ព័ត៌មានជាតិ
កម្ពុជានឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញនៅថ្ងៃទី១១ ខែតុលា ខាងមុខនេះ
យុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ នៅទូទាំងប្រទេសនឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី១១ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ខណៈកម្ពុជាមានវ៉ាក់សាំងនៅក្នុងដៃជាង៦លានដូសរួចជាស្រេច ។ នេះបើយោងតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលនៅក្នុងឱកាសពិធីប្រគល់ទទួលវ៉ាក់សាំង ស៊ីណូវ៉ាក់៣លានដូសដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនចិន នាព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ បានមានប្រសាសន៍ថា កម្ពុជានឹងមិនខ្វះវ៉ាក់សាំងសម្រាប់ចាក់ជូនកុមារ និងដូសជំរុញនោះទេ ។

លោកស្រីបានឲ្យដឹងទៀតថា មកដល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំងទាំងជំនួយនិងការបញ្ជាទិញចំនួន ៣៥.៥ លានដូសហើយ ។ កាលពីសប្តាហ៍មុនយើងទទួលបាន៣លានដូស បូកទាំង៣លានដូសនៅថ្ងៃនេះទៀត កម្ពុជាមានវ៉ាក់សាំងសម្រាប់ចាក់ដូសជំរុញចំនួនជាង៦លានដូសនៅក្នុងដៃ ។
លោកស្រីបន្តថា ជារួមកម្ពុជាមិនខ្វះវ៉ាក់សាំងទេ យើងនឹងទទួលវ៉ាក់សាំងជាបន្តបន្ទាប់ទៀត ដែលក្នុងនោះមានជំនួយជាទ្វេភាគីរបស់ប្រទេសជាមិត្តដែលក្នុងនោះមានវ៉ាក់សាំង៣លានដូសរបស់មិត្តចិន និងជំនួយទ្វេភាគីរបស់ប្រទេសជាមិត្តមួយចំនួនទៀត រួមទាំងជំនួយតាមរយៈកូវ៉ាក់មួយចំនួនទៀតផងដែរ ។
លោកស្រី យក់ សម្បត្តិ បានមានប្រសាសន៍ថា «គិតមកដល់ពេលនេះយើងមានវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួនជាង៦លានដូសនៅក្នុងឃ្លាំងសម្រាប់ត្រៀមចាក់ដូសជំរុញជូនប្រជាប្រជាពលរដ្ឋដែលនឹងបើកយុទ្ធនាការនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ។ ជារួមកម្ពុជាមិនមានបញ្ហាខ្វះវ៉ាក់សាំងនោះទេទាំងសម្រាប់ចាក់ឲ្យកុមារពី៦ឆ្នាំទៅ១២ឆ្នាំ និងសម្រាប់ដូសជំរុញឬដូសទី៣ »។

លោកស្រីបានបន្តថា ចំពោះវ៉ាក់សាំងដែលយើងបញ្ជាទិញកន្លងមក គឺមិនមានការកកស្ទះនោះទេ បញ្ជាទិញចំនួនប៉ុន្មានគឺមិត្តចិនលក់ឲ្យយើងចំនួនប៉ុននោះ។ ហើយរាជរដ្ឋាភិបាលបាសម្រេចបញ្ជាទិញវ៉ាក់សាំងស៊ីណូវ៉ាក់ពីប្រទេសចិនសម្រាប់ធ្វើជាដូសជំរុញ ។
បច្ចុប្បន្នកម្ពុជាមានវ៉ាក់សាំងកូវីដ-១៩ ចំនួន៣៥.៥លានដូសហើយសម្រាប់ចាក់ជូនប្រជាពលរដ្ឋហើយបើគិតទាំងវ៉ាក់សាំងកូវីដ-១៩ដែលនឹងដឹកមកដល់កម្ពុជាជាបន្តបន្ទាប់ កម្ពុជានឹងមានវ៉ាក់សាំងសរុបជិត ៣៥.៥លានដូស ។ ក្នុងចំណោមវ៉ាក់សាំងសរុបនេះមានប្រមាណ២៩.៥លានដូសជាវ៉ាក់សាំងដែលកម្ពុជាទទួលបានពីប្រទេសចិនតាមរយៈជំនួយឥតសំណង និងការបញ្ជាទិញពីក្រុមហ៊ុនចិន ។

សូមជម្រាបថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាគិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១(ក្រុមដែលមានអាយុចាប់ពី១៨ឆ្នាំឡើង)អ្នកចាក់ដូសទី១ ចំនួន ៩ ៨៨៦ ៩១៥ នាក់ និងអ្នកចាក់ដូសទី២ ចំនួន ៩ ៣៣៤ ៨៨៦ នាក់ស្មើនឹង ៩៨.៨៧% នៃប្រជាជនគោលដៅសរុប១០លាននាក់។ អ្នកចាក់ដូសទី៣ ចំនួន ៨៧៥ ២៣៨ នាក់ ។ (កុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ)អ្នកចាក់ដូសទី១ចំនួន ១ ៧៥៤ ៦៣៣ នាក់,អ្នកចាក់ដូសទី២ ចំនួន ១ ៦០៤ ៣៥៣ នាក់ ស្មើនឹង ៨៩.២១% នៃក្រុមគោលដៅសរុបជិត០២លាននាក់។(កុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ)អ្នកចាក់ដូសទី១ចំនួន ១ ៥៦៣ ៦៨៨ នាក់ ស្មើនឹង ៨២.៤១% នៃក្រុមគោលដៅ សរុបជិត ១លាន៩សែននាក់។ ប្រៀបធៀបនឹងប្រជាជនសរុប ១៦លាននាក់ ស្មើនឹង ៨២.៥៣% ៕
អត្ថបទ៖ ណារី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២០ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


