Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ មិនមានប្រទេសណា អាចបញ្ឈប់ វិបត្តិកូវីដនេះ តែម្នាក់ឯងបាននោះទេ

បានផុស

នៅ

នៅក្នុងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលសកល ស្តីពី ជំងឺកូវីដ-១៩ ក្រោមប្រធានបទ «ការបញ្ចប់ជំងឺរាតត្បាត និងការកសាងឲ្យបានប្រសើរឡើងវិញ» ដែលត្រូវបានរៀបចំឡើងដោយលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក តាម​ប្រព័ន្ធវីដេអូ នៅថ្ងៃទី២២ ខែកញ្ញា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការឆ្លងរាល ដាលជាសកលនៃជំងឺកូវីដ-១៩ គឺជាវិបត្តិរួម ហេតុនេះប្រទេសកម្ពុជាយល់ស្របនឹងទស្សនៈថា មិនមានប្រទេសណា អាចបញ្ឈប់វិបត្តិនេះ តែម្នាក់ឯងបាននោះទេ។ សម្តេចតេជោ បានបន្តថា យើងត្រូវធ្វើការរួមគ្នា គាំទ្រគ្នាទៅវិញទៅមក ហើយត្រូវចងចាំថា មិនមាននរណាម្នាក់ អាចមានសុវត្ថិភាពនោះទេ ដរាបណាទាំងអស់គ្នា មិនទាន់មានសុវត្ថិភាព។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «យើងត្រូវរួមគ្នាធ្វើកិច្ចការនេះ តាមសមត្ថភាព និងលទ្ធភាពរៀងខ្លួន ក្នុងទឹកចិត្តស្មោះសរ, ការទទួលខុសត្រូវខ្ពស់, សប្បុរសធម៌ និងមិនមានបង្កប់ នូវរបៀបវារៈនយោបាយ»។ សម្តេចតេជោ ប្រកាសចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការប្តេជ្ញាផ្សារភ្ជាប់ខ្លួនជាមួយនឹង “សេចក្តីព្រាងគោលដៅ” ដែលជាលទ្ធ ផលដ៏សំខាន់ នៃកិច្ចប្រជុំកំពូលសកល ស្តីពី ជំងឺកូវីដ-១៩ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសម្តេចតេជោ ហ៊ុន សែន ស្ថានភាពនៃជំងឺកូវីដ-១៩ ឈានមកដល់ត្រីមាសទី៣ នៃឆ្នាំ២០២១នេះ នៅបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ ដោយសារហានិភ័យ ពីរលកនៃការបំប្លែងខ្លួនថ្មីៗ របស់វីរុសកូវីដ-១៩ ដែលមានសភាពកាន់តែកាចសាហាវ និងបន្តរំខានដល់សកម្មភាពសង្គម-សេដ្ឋកិច្ច ទូទៅ។ ជាមួយនឹងសេចក្តីរីករាយចំពោះគំនិតផ្តួចផ្តើម ក្នុងការដាក់ចេញនូវ “សេចក្តីព្រាងគោលដៅ” កម្ពុជាស្នើសុំឲ្យប្រទេសចូលរួមទាំងអស់ ប្រែក្លាយសេចក្តីព្រាងគោលដៅនេះ ទៅជាសកម្មភាពជាក់លាក់ និងប្រាកដនិយម។

លើសពីនេះទៀត ប្រទេសកម្ពុជាយល់ថា ប្រទេសទាំងអស់ត្រូវប្រឹងប្រែង និងរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសម្រេចគោលដៅដ៏ចម្បងនេះ ដោយមិនប្រកាន់ពូជសាសន៍ និន្នាការនយោបាយ និងចៀសវាង ឲ្យបាននូវការយកការប្រ​យុ​ទ្ធនឹងជំងឺកូវីដ-១៩ ធ្វើជារបៀបវារៈនយោបាយ ឬបម្រើរបៀបវារៈនយោបាយរបស់ខ្លួន៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម