Connect with us

ព័ត៌មានអន្ដរជាតិ

ជោគជ័យធំៗទាំង៣ របស់អ៊ុយក្រែន ពីជំនួបកំពូលអង្គការ​ណាតូ នៅទីក្រុងអង់ការ៉ា

បានផុស

នៅ

ក្នុងជំនួបកំពូលអង្គការណាតូ (NATO) ដែលទើបតែបញ្ចប់ទៅនៅទីក្រុងអង់ការ៉ា ប្រទេសតួកគី កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀរ ហ្សេលេនស្គី បានចាកចេញពីកិច្ចប្រជុំ ដោយដៃម្ខាងកាន់នូវជោគជ័យជាយុទ្ធសាស្ត្រដ៏សំខាន់ៗចំនួន ៣ សម្រាប់អនាគតនៃសង្គ្រាម និងសន្តិសុខជាតិរបស់ខ្លួន។ នេះ​បើ​យោងតាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន United24 Media និង Kyiv Independent

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាការពិភាក្សាអំពីការចូលជាសមាជិកណាតូពេញលេញនៅមានភាពស្មុគស្មាញក៏ដោយ ក៏​លទ្ធផលជាក់ស្តែង ដែលអ៊ុយក្រែនទទួលបាននៅក្នុងជំនួបលើកនេះ ត្រូវបានអ្នកជំនាញចាត់ទុកថាជាការ​បោះ​ជំហានដ៏ធំមួយ។

១. ការអនុញ្ញាតឱ្យផលិតប្រព័ន្ធការពារដែនអាកាស Patriot ក្នុងស្រុក

វា​គឺជាជោគជ័យដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតមួយ។ ក្នុងជំនួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ភាគីអាមេរិកបានបង្ហើបពីការផ្តល់ភ្លើងខៀវដល់អ៊ុយក្រែន ដើម្បីផលិតប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ដោយខ្លួនឯង។ នេះ​​ជាការឆ្លើយតបចំគោលដៅទៅនឹងតម្រូវការដ៏ចាំបាច់បំផុតរបស់អ៊ុយក្រែន ក្នុងការការពារទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ពីការវាយប្រហារដោយមីស៊ីលបាលិស្ទិករបស់រុស្ស៊ី ដែលប្រព័ន្ធការពារដទៃទៀតពិបាកនឹងទប់ស្កាត់។

២. កញ្ចប់ជំនួយយោធាដ៏មហិមាចំនួន ៧០ពាន់លានអឺរ៉ូ

អង្គការណាតូ បានផ្តល់ការសន្យាយ៉ាងរឹងមាំ តាមរយៈការប្តេជ្ញាចិត្តផ្តល់កញ្ចប់ជំនួយយោធា ដែលមានតម្លៃដល់ទៅ ៧០​ពាន់លានអឺរ៉ូ (ប្រហែល ៨០ពាន់លានដុល្លារ) សម្រាប់ឆ្នាំ២០២៦ និងបានសន្យាថានឹងរក្សាកម្រិតជំនួយនេះបន្តទៅទៀត នៅឆ្នាំ២០២៧។ ការសន្យានេះ មិនត្រឹមតែជាការផ្គត់ផ្គង់អាវុធប៉ុណ្ណោះទេ ប៉ុន្តែវាក៏រួមបញ្ចូលទាំងការហ្វឹកហ្វឺន និងឧបករណ៍យោធាទំនើបៗ ដែលជួយឱ្យអ៊ុយក្រែនអាចបន្តឈរជើងប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីបានយ៉ាងរឹងមាំ។

៣. ការផ្លាស់ប្តូរតួនាទីពី «អ្នកទទួលជំនួយ» មកជា «អ្នកផ្តល់សន្តិសុខ»

នៅក្នុងជំនួបនេះ កិច្ចសន្ទនាអំពីអ៊ុយក្រែន មានការផ្លាស់ប្តូរខ្លាំង។ ប្រទេសសមាជិកណាតូ មិនមែនគ្រាន់តែមើលឃើញអ៊ុយក្រែនជាប្រទេស ដែលរង់ចាំតែជំនួយប៉ុណ្ណោះទេ ប៉ុន្តែបានទទួលស្គាល់ថា អ៊ុយក្រែនគឺជាដៃគូសន្តិសុខដ៏សំខាន់ ដែលកំពុងរួមចំណែកពង្រឹងសន្តិសុខតំបន់អាត្លង់ទិកខាងជើង។ តាមរយៈសមិទ្ធផលជោគជ័យលើសមរភូមិ ជាពិសេសផ្នែកបច្ចេកវិទ្យាដ្រូន ដែលអ៊ុយក្រែនមានភាពលេចធ្លោខ្លាំង ណាតូបានចាត់ទុកថាបទពិសោធន៍ការពារជាតិរបស់អ៊ុយក្រែន គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់សន្តិសុខអឺរ៉ុបទាំងមូល។

កិច្ចប្រជុំនៅទីក្រុងអង់ការ៉ាលើកនេះ បានបង្ហាញឱ្យឃើញថា ទោះបីជាស្ថានការណ៍នយោបាយពិភពលោកមានការប្រែប្រួលក្តី ប៉ុន្តែសម្ព័ន្ធភាពរវាងណាតូ និងអ៊ុយក្រែននៅតែបន្តរឹងមាំ។ ការដែលអ៊ុយក្រែនទទួលបានសិទ្ធិផលិតអាវុធយុទ្ធសាស្ត្រដោយខ្លួនឯង និងការទទួលបានកញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ គឺជារបត់ថ្មីមួយ ដែលធ្វើឱ្យរុស្ស៊ីត្រូវពិចារណាយ៉ាងខ្លាំង ចំពោះផែនការសង្គ្រាមរយៈពេលវែងរបស់ខ្លួន៕

អត្ថបទ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម