ព័ត៌មានជាតិ
កូនខ្មែរស្វែងយល់ឲ្យច្បាស់ អតីតរាជធានីឥសាន្តបុរៈបន្សល់ទុកប្រាសាទបុរាណជាង ៤០០ កន្លែង
ខេត្តកំពង់ធំជាអតីតរាជធានីបុរាណ ដែលដូនតាខ្មែរជំនាន់ដើមបានសាងសង់សំណង់ប្រាសាទជាច្រើន ជាតឹកតាងបញ្ជាក់ពីការកំណកំណើតទឹកដីរាប់ពាន់ឆ្នាំមុន។ បើតាមអាជ្ញាធរខេត្តកំពង់ធំបានឲ្យកម្ពុជាថ្មីដឹងថា នៅទូទាំងខេត្តកំពង់ធំនៅសេសសល់សំណង់ប្រាសាទបុរាណចំនួន ៤២១ កន្លែងទាំងតូចទាំងធំ និងមានប្រាសាទថ្មីៗមួយចំនួនទៀត ត្រូវបានក្រុមអ្នកស្រាវជ្រាវកកាយរកឃើញបន្តបន្ទាប់។
ក្រៅពីប្រាសាទបុរាណអាយុកាលរាប់សតវត្ស នៅមានស្ថានីយបុរាណជាច្រើនទៀតបញ្ជាក់ពីភាពថ្កុំថ្កើងនៃទឹកដីអតីតរាជធានីឥសាន្តបុរៈនេះ។

លោក ហ៊ឺន សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំបានឲ្យកម្ពុជាថ្មីដឹងថា ទូទាំងខេត្តកំពង់ធំមានប្រាសាទបុរាណសរុបចំនួន ៤២១ ប្រាសាទសាងសង់តាំងពីសតវត្សទី ៦ អំពីឥដ្ឋ ថ្មភក់ ថ្មបាយក្រៀម។ ប្រាសាទខ្លះនៅសល់រូបរាង ខ្លះមានការខូចខាតសល់តែគ្រឹះប៉ុណ្ណោះ។
ប្រាសាទច្រើនរាប់រយនេះ បើតាមមន្រ្តីជំនាញផ្នែកវប្បធម៌រូបនេះ មានប្រាសាទតិចតួចប៉ុណ្ណោះដែលពលរដ្ឋខ្មែរទូទៅបានស្គាល់។
លោកថា ប្រាសាទសំបូរព្រៃគុក ជាក្រុមប្រាសាទដែលត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោក ដែលមានប្រាសាទសរុប ២៩៣ ប្រាសាទ មានអាយុជាង១៤០០ឆ្នាំ។ ដោយឡែកថ្មីៗនេះក្រុមអ្នកជំនាញបុរាណបានរុករកឃើញគ្រឹះប្រាសាទថ្មីៗមួយចំនួនទៀត នៅតំបន់សំបូរព្រៃគុក។


ក្នុងចំណោមប្រាសាទជាង ៤០០ នៅទូទាំងខេត្តកំពង់ធំ ប្រាសាទដែលនៅសល់រូបរាងពី៤០ ភាគរយ ទៅ ៨០ ភាគរយ មានជាង ៦០ ប្រាសាទ ក្រៅពីនោះមានការខូចខាតច្រើន ហើយខ្លះនៅសល់តែគ្រឹះប៉ុណ្ណោះ។
ប្រធានមន្ទីរវប្បធម៌ខេត្តកំពង់ធំបានបន្តទៀតថា ក្រៅពីប្រាសាទរាប់រយ នៅមានសំណង់បុរាណជាច្រើនទៀតដូចជា ទួលបុរាណចំនួន ៣៨៩ កន្លែង ព្រះវិហារបុរាណ ៣៦ កន្លែង សន្លុងស្លដែកបុរាណ ២០ កន្លែង ស្ពានបុរាណ ០១ កន្លែង និងផ្ទះបុរាណ ២៨៩ កន្លែង។
យោងតាមឯកសាររបស់មន្ទីរវប្បធម៌ និងវិចិត្យសិល្បៈខេត្តកំពង់ធំដែលក្រុមការងារកម្ពុជាថ្មីទទួលបាន ប្រាសាទទាំង ៤២១ នៅទូទាំងខេត្តកំពង់ធំ មាននៅស្រុកចំនួន ០៩។
ស្រុកបារាយណ៍៖
-ប្រាសាទមានរូបរាង ២
-ប្រាសាទបាក់បែក ៦
-សរុប ៨
ស្រុកតាំងគោក៖
-ប្រាសាទមានរូបរាង ៤
-ប្រាសាទបាក់បែក ៦
-សរុប ១០

ស្រុកសន្ទុក៖
-ប្រាសាទមានរូបរាង ២
-ប្រាសាទបាក់បែក ១៩
-សរុប ២១
ក្រុងស្ទឹងសែន៖
-ប្រាសាទមានរូបរាង ១
-ប្រាសាទបាក់បែក ៣
-សរុប ៤
ស្រុកស្ទោង៖
-ប្រាសាទមានរូបរាង ៤
-ប្រាសាទបាក់បែក ៣៣
-សរុប ៣៧
ស្រុកកំពង់ស្វាយ៖
-ប្រាសាទមានរូបរាង ១
-ប្រាសាទបាក់បែក ១៧
-សរុប ១៨
ស្រុកប្រាសាទសំបូរ៖
-ប្រាសាទមានរូបរាង ៨៨
-ប្រាសាទបាក់បែក ២១២
-សរុប ៣០០
ស្រុកប្រាសាទបល្ល័ង្ក៖
-ប្រាសាទមានរូបរាង ១
-ប្រាសាទបាក់បែក ៩
-សរុប ១០
ស្រុកសណ្តាន់៖
-ប្រាសាទមានរូបរាង ៣
-ប្រាសាទបាក់បែក ៨
-សរុប ១១
លម្អិតឈ្មោះប្រាសាទទាំង ៤២១ នៅខេត្តកំពង់ធំ កម្ពុជាថ្មីនឹងផ្សាយជូនបន្តបន្ទាប់៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២១ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


