ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ បញ្ជាក់ពីការចាប់ខ្លួនយុវជន៣រូប ដែលជាបណ្ដាញសកម្មជនខុសច្បាប់ នៃចលនាមាតាធម្មជាតិ
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួង មហាផ្ទៃបានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មជ្ឈដ្ឋានជាតិ-អន្តរជាតិមួយចំនួនមានការចាប់អារម្មណ៍ទៅលើអ្វី ដែលជាការនាំទៅដល់ការចាប់ ខ្លួនយុវជន៣រូប ដែលជាបណ្ដាញសកម្មជនខុសច្បាប់នៃចលនា មាតាធម្មជាតិ។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា ទី១- អង្គការមាតាធម្មជាតិ ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០១២ ដោយមានព្រះតេជគុណព្រះនាម ព្រហ្ម ធម្មជាតិ ជាប្រធាន។ ក៏ប៉ុន្តែផ្អែកតាមសំណើចុះថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៧ របស់ប្រធានអង្គការនេះ ក្រសួងមហាផ្ទៃ បានយល់ ព្រមរំលាយអង្គការនេះចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាល កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។ តាមមូលហេតុខាងលើ អង្គការមាតាធម្មជាតិ ពុំមានអត្ថិភាព និងលែងមាននីតិសម្បទាផ្លូវច្បាប់ក្នុងការបំពេញការងាររបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជាទៀតទេ ។

ទី២- ទោះបីជាយ៉ាងនេះក្តី ឈ្មោះ Alexandro Gonzalez Davidson សញ្ញាតិអេស្ប៉ាញ ដែលឈរពីក្រោយឈ្មោះអង្គការនេះ ហើយដែលត្រូវក្រសួង មហាផ្ទៃបណ្ដេញចេញពីព្រះរាជាណា ចក្រកម្ពុជា កាលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ នៅតែបន្តធ្វើសកម្មភាពពីក្រៅ ប្រទេសដើម្បី រក្សាកម្លាំងរបស់ខ្លួនឲ្យធ្វើសកម្មភាពខុសច្បាប់ ។ ជាក់ស្ដែង កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ឈ្មោះនេះបានដឹកនាំកិច្ចប្រជុំជាមួយសកម្មជនរបស់ខ្លួន០៣រូប ដោយក្នុងកិច្ចប្រជុំពួកគេបានប្រើពាក្យពេចន៍ប្រមាថយ៉ាងធ្ងន់ធ្ងរមកលើអង្គព្រះមហាក្សត្រ និងប្រមុខរាជរដ្ឋាភិបាល។
ទង្វើទាំងនេះ គឺជាផែនការញុះញង់បង្ហោះឲ្យមានការបែកបាក់ជាតិ និងរំលោភបំពាន ទៅលើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងចេតនាបង្កអសន្តិសុខសង្គម និងប៉ះពាល់ដល់ស្ថិរភាពជាតិ ដែលអាជ្ញាធរមានសមត្ថកិច្ចចាំបាច់ត្រូវចាត់វិធានការសមច្បាប់ជាធរមាន។

ទី៣- ផ្អែកតាមភស្តុតាងឃ្លីបវីដេអូ ដែលសមត្ថកិច្ចចាប់បានបង្ហាញយ៉ាងច្បាស់ថា ការធ្វើសកម្មភាពកន្លងមករបស់ក្រុមបណ្តាញខុសច្បាប់ជ្រកក្រោមផ្លាកនៃអង្គការមានធម្មជាតិ គឺមិនមែនក្នុងបុព្វហេតុស្មោះត្រង់ចំពោះការពារធនធានធម្មជាតិ និងបរិស្ថាននោះទេ។ ផ្ទុយទៅ វិញ ការធ្វើសកម្មភាពទាំងនោះ គឺបង្កប់ទៅដោយឧបាយកលទុច្ចរឹតក្នុងបំណងញុះញង់ អុជអាល កៀរគរកម្លាំង ឱ្យងើបបះបោរបង្កើតឲ្យមានភាពចលាចលវឹកវរក្នុងប្រទេស ។ ចម្លើយសារភាពរបស់ជន សង្ស័យទាំង០៣រូប ក៏បានទទួលស្គាល់ថា ខ្លួនពិតជាបានធ្វើសកម្មភាព ក្រោមផ្លាកអង្គការមាតាធម្មជាតិ ប៉ុន្តែការពិត គឺចង់ឲ្យមានការងើបបះបោរ ប្រឆាំងហើយ ឈានទៅផ្ដួលរលំរាជរដ្ឋាភិបាល តាមវិធានការផ្ទុយ និងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានចែងនៅក្នុង រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញលោក សេង ហៀង ចោទ ប្រកាន់ជាផ្លូវការ ស្ថាបនិក និងសមាជិកចលនាមាតាធម្មជាតិចំនួន ៣នាក់ ពីបទប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់ ។ សកម្មជនបរិស្ថានទាំង ៣នាក់នោះ រួមមាន កញ្ញា ស៊ុន រដ្ឋា លោក លី ចាន់ដារ៉ាវុធ និងលោក យីម លាងហ៊ី ហើយកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានសម្រេចឃុំខ្លួន នៅពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទរួម គំនិតក្បត់៕
ដោយ ៖ កោះកែវ

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


