Connect with us

ព័ត៌មានអន្ដរជាតិ

ពិភពលោកប្រឈមនឹងពន្ធអាមេរិកថ្មី ដោយរដ្ឋបាល ត្រាំ គ្រោងប្រកាសពន្ធពលកម្មដោយបង្ខំ ហើយប៉ះទាំងកម្ពុជា

បានផុស

នៅ

ពិភពលោកកំពុងត្រៀមប្រឈមនឹងរលកពន្ធថ្មីពីសហរដ្ឋអាមេរិក ខណៈរដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ កំពុងរៀបចំ​ប្រកាសពន្ធថ្មីពាក់ព័ន្ធពលកម្មដោយបង្ខំតាមមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ ដែលអាចប៉ះពាល់ដល់ប្រទេសជាច្រើន រួមទាំងកម្ពុជា។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាងពាណិជ្ជកម្មអាមេរិក (USTR) លោក Jamieson Greer បានបង្ហើបក្នុងបទសម្ភាសជាមួយ CNBC កាលពីថ្ងៃអង្គារ ក្រោយត្រូវបានចោទសួរពាក់ព័ន្ធនឹងពន្ធថ្មីថា៖ «យើងរំពឹងថានឹងមានវិធានការមួយចំនួនក្នុងពេលឆាប់ៗនេះ» ប៉ុន្តែលោកមិនអាចបញ្ជាក់ពេលវេលាច្បាស់លាស់បានទេ ដោយសារត្រូវជូនដំណឹងដល់សភា និងភាគីពាក់ព័ន្ធជាមុន។

ការប្រកាសនេះកើតឡើង​ប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋបាល ត្រាំ បានដាក់ពន្ធថ្មី ៥០% លើទំនិញពីកាណាដា និង ២៥% លើទំនិញនាំចូលពីប្រេស៊ីល ​ខណៈពន្ធបណ្តោះអាសន្នមួយទៀតរបស់អាមេរិក ​នឹងផុតកំណត់នៅថ្ងៃសុក្រនេះ។

ហេតុអ្វីអាមេរិក​ដាក់ពន្ធថ្មី?

កាលពីខែកុម្ភៈ តុលាការកំពូលអាមេរិកបានសម្រេចថា ពន្ធគយបដិការ​ ឬ ​«Reciprocal Tariffs» ដែលលោក ត្រាំ ប្រកាសឡើងកាលពីឆ្នាំ ២០២៥ ថាខុសច្បាប់ និងត្រូវលុបចោល។ តុលាការបានសម្រេចថា ច្បាប់​​ស្តីពីអំណាចសេដ្ឋកិច្ច​ក្នុងគ្រាអាសន្នអន្តរជាតិ (IEEPA) ដែលរដ្ឋបាល ត្រាំ បានប្រើប្រាស់ គឺមិនបានផ្តល់សិទ្ធិគ្រប់គ្រាន់សម្រាប់ការដាក់ពន្ធ​នោះទេ។

​ក្រោយការសម្រេចនេះ រដ្ឋបាល ត្រាំ បានស្វែងរកមូលដ្ឋានច្បាប់ផ្សេងទៀត ដើម្បីបន្តយុទ្ធសាស្ត្រពន្ធរបស់ខ្លួន។ ពន្ធថ្មី​រដ្ឋបាលគ្រោងប្រកាសឡើងនោះ នឹងប្រើប្រាស់មាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤ ដែលអនុញ្ញាតឱ្យអាមេរិកចាត់វិធានការលើប្រទេសដែលខ្លួនចោទថាមានការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ ដែលរួមបញ្ជូលទាំងបញ្ហា​កម្លាំងពលកម្មដោយបង្ខំ។

តំណាងពាណិជ្ជកម្មអាមេរិក (USTR) លោក Jamieson Greer

លោក Greer បាននិយាយថា ការស៊ើបអង្កេតថ្មីផ្តោតលើបញ្ហាពលកម្មដោយបង្ខំ ដោយបញ្ជាក់ថា៖ «សហរដ្ឋអាមេរិកមានច្បាប់ហាមឃាត់ការជួញដូរទំនិញដែលផលិតដោយពលកម្មដោយបង្ខំ។ ប្រទេសផ្សេងៗជាច្រើនមិនមានច្បាប់បែបនេះ ឬមិនបាន​អនុវត្តវា​ឱ្យ​មានប្រសិទ្ធភាព»។

គួរកត់សម្គាល់ថា មុន​ដាក់វិធានការថ្មី រដ្ឋបាល ត្រាំ ក៏បានប្រើពន្ធបណ្តោះអាសន្នតាមមាត្រា ១២២ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤ ដែលដាក់ពន្ធ ១០% លើការនាំចូលទូទៅ។ ពន្ធនេះត្រូវផុតកំណត់នៅថ្ងៃសុក្រ ប្រសិនបើសភាមិនចាត់វិធានការបន្ត។

ដើម្បីបន្តគោលនយោបាយពន្ធ រដ្ឋបាលអាមេរិកកំពុងប្តូរទៅប្រើមាត្រា ៣០១ ដែលអ្នកជំនាញមួយចំនួនមើលឃើញថាអាចមានភាពរឹងមាំជាងផ្នែកច្បាប់។

កម្ពុជានិងប្រទេសអាស៊ីក្នុងបញ្ជី

យោងតាម USTR ប្រទេសប្រមាណ ៦០ រួមទាំងសហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តជាច្រើន ត្រូវបានស៊ើបអង្កេតពាក់ព័ន្ធនឹងពលកម្មដោយបង្ខំ និងបញ្ហាពាណិជ្ជកម្ម រួមទាំងផលិតកម្មលើសលុប។

កម្ពុជាស្ថិតក្នុងក្រុមប្រទេសដែលអាចទទួលរងអត្រាពន្ធ ១០% ដោយសារតែ​មាន​កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយអាមេរិក ដែលចែកអំពីការប្ដេជ្ញាចិត្តលើដំណោះស្រាយបញ្ហាកម្លាំងពលកម្មដោយបង្ខំ។ ប្រទេស ឬដែនដីក្នុងតំបន់ដែលប្រឈមនឹងពន្ធក្នុងអត្រាដូចគ្នារួមមាន​បង់ក្លាដែស ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងតៃវ៉ាន់ជាដើម។

​ដោយឡែក​ប្រទេសដូចជា ថៃ ហ្វីលីពីន ចិន ជប៉ុន និងកូរ៉េខាងត្បូង អាចប្រឈមអត្រាពន្ធប្រហែល ១២,៥% ដោយសារ​​​បរាជ័យ «ក្នុងការអនុវត្តការហាមឃាត់ការនាំចូលកម្លាំងពលកម្មដោយបង្ខំប្រកបដោយប្រសិទ្ធភាព»។

ផលប៉ះពាល់លើពាណិជ្ជកម្មពិភពលោក

អ្នកជំនាញពាណិជ្ជកម្មបានព្រមានថា ពន្ធថ្មីអាចបង្កើនភាពមិនប្រាកដប្រជាសម្រាប់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោក ខណៈប្រទេសនាំចេញនៅអាស៊ី អាចរងសម្ពាធពីការកើនឡើងថ្លៃដើម និងការផ្លាស់ប្តូរទិសដៅវិនិយោគ។

លោក Blake Harden អ្នកជំនាញគោលនយោបាយពាណិជ្ជកម្ម បាននិយាយប្រាប់ CNBC ថា រដ្ឋបាល ត្រាំ កំពុងព្យាយាម «បង្កើតឡើងវិញ» នូវយុទ្ធសាស្ត្រពន្ធសកល តាមរយៈឧបករណ៍ច្បាប់ផ្សេងទៀត។

ការផ្លាស់ប្តូរនេះបង្ហាញថា សង្គ្រាមពាណិជ្ជកម្មរបស់អាមេរិកអាចបន្តជាបញ្ហាសំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោក ក្នុងពេលដែលប្រទេសនាំចេញកំពុងតាមដានយ៉ាងជិតស្និទ្ធនូវវិធានការថ្មីពីទីក្រុងវ៉ាស៊ីនតោន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម