Connect with us

កីឡា

ក្រុម​នារី​កម្ពុជា នឹង​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ បើ​ឈ្នះ ទីម័រខាង​កើត រសៀល​នេះ

បានផុស

នៅ

ដល់​ថ្ងៃ​ដែល​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​នារី​កម្ពុជា ប្រកួត​ជា​មួយ ក្រុម​នារី​ទីម័រ​ខាងកើត វេលា​ម៉ោង ៣:៤៥​នាទី រសៀល ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ ២០២៦ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​ពាន​រង្វាន់ AFF Women’s Cup នៅ​ប្រទេស​ម៉ាឡេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​នារី​កម្ពុជា នឹង​​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រដោយ​ស្វ័យ​ប្រវត្តិ​​តែ​ម្តង​ ប្រសិន​បើ​ឈ្នះ​ទីម័រ​ខាង​កើត នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ ពី​ព្រោះ​ក្រុម​នារីទីម័រខាង​កើត បាន​ចាញ់​ ក្រុម​នារី​ឥណ្ឌូណេស៊ី ២-០ ខណៈ​​នៅ​ក្នុង​ពូល​មាន​តែ ៣ ក្រុម​ប៉ុណ្ណោះ។ ប្រសិន​បើ​ទីម័រ​ខាង​កើត ចាញ់ ពួក​គេ​អស់​ឱកាស ហើយ​មាន​តែ កម្ពុជា និង​ឥណ្ឌូណេស៊ី ជា​អ្នក​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

ប្រវត្តិ​ជួប​គ្នា ៣ លើក​កន្លងមក ក្រុម​នារី​កម្ពុជា​ធ្លាប់​ចាញ់ ទីម័រខាង​កើត​ឡើយ​ពោល​គឺ​ឈ្នះ​ទាំង​អស់​នៅ​ក្នុង​ពាន​រង្វាន់ AFF Women’s Championship។ ឆ្នាំ ២០១៨ ក្រុម​នារី​កម្ពុជា បាន​ឈ្នះ ១២-០, ឆ្នាំ ២០២២ បាន​ឈ្នះ ៣-១ និង​ឆ្នាំ ២០២៤ បាន​ឈ្នះ ៣-០។

សម្រាប់​ការ​ចូល​រួម​ប្រកួត​របស់​ក្រុម​នារី​កម្ពុជាលើក​នេះ​មាន​​ទំនុក​ចិត្ត​ និង​ក្តី​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ទទួល​បាន​លទ្ធផល​​ល្អ​ បន្ទាប់​ពី​សិក្សា​ស្វែង​យល់​​ពី​ដៃ​គូ​ប្រកួត និង​ការ​ត្រៀម​ខ្លួន​បាន​ល្អ។

កាល​ពី​ខែ​មិថុនាកន្លង​ទៅ ក្រុម​នារី​កម្ពុជា បាន​ចេញ​ទៅ​ប្រកួត​មិត្តភាព​អន្តរជាតិ​​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ចំនួន ២ ប្រកួត គឺ​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​នារី​សិង្ហបុរី ដោយ​លទ្ធផល ៥-០ និង​ស្មើ​ជា​មួយ​ក្រុម​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី ១-១។ នេះ​ជា​ការ​ត្រៀម​ខ្លួន​យ៉ាង​ល្អមុន​ពេល​ការ​ប្រកួត​ផ្លូវ​ការ​ឈាន​ចូល​មក​ដល់​។

ក្រុម​នារី​កម្ពុជា បាន​នាំ​ចូល​កីឡាការិនី​កូន​កាត់​មក​ពី​ក្រៅ​ប្រទេស ២ នាក់​ទៀត​គឺ​កីឡាការិនី​ខ្មែរ-កាណាដា ឈីវ សាលីណា និង​កីឡាការិនី​ខ្មែរ-អាមេរិក សាំង​ រ៉ូ​សាន​ហ្គីនដូលីន។ ពេល​បាន​ចូល​រួម​ហ្វឹក​ហាត់​ជា​មួយ​មិត្ត​រួម​ក្រុម កីឡាការិនី​ទាំង​ពីរ​នាក់​សុទ្ធ​តែ​រំពឹង​ខ្ពស់​ក្នុង​ការ​ឈ្នះ​ជើង​ឯក។

ពាន​រង្វាន់ AFF Women’s Cup ឆ្នាំ ២០២៦ នេះ​មាន​ក្រុម​ចំនួន ៦ ចូល​រួម​ប្រកួត​គឺ កម្ពុជា ឥណ្ឌូណេស៊ី ទីម័រ​ខាង​កើត សិង្ហបុរី ឡាវ និង​ម្ចាស់​ផ្ទះ ម៉ាឡេស៊ី។ ក្នុង​ចំណោម​ក្រុម​ទាំង​អស់​នេះ បើ​គិត​លើ​ស្ថិតិ និង​​លទ្ធផល​នៃ​ការ​ប្រកួត​កន្លង​មក​គឺ​មាន​តែ ឥណ្ឌូណេស៊ី ​មាន​គុណភាពល្អ​ដែល​ក្លាយ​ជា​គូ​ប្រជែង​ធំ​ សម្រាប់​ក្រុម​នារី​កម្ពុជា៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម