ព័ត៌មានជាតិ
ក្រុមហ៊ុនបណ្ដាញផ្សព្វផ្សាយធំៗចំនួន៣ រួមគ្នាបណ្ដាក់ទុនវិនិយោគបង្កើតថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា
ក្រុមហ៊ុនបណ្ដាញផ្សព្វផ្សាយធំៗចំនួន៣ រួមមានក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប របស់លោកជំទាវ ហ៊ុន ម៉ាណា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានទូរទស្សន៍ CBS និង Digital Sky របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប របស់លោកឧកញ៉ា អ៉ឹង ឆៃងួន បានរួមគ្នាបណ្ដាក់ទុនវិនិយោគដើម្បីបង្កើតថ្នាលទូរទស្សន៍ឌីជីថលកម្ពុជាតែមួយ ដោយ “ក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា”។

កិច្ចព្រមព្រៀងបណ្ដាក់ទុនវិនិយោគរួមគ្នា ដើម្បីបង្កើតថ្នាលទូរទស្សន៍ឌីជីថលកម្ពុជាតែមួយ ដោយ “ក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា”នេះបានធ្វើឡើងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នៅសណ្ឋាគារកាំបូឌីយ៉ាណា ដែលចុះហត្ថលេខារួមគ្នាដោយលោកជំទាវ ហ៊ុន ម៉ាណា អ្នកឧកញ៉ា គិត ម៉េង និងលោកឧកញ៉ា អ៉ឹង ឆៃងួន ។
ពិធីចុះហត្ថលេខាខាងលើនេះ គឺជាកិច្ចព្រមព្រៀងបន្ថែមទៀតលើការចុះអនុស្សរណៈយោគយល់គ្នា ដែលបានចុះហត្ថលេខារវាងភាគីទាំង៣ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ។

សូមបញ្ជាក់ថា “ក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា” បង្កើតឡើងក្នុងគោលបំណងបង្កើត ក្រុមហ៊ុនចម្រុះរវាងរដ្ឋនិងឯកជនសម្រាប់គ្រប់គ្រង “ថ្នាលទូរទស្សន៍ឌីជីថលជាតិ” ដើម្បីធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ឈានទៅសម្រេចឲ្យ បានតាមផែនការរបស់អាស៊ាន និយាយជារួម និងនិយាយដោយឡែក ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកឆ្នាំ២០២៣ ជាកាលបរិច្ឆេទនៃការដាក់ឲ្យដំណើរការថ្នាលទូរទស្សន៍ឌីជីថលជាតិ ដោយតម្រូវឲ្យក្រុមហ៊ុនទូរទស្សន៍អាណាឡូកឯកជនទាំងអស់ មកប្រើប្រាស់សេវាថ្នាលទូរទស្សន៍ឌីជីថលជាតិ និងបន្តការផ្សាយព្រមគ្នា ជាប្រព័ន្ធអាណាឡូក និងប្រព័ន្ធឌីជីថលស្របគ្នាមុននឹងដល់ដំណាច់ឆ្នាំ២០២៥ ដែលជាកាលបរិច្ឆេទសម្រាប់បិទការផ្សាយទូរទស្សន៍តាមប្រព័ន្ធអាណាឡូកជាស្ថាពរ។


“ថ្នាលទូរទស្សន៍ឌីជីថលជាតិ” ដែលជាក្រុមហ៊ុនចម្រុះរវាងរដ្ឋនិងឯកជនថ្មីនេះ នឹងផ្តល់ជូននូវសេវាថ្នាលទូរទស្សន៍ឌីជីថលផ្សាយតាមប្រព័ន្ធ DVB-T2 ដែលមានប៉ុស្តិ៍ច្រើនប្រភេទសម្បូរបែប សំដៅលើកស្ទួយ វិស័យព័ត៌មាន អប់រំ ចំណេះដឹង សិល្បៈកម្សាន្ត កីឡា និងទស្សនីយភាពត្រជាក់ៗ ដែលនាំមកនូវភាពសុខដុមរមនាដល់ក្រុមគ្រួសារកម្ពុជា។
លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប បានមានប្រសាសន៍ថា “ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយក្នុងការសហការគ្នាបង្កើតថ្នាលទូរទស្សន៍ឌីជីថលនេះ ហើយក៏ជាផ្នែកមួយផងដែរ ក្នុងការគាំទ្រការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបច្ចុប្បន្នកម្ពុជាកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យទាំងអស់ ក្រោមម្លប់សន្តិភាព និងស្ថេរភាពនយោបាយ“។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា “ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចាប់ដៃគូសហការគ្នាបង្កើតក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា និងមានមោទនភាព ដែលបានចូលរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាក្នុងវិស័យសោតទស្សន៍ និងផ្សព្វផ្សាយ ឲ្យទៅជាប្រព័ន្ធឌីជីថលពេញលេញ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមសម្រេចឲ្យបានសេដ្ឋកិច្ច សង្គមឌីជីថលកម្ពុជា ស្របតាមគន្លង ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលជំនាន់ទី៤។
ដោយឡែក លោកឧកញ៉ា អ៉ឹង ឆៃងួន ប្រធានក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប ក៏បានលើកឡើងផងដែរថា “ថ្នាលទូរទស្សន៍ឌីជីថលនេះ នឹងនាំមកនូវទស្សនីយភាពនិងស្តង់ដាថ្មីស្រឡាងមួយទៀតដែលមានកម្រិតផ្សាយ គុណភាពខ្ពស់ ច្បាស់ត្រជាក់ភ្នែក ពីកម្រិត HD ដល់ UHD 4K ។ ទូរទស្សន៍ឌីជីថលនេះជាថ្នាលប្រមូលផ្តុំនៃកម្មវិធីសិល្បៈ កម្មវិធីកំសាន្ត កម្មវិធីព័ត៌មាន ភាពយន្ត តន្ត្រី និង ទស្សនីយភាព ដ៏សម្បូរបែបជាច្រើនទៀត ដែលធានានូវការផ្តល់ជូនចំណីចក្ខុដ៏រីករាយជូនទស្សនិកជនទូទាំងប្រទេស ក្នុងកន្លែងតែមួយ “One-Stop Media Services” ។
លោកឧកញ៉ា អ៉ឹង ឆៃងួន បានបន្តថានេះជាភាពរីកចម្រើនមួយដ៏ធំក្នុងវិស័យសោតទស្សន៍ និង ផ្សព្វផ្សាយ ស្របតាមគោលនយោបាយរដ្ឋាភិបាលសម្រាប់សង្គមឌីជីថលកម្ពុជា ឲ្យដើរស្របតាមគន្លង ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលជំនាន់ទី៤ ដូច្នេះការផ្លាស់ប្តូររូបរាងថ្មី និងបទពិសោធន៍នៃការកម្សាន្តនេះ ធ្វើឲ្យប្រទេសកម្ពុជា អាចដើរតាមបច្ចេកវិទ្យាឈានមុខទន្ទឹមនឹងឆាកអន្តរជាតិ ដោយទស្សនិកជនអាចទស្សនារាល់ទស្សនីយភាពដែលផលិតឡើងមានគុណភាពស្តង់ដាខ្ពស់ ច្បាស់ត្រជាក់ភ្នែក ពីគេហដ្ឋាន ឬមើលតាមទូរសព្ទដៃ គ្រប់វេលា គ្រប់ទីកន្លែង នៅលើថ្នាលតែមួយ។ នេះក៏ជាការលើកទឹកចិត្តដល់ផលិតករ ឲ្យផលិតនូវទស្សនីយភាពមានគុណភាពខ្ពស់បន្តទៀត ដែលមានថ្នាលអាចបង្ហាញស្នាដៃរបស់ខ្លួនទៅកាន់ពិភពលោក ។



សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុននីមួយៗបានបម្រើទស្សនីយអារម្មណ៍ ព័ត៌មាន អប់រំ ចំណេះដឹង និងសិល្បៈកម្សាន្ត ក្នុងវិស័យសោតទស្សន៍ ជូនប្រជាជនកម្ពុជាអស់រយៈពេល ២៥ ឆ្នាំមកហើយ រហូតមកដល់ពេលនេះ ផ្អែកលើបទពិសោធន៍ ជំនាញ និងធនធានមនុស្ស ក្រុមហ៊ុនយើងមានជំនឿយ៉ាងមុតមាំថានឹងអភិវឌ្ឍឧស្សាហកម្មសោតទស្សន៍និងផ្សព្វផ្សាយឲ្យទទួលបានជោគជ័យ។ សូមរំលឹកថាក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប រួមមាន ប៉ុស្តិ៍ទូរទស្សន៍បាយ័ន ប៊ីធីវី និងវិទ្យុបាយ័ន។
រីឯក្រុមហ៊ុនទូរទស្សន៍ CBS រួមមានប៉ុស្តិ៍ទូរទស្សន៍ CTN, CTN International, CNC, MyTV, CBS Digital, TMS, វិទ្យុភ្នំពេញ៩៤MHz និង Legend Tiger ។ ចំណែកក្រុមហ៊ុន Digital Sky រួមមានថ្នាលទូរទស្សន៍ឌីជីថលចំនួន ៣ ដូចជា (១)ថ្នាលទូរទស្សន៍ឌីជីថលប្រព័ន្ធ DVB-T/T2 (២)ថ្នាលទូរទស្សន៍ឌីជីថលផ្កាយរណបប្រព័ន្ធ DTH (៣)ថ្នាលទូរទស្សន៍ឌីជីថលតាមទូរស័ព្ទដៃប្រព័ន្ធ OTT និងផលិតប៉ុស្តិ៍ទូរទស្សន៍ខ្លួនឯងចំនួន ១១ ប៉ុស្តិ៍ ដូចជា OneTV Sabay, OneTV Drama, OneTV Kids, OneTV Music, OneTV Cinema, OneTV Discovery, OneNews, OneTV Movie HD, OneTV Sport9, OneTV Sport11, OneTV-E-school ។
ចំណែកក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប រួមមាន ប៉ុស្តិ៍ទូរទស្សន៍ហង្សមាស រស្មីហង្សមាស វិទ្យុហង្សមាសនិងរស្មីហង្សមាស, ផលិតកម្មWE, Pleng Records, ក្រុមហ៊ុនពិធីការ និងសារព័ត៌មាន២៤ម៉ោង៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


