Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ជំរុញសម្ព័ន្ធមិត្តអឺរ៉ុបជួយ​បង្កើតប្រព័ន្ធការពារ​មីស៊ីល​បាលីស្ទិក នៅ​មុនឆ្នាំ ២០២៧

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ម្នាក់នៃ​​ប្រទេសអ៊ុយក្រែន បានប្រាប់ថា អ៊ុយក្រែនចង់ឲ្យគំរូដើមនៃប្រព័ន្ធប្រឆាំងមីស៊ីលបាលីស្ទិករបស់អឺរ៉ុប ដែលមានកូដសម្គាល់​ថា «Freyja» រួចរាល់នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៧ ស្របពេលដែលទីក្រុងកៀវកំពុងជំរុញឲ្យក្រុមប្រទេស​ក្នុង​សម្ព័ន្ធមិត្ត​អឺរ៉ុប​ និង​ណាតូ​ ជួយបង្កើតអាវុធដែលអាចបាញ់ទម្លាក់មីស៊ីលរបស់រុស្ស៊ីបាន។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចេញផ្សាយពីភ្នាក់ងារ Reuters នៅថ្ងៃទី២៧ ខែកក្កដា, លោក Davyd Aloian អនុលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិ និងការពារជាតិរបស់អ៊ុយក្រែន ដែលជាអ្នកត្រួតពិនិត្យគម្រោង «Freyja» បាននិយាយថា គណៈកម្មាធិការដឹកនាំអន្តរជាតិមួយ ដែលទទួលបន្ទុកប៉ាន់ប្រមាណតម្លៃស្រាវជ្រាវ និងអភិវឌ្ឍន៍ គ្រោងនឹងបើកកិច្ចប្រជុំជាលើកដំបូងក្នុងពេលឆាប់ៗនេះ។

លោក Aloian បានលើកឡើងបន្ថែមថា «ដោយសារអ៊ុយក្រែន កំពុងធ្វើការនៅក្នុងក្របខ័ណ្ឌពេលវេលាដ៏ខ្លីបែបនេះ យើងមានគោលដៅមហិច្ឆតាមួយ គឺត្រូវមានផលិតផលគំរូដែលអាចប្រើការបានជាជំហានដំបូង (MVP) ឲ្យរួចរាល់នៅត្រឹមឆមាសទីមួយនៃឆ្នាំក្រោយ។ នោះគឺជាគំរូដើមដែលអាចបង្ហាញពីលទ្ធផលជាក់ស្តែងដំបូងបង្អស់របស់វា»។

យ៉ាងណាមិញ នាបច្ចុប្បន្ននេះដែរ អ៊ុយក្រែនកំពុងពឹងផ្អែកខ្លាំងលើប្រព័ន្ធការពារអាកាស Patriot ដែលផលិតដោយសហរដ្ឋអាមេរិក ក៏ជាអាវុធតែមួយគត់នៅក្នុងឃ្លាំងអាវុធរបស់ខ្លួន ដែលអាចបាញ់ទម្លាក់មីស៊ីលបាលីស្ទិករុស្ស៊ី (ដែលហោះលឿនជាងល្បឿនសំឡេងច្រើនដង) ក្នុងកម្រិតទុកចិត្តបាន។ ប៉ុន្តែ ការផ្គត់ផ្គង់ប្រព័ន្ធ Patriot នេះ បានរងផលប៉ះពាល់ដោយសារតែភាពមិនប្រាកដប្រជានៃនយោបាយ ឱនភាពស្តុក និងវដ្តផលិតកម្មដ៏យូរអង្វែង។

ជាដំណោះស្រាយ មេដឹកនាំមកពីបណ្តាប្រទេសអឺរ៉ុបចំនួន ១០ រួមទាំងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ព្រមទាំងក្រុមហ៊ុនផលិតអាវុធប្រហែល១២ក្រុមហ៊ុន បានជួបប្រជុំគ្នានៅក្នុងសន្និសីទកំពូលមួយនៅទីក្រុងប៉ារីស កាលពី ២សប្តាហ៍មុន ដើម្បីប្រកាសបង្កើតសម្ព័ន្ធភាព និងគម្រោង «Freyja» ដើម្បីអភិវឌ្ឍប្រព័ន្ធការពារមីស៊ីលថ្មីដែលមានតម្លៃថោក និងអាចផ្គុំគ្រឿងបន្លាស់រួមគ្នាបាន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ហ្សេលេនស្គី ដាច់ចិត្ត ដកតំណែងអគ្គមេបញ្ជាការកងទ័ព ព្រោះបាតុកម្ម ផ្ទុះទូទាំងប្រទេស
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម