើបការណ៍ និងយោធាឆ្លើយតបតាមបែបបទរដ្ឋទល់នឹងរដ្ឋវិញ។

តាមរយៈសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បានអះអាងយ៉ាងមុតមាំថា សន្តិភាពដ៏ពិតប្រាកដសម្រាប់កូរ៉េខាងជើង អាចសម្រេចទៅបាន លុះត្រាតែប្រទេសនេះ កសាងកម្លាំងយោធាឱ្យមានអំណាចគ្រប់គ្រាន់ ក្នុងការកម្ទេចរាល់ការគំរាមកំហែងពីសត្រូវ។ នៅក្នុងកិច្ចប្រជុំនោះ ផែនការជាច្រើន ត្រូវបានដាក់ចេញ រួមមាន ការធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាយោធា ការពង្រឹងសមត្ថភាពស៊ើបការណ៍ឱ្យដល់កម្រិតខ្ពស់បំផុត និងការសាងសង់មូលដ្ឋានទ័ពជើងទឹកថ្មីៗ ដើម្បីលើកកម្ពស់តួនាទីរបស់កងទ័ពជើងទឹកឱ្យមានភាពខ្លាំងក្លាជាងមុននៅលើផ្ទៃសមុទ្រ។

អ្នកវិភាគកិច្ចការអន្តរជាតិ បានកត់សម្គាល់ថា ការដែលកូរ៉េខាងជើងសម្រេចពង្រីកសកម្មភាពចារកម្មបែបនេះ គឺជានិមិត្តរូបនៃការផ្លាស់ប្តូរឥរិយាបថផ្នែកការទូត និងយោធាដ៏ធំ។ នៅពេលដែលសកម្មភាពស៊ើបការណ៍ មិនមែនធ្វើឡើងត្រឹមតែដើម្បីប្រមូលព័ត៌មានធម្មតា ប៉ុន្តែធ្វើឡើងក្នុងទម្រង់ជាសត្រូវដែលមិនអាចផ្សះផ្សាបាន វាធ្វើឱ្យស្ថានភាពនៅលើឧបទ្វីបកូរ៉េកាន់តែមានភាពផុយស្រួយ។ គេសង្ស័យថា ទីក្រុងព្យុងយ៉ាងអាចកំពុងប្រើប្រាស់ធនធានបច្ចេកវិទ្យា ដែលទទួលបានពីការផ្លាស់ប្តូរផលប្រយោជន៍ជាមួយរុស្ស៊ី ក្នុងសង្គ្រាមនៅអ៊ុយក្រែន ដើម្បីមកពង្រឹងសមត្ថភាពផ្កាយរណបចារកម្ម និងប្រព័ន្ធឃ្លាំមើលរបស់ខ្លួន។

សម្រាប់កូរ៉េខាងត្បូង វា​គឺជាសញ្ញាអាសន្នដ៏ធំមួយ។ ក្រសួងបង្រួបបង្រួមជាតិរបស់កូរ៉េខាងត្បូង បានបញ្ជាក់ថា ខ្លួនកំពុងតាមដានរាល់ចលនារបស់អង្គភាពចារកម្មកូរ៉េខាងជើង ដោយក្តីព្រួយបារម្ភបំផុត។ ប្រវត្តិសាស្ត្រនៃប្រតិបត្តិការសម្ងាត់របស់កូរ៉េខាងជើង មិនមែនជាការលេងសើចឡើយ តាំងពីការប៉ុនប៉ងធ្វើឃាតមេដឹកនាំ ការបញ្ជូនចារកម្មជ្រៀតចូលស្ថាប័នរដ្ឋ រហូតដល់ការប្រមូលព័ត៌មានសម្ងាត់ថ្នាក់ជាតិ។ ការសម្រេចចិត្តរបស់លោក គីម ជុងអ៊ុន នៅពេលនេះ មិនត្រឹមតែជាការត្រៀមលក្ខណៈធ្វើសង្គ្រាមក្នុងន័យយោធាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការប្រើប្រាស់ «សង្គ្រាមចិត្តសាស្ត្រ និងសង្គ្រាមព័ត៌មាន» ដើម្បីដាក់សម្ពាធលើទីក្រុងសេអ៊ូលឱ្យជាប់ក្នុងភាពភ័យខ្លាចផងដែរ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម