Connect with us

ជីវិតកម្សាន្ដ

ព្រឹត្តិការណ៍ទន្ទឹងរង់ចាំ! G-Devith និងបូព្រឹក្ស ត្រៀមផ្តល់ការភ្ញាក់ផ្អើលដល់ទស្សនិកជន ៥ម៉ឺននាក់ លើឆាកតន្ត្រីដ៏ធំនៅមរតកតេជោ

បានផុស

នៅ

តារាចម្រៀង ទេព បូព្រឹក្ស បានប្រកាសពីគម្រោងរៀបចំប្រគុំតន្ត្រីខ្នាតអន្តរជាតិដ៏ធំ ក្រោមស្លាក “G-DEVITH TO THE GLOBAL – From the Kingdom to the World” ដោយគ្រោងរៀបចំនៅ ពហុកីឡដ្ឋានជាតិមរតកតេជោ និងបើកឱ្យទស្សនិកជនចូលរួមរហូតដល់ ៥ម៉ឺននាក់ ក្នុងគោលបំណងនាំសិល្បៈ និងវប្បធម៌កម្ពុជាឆ្ពោះទៅកាន់ឆាកអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីទទួលបានការគាំទ្រ ក៏ដូចជាជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍ធំៗ ក្នុងការរួមចំណែកលើកស្ទួយវប្បធម៌ខ្មែរជាបន្តបន្ទាប់ តាមរយៈសិល្បៈចម្រៀងសហសម័យ លោក ជី ដេវីត និងអ្នកនាង ទេព បូព្រឹក្ស កំពុងត្រៀមបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់វិស័យតន្ត្រីកម្ពុជា។ បើតាមការបង្ហើបឱ្យដឹង ការប្រគុំតន្ត្រីនេះនឹងរៀបចំព្រឹត្តិការណ៍វប្បធម៌ដ៏ធំ ព្រមជាមួយការសម្តែងផ្ទាំងទស្សនីយភាពច្រើនទម្រង់ជាថ្មី ដើម្បីលើកស្ទួយសិល្ប: វប្បធម៌ អរិយធម៌របស់ខ្មែរ។

ក្នុងព្រឹត្តិការណ៍ «ខ្លឹមនៃព្រះនគរ» ផ្ទាំងទស្សនីយភាព «ទេវរាជ» បានបង្ហាញខ្លួនជាលើកដំបូងក្នុងទម្រង់សហសម័យ ដោយរួមបញ្ចូលសិល្បៈបុរាណ និងសម័យយ៉ាងច្នៃប្រឌិត។ ពេលនេះ ផ្ទាំងទស្សនីយភាពដ៏ពិសេសនេះ នឹងវិលត្រឡប់មកជាថ្មីក្នុងទ្រង់ទ្រាយធំជាងមុន ដើម្បីបើកទំព័រថ្មីនៃសិល្បៈកម្ពុជាឆ្ពោះទៅកាន់ឆាកអន្តរជាតិ។

ទន្ទឹមនឹងការប្រកាសគម្រោងនេះ ទេព បូព្រឹក្ស ក៏បានបង្ហើបថា នៅថ្ងៃទី ២៦ ខែកក្កដា ខាងមុខ អាចនឹងមានដំណឹងល្អច្រើនជាងមួយសម្រាប់អ្នកគាំទ្រ។ ហេតុនេះ អ្នកនាងបានអំពាវនាវឱ្យសាធារណជន ពិសេសអ្នកគាំទ្រត្រៀមខ្លួនចូលរួម ដើម្បីរួមគ្នាជំរុញសិល្បៈកម្ពុជាឱ្យកាន់តែរីកចម្រើន និងឈានទៅកាន់កម្រិតអន្តរជាតិ។

ជាមួយគ្នានេះ អ្នកនាងក៏បានលើកឡើងពីការប្តេជ្ញាចិត្តរបស់ខ្លួនថា ទោះបីជាពេលខ្លះមានអារម្មណ៍ចង់ដកថយក៏ដោយ ក៏មិនអាចបោះបង់ការសន្យាចំពោះសិល្បៈ និងវប្បធម៌ខ្មែរបានឡើយ។ អ្នកនាងនៅតែបន្តអះអាងឆន្ទៈខ្លួនថា ទេព បូព្រឹក្ស ថា “ខ្ញុំមិនអាចក្បត់បេះដូងរបស់ខ្លួនឯងបាន ជាមួយពាក្យដែលធ្លាប់បានសន្យាក្នុងការជ្រោមជ្រែងសិល្បៈវប្បធម៌របស់យើងដើម្បីមុខមាត់ប្រទេសជាតិគ្រប់ទីកន្លែងដែលពួកយើងបានទៅដល់នៅក្នុងទម្រង់បុរាណ សម័យផ្សំធាតុបញ្ចូល”។

សម្រាប់ការប្រគុំតន្ត្រីលើកនេះ តារាចម្រៀង ទេព បូព្រឹក្ស អះអាងដែរថា ផ្ទាំងទស្សនីយភាពដ៏ធំនេះ នឹងលេចរូបរាងឡេីងដោយនាងនឹងបង្កេីតនូវការសម្តែងទម្រង់សិល្បៈបុរាណមិនយឺត សម័យមិនបរទេស នៅក្នុងការប្រគុំតន្រ្តីមួយនេះជាមួយនឹងទំហំពេញលេញ ដែលមិនធ្លាប់មានពីមុនមកនាងនឹងបង្កេីតការស្រមើលស្រមៃនៃគំនិតច្នៃប្រឌិត ដ៏អស្ចារ្យ មួយឱ្យក្លាយជាការពិតនៅពេលនេះ។

ប្រាកដណាស់តារាចម្រៀង ទេព បូព្រឹក្ស កន្លងទៅតែងបង្ហាញពីសកម្មភាពចូលរួមជួយផ្សព្វផ្សាយលើកស្ទួយពីវប្បធម៌ អរិយធម៌ខ្មែរ តាមរយៈស្នាដៃ MV បទចម្រៀងដែលនាង និងស្វាមីតែងតែចាប់គ្នាជាបន្តបន្ទាប់។ សកម្មភាពនេះគឺទទួលបានការគាំទ្រ និងស្ងើចសរសើរច្រើនពីមហាជនអ្នកគាំទ្រ៕ ដោយ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម