Connect with us

សេដ្ឋកិច្ច

តម្លៃមាស​ធ្លាក់ចុះ​ក្រោម ៥​​​ ពាន់ដុល្លារ ក្នុងមួយតម្លឹង​ បន្ទាប់ជម្លោះនៅមជ្ឈិមបូព៌ា​ផ្ទុះឡើងជាថ្មី

បានផុស

នៅ

តម្លៃ​ហាងឆេង​មាសបាន​ធ្លាក់​ចុះ​ក្រោម ​៥ ​ពាន់ដុល្លារ ​(៤៩៧០) ​ក្នុង​មួយ​តម្លឹង​ នៅថ្ងៃចន្ទនេះ បន្ទាប់​ពីមានការវាយប្រហាររវាងអាមេរិក និងអ៊ីរ៉ង់ផ្ទុះឡើងជាថ្មីជាងមួយសប្ដាហ៍ ធ្វើឱ្យ​មាន​ការព្រួយ​បារម្ភពីការកើនឡើងអតិផរណា សម្ពាធពីធនាគារកណ្ដាលអាមេរិក​ចង់តម្លើងអត្រាការប្រាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គិតត្រឹម៉ោង​ ៩ ​ព្រឹកថ្ងៃទី ​១៣ កក្កដា ២០២៦ ​ហាងឆេង​មាស ​នៅ​តាម​បណ្ដា​ហាងនានា​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​លក់​ចេញ​ ៤៩៣ ដុល្លារ ក្នុង​មួយ​ជី​។​

លោក​ឧកញ៉ា ​ចិន សំណាង ​ថៅកែហាងពេជ្រ​ CSNJ ​មានប្រសាសន៍ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បន្តវាយប្រហារ ធ្វើឱ្យតម្លៃមាសធ្លាក់ចុះ ប៉ុន្តែភាគីទាំងពីរបន្តស្វែងរកកិច្ចព្រមព្រៀងសន្តិភាព។

​ឧកញ៉ា ​ចិន សំណាង បន្ថែមថា៖ «ពេលដែលការវាយប្រហារគ្នាកើតឡើង ធ្វើឱ្យតម្លៃប្រេងនៅលើពិភព​លោក​​កើនឡើង ហើយពេលប្រេងឡើង មានន័យថា អតិផរណាកើនឡើង ធ្វើឱ្យធនាគារកណ្ដាលអាមេរិកចង់ដំឡើងអត្រាការប្រាក់»។

​លោក ឡុង សំណាង ​​នាយក​អភិវឌ្ឍ​អាជីវកម្ម​នៃក្រុមហ៊ុន ​PP Link securities​ មានប្រសាសន៍ថា លោក​ប្រធានធានាគារកណ្ដាលថ្មីរបស់សហរដ្ឋអាមេរិក លោក Kevin Warsh ​ចង់ដំឡើងអត្រា​ការប្រាក់ ​ដោយ​សារ​ទំនិញ​នៅ​សហ​រដ្ឋអាមេរិកមានការកើនឡើងខ្លាំង ​ដោយសារជាប់ពន្ធ ឬក៏បញ្ហាមួយចំនួន ​ធ្វើឱ្យអត្រា​អតិ​ផរណាអាចកើតឡើង​ ដែលនឹងធ្វើឱ្យមាសធ្លាក់ចុះ។​

​អាជីវករផ្សារលក់មាសផ្សាធំថ្មី ​បានឱ្យដឹងថា​ បច្ចុប្បន្នអតិថិជន​មិនសូវ​ទៅលក់​មាស​ទេ ​ដោយ​​សារ​គាត់​ទិញ​ក្នុង​តម្លៃខ្ពស់ហើយយកទៅលក់វិញខាតក្នុងពេលហាងឆេងធ្លាក់ចុះ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម