ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ វត្តអារាមភាគច្រើនលើសលប់ អនុវត្តបានល្អប្រសើរ នូវវិធានការការពារជំងឺកូវីដ-១៩
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍នៅថ្ងៃទី២២ ខែកញ្ញានេះថា ថា នៅថ្ងៃទី១ នៃពិធីបុណ្យកាន់បិណ្ឌនេះ មានវត្តអារាមភាគច្រើនលើសលប់ នៅទូទាំងប្រទេស បានអនុវត្តល្អប្រសើរ នូវវិធានការការពារជំងឺកូវីដ-១៩តាមការណែនាំ របស់ក្រសួងធម្មការ និងសាសនា ក៏ដូចជាក្រសួងសុខាភិបាល។
លោកបានបន្តថា «ស្ទើរនៅគ្រប់វត្តអារាមទាំងអស់ បានរៀបចំដាក់ទឹកអាកុល ឬជែលលាងដៃ ដាក់នៅតាមច្រកទ្វារចូលវត្តនីមួយៗសម្រាប់ឲ្យព្រះសង្ឃ និងពុទ្ធបរិស័ទលាងសំអាតដៃ មុនចូលទីវត្តអារាម។ ប៉ុន្តែសម្រាប់វត្តអារាម ដែលមានការខ្វះខាត ពិសេសវត្តនៅតាមតំបន់ជនបទដាច់ស្រយាល ដាក់ទឹកពាង និងសាប៊ូជំនួសទឹកអាកុល ឬជែល»។
លោកបានបន្តទៀតថា ក្រៅពីនេះក៏មានការរៀបចំ ឲ្យព្រះសង្ឃគ្រប់ព្រះអង្គ ដូនជីតាជី និងពុទ្ធបរិស័ទទាំងអស់ ពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នា និងរក្សាគម្លាតឲ្យនៅឆ្ងាយពីគ្នា នៅពេលចូលក្នុងទីវត្តអារាម ពេលរាប់បាត្រពេលអង្គុយ ឬឈររង់ចាំប្រគេនចង្ហាន់ ឲ្យមានការឆ្លាស់គ្នា ជាពិសេសនៅពេលសូត្រព្រះធម៌ ពេលបង្សុ កូលនិងឧទ្ទិសកុសល ជូនមាតាបិតាញាតិកា និងបុព្ធការីជន ដែលបានធ្វើមរណកាលទៅហើយ ផងដែរ។

អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានបន្តឲ្យដឹងទៀតថា នៅថ្ងៃទី១ នៃពិធីកាន់បិណ្ឌនេះ ក៏មានពុទ្ធបរិស័ទ យ៉ាងច្រើនកោះករ បានធ្វើដំណើរទៅបំពេញបុណ្យកុសល នៅតាមវត្តអារាមនានានៅទូទាំងប្រទេស។ បើទោះជាមានការរាតត្បាតជំងឺកូវីដ-១៩ ក៏ដោយ ក៏ដោយពួកគាត់ មានដាក់ជាប់ខ្លួន នូវសម្ភារៈការពារខ្លួនពីជំងឺកូវីដ-១៩ រួចជាស្រេចដូចជា៖ ពាក់ម៉ាស ទឹកអាកុល និងទឹកជែលសម្រាប់លាងដៃ និងមិនមានការជួបជុំគ្នាកកកុញឡើយ ដោយរាប់បាត្រ និងប្រគេនចង្ហាន់ដល់ព្រះសង្ឃរួច វិលត្រឡប់ទៅលំនៅដ្ឋានរៀងៗ ខ្លួនវិញ។
យ៉ាងណាក៏ដោយលោក សេង សុមុនី បានអំពាវនាវ និងលើកទឹកចិត្ត ដល់បណ្តាវត្តអារាមធំតូច និងពុទ្ធបរិស័ទ ព្រមទាំងអាជ្ញាធរមូលដ្ឋានទាំងអស់ បន្តយកចិត្តទុកដាក់អនុវត្ត តាមការណែនាំរបស់ក្រសួង ពីវិធានការការពារជំងឺកូវីដ-១៩ និងវិធានការ ៣កុំ និង ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីធានាបាននូវការការពារ កុំឲ្យមានការឆ្លងជំងឺនេះ ចូលទៅក្នុងវត្តអារាម និងសហគមន៍ជាយថាហេតុ។
លោកបានបន្ថែមថា វិធានការទាំងនេះ មិត្រឹមតែអាចការពារជំងឺកូវីដ-១៩ បានប៉ុណ្ណោះទេ ថែមទាំងអាចការពារជំងឺផ្សេងៗ ពិសេសជំងឺរាករុស នៅក្នុងរដូវវស្សាបានទៀតផងដែរ។ អ្នកនាំពាក្យក្រសួងធម្មការ សង្ឃឹមថា ព្រះសង្ឃ និងពុទ្ធបរិស័ទ ប្រាកដជាអនុវត្តបានខ្ជាប់ខ្ជួន ចាប់ពីបិណ្ឌ២ រហូតដល់ភ្ជុំធំ ដែលមានពុទ្ធបរិស័ទ ទៅជួបជុំច្រើន។ លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះនៅប្រទេសកម្ពុជាមានវត្តអារាមចំនួន ៥០៥០វត្ត និងព្រះសង្ឃជាង ៦ម៉ឺនអង្គ នៅទូទាំងប្រទេស។ សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅឆ្នាំនេះ នឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី២២ ខែកញ្ញា រហូតដល់ថ្ងៃ៦ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ៕
អត្ថបទ៖ សំអឿន




-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


