Connect with us

ព័ត៌មានអន្ដរជាតិ

សភាបារាំង ​បើកផ្លូវឱ្យអ្នកជំងឺ​ធ្ងន់ធ្ងរមានសិទ្ធិ​បញ្ចប់ជីវិត​ ដោយ​ស្របច្បាប់

បានផុស

នៅ

តំណាងរាស្រ្ត​​បារាំង​ បានអនុម័ត​សេចក្តីព្រាងច្បាប់មួយ ដែល​​នឹង​បង្កើតសិទ្ធិស្របច្បាប់ក្នុង​ការជួយបញ្ចប់​ជីវិត​សម្រាប់មនុស្ស​ពេញវ័យ​​ណាដែល​​មានជំងឺមិនអាចព្យាបាល​បាន ឬ​ក៏​គ្មាន​លទ្ធភាព​ព្យាបាល​ បន្ទាប់​ពីការជជែកវែកញែកខាង​សីលធម៌ និងនយោបាយ​​អំពើ​បញ្ហា​នេះ​។

ទី​ភ្នាក់​ងារ​សារព័ត៌មាន AFP និង Al Jazeera ផ្សាយ​នៅ​ថ្ងៃ​ទី​១៥​ ខែ​កក្ក​ដា ឆ្នាំ​២០២៦ ឱ្យ​ដឹង​ថា ច្បាប់នេះ ត្រូវបានអនុម័តកាល​ពីថ្ងៃពុធនៅ​ក្នុងសភាបារាំង នឹង​អនុញ្ញាតឱ្យមនុស្សម្នាក់ទទួល​បានសារធាតុ​​មួយ​ក្រោមលក្ខខណ្ឌ​តឹងរ៉ឹង ប្រសិនបើពួកគេ​ស្នើសុំ។ សារធាតុនោះ​អាចត្រូវ​បានគ្រប់គ្រង​ដោយ​ខ្លួនឯង ឬគ្រប់គ្រងដោយ​វេជ្ជបណ្ឌិត ឬគិលានុបដ្ឋាយិកា ​ប្រសិនបើអ្នកជំងឺ​មិនអាចធ្វើ​បាន​។

សភាបារាំង​។ រូបភាព៖ AFP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ទទួលបាន​ជំនួយសម្រាប់​ការ​បញ្ចប់​ជីវិត​នឹង​ត្រូវ​បាន​កំណត់​ ចំពោះ​មនុស្សពេញវ័យ​ជាពលរដ្ឋ​បារាំង ឬអ្នករស់នៅស្របច្បាប់នៅ​ប្រទេសបារាំង និងអ្នកទទួល​រងពីជំងឺ​ណាមិនអាចព្យាបាលបាន ស្ថិត​ក្នុងដំណាក់កាល​ធ្ងន់ធ្ងរ ឬដំណាក់កាលចុងក្រោយ។

គួរ​បញ្ជាក់​ថា ច្បាប់​នេះ​ក៏នឹងត្រូវបាន​រក្សាទុកសម្រាប់អ្នកជំងឺ​ដែលជួបប្រទះ​នឹងទុក្ខ​វេទនាខាងរាងកាយ ឬផ្លូវចិត្តជាប់លាប់​ទាក់ទង​នឹងស្ថានភាព​ជាក់​ស្តែង​ និង​មានសមត្ថភាពពេញលេញ​ក្នុងការធ្វើការ​សម្រេចចិត្តដោយ​សេរី។

​សភា​ជាន់ទាប គឺរដ្ឋសភា​បារាំង​ បាន​អនុម័ត​សេចក្តី​សម្រេច​នេះ​ដោយ​សំឡេងគាំទ្រ ២៩១ ទល់នឹង ២៤១ ។ ជុំ​វិញ​រឿង​នេះ ប្រធានាធិបតី​បារាំង​ លោក​ Emmanuel Macron លើក​ឡើង​លើ​បណ្តាញ​សង្គម​ X ថា៖ « ស្តី​ពី​បញ្ហានេះ ជារឿងផ្ទាល់ខ្លួន ក៏ដូច​ជារឿងធ្ងន់ធ្ងរ និងទាក់ទងនឹង​អាយុ​ជីវិត ទុក្ខវេទនា និងសេចក្តីថ្លៃថ្នូរ ​មានតែវិធីសាស្រ្តមួយដែលអាចធ្វើទៅបាន គឺ​ចំណាយពេលស្តាប់ ចូលរួមក្នុង​ការសន្ទនា និងធ្វើ​ការជជែកពិភាក្សា»។

លោកបន្ត​ថា​៖ « នៅឆ្នាំ២០២២ ខ្ញុំ​បានប្តេជ្ញាចិត្តក្នុងការបង្កើត​ផ្លូវនេះ[ច្បាប់​បញ្ចប់​ជីវិត​] ​រួមគ្នា​ជាមួយប្រជាជនបារាំង។ ដោយ​មានភាព​​ជា​មនុស្ស និងការគោរពយ៉ាងពេញលេញ​ ចំពោះលទ្ធិប្រជាធិបតេយ្យរបស់យើង ខ្ញុំបាន​គោរពការប្តេជ្ញាចិត្តនេះ​»។

ប្រសិន​បើ​ក្រុមប្រឹក្សាធម្មនុញ្ញរបស់​ប្រទេសនេះ​អនុម័តច្បាប់​បញ្ចប់​ជីវិត ប្រទេសបារាំងនឹងចូលរួមជាមួយ​ប្រទេសហូឡង់ បែលហ្ស៊ិក ស្វីស និង​កាណាដា ក្នុងការ​បញ្ចប់​ជីវិត​ដោយមានជំនួយស្របច្បាប់​។

ក្រុម​អ្នក​គាំទ្រនិយាយថា ច្បាប់នេះនឹងផ្តល់ឱ្យមនុស្ស​ដែលប្រឈម​នឹង​ទុក្ខវេទនា​ដែល​មិនអាចទ្រាំទ្របាន​នៅចុងបញ្ចប់នៃជីវិត​ នូវស្វ័យភាព ​និងការ​គ្រប់គ្រងកាន់តែច្រើន​លើរបៀប​​ពួក​គេ​ជ្រើស​រើស​ ខណៈរក្សា​បាន​នូវការការពារ​យ៉ាងតឹងរ៉ឹង។

លោកស្រី Anne Raynaud តំណាង​សមាគមបារាំងសម្រាប់​សិទ្ធិ​អ្នក​ស្លាប់ដោយសេចក្តីថ្លៃថ្នូរ និយាយថា៖ « មនុស្សនឹង​អាចសម្រេចចិត្ត​ដោយខ្លួនឯងថា​ពេលណា និងរបៀបណា​ដែលពួកគេចង់​ស្លាប់ ពេល​ដែល​ទុក្ខវេទនារបស់ពួកគេ​មិនអាចទ្រាំទ្រ​បាន​»៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម