ព័ត៌មានជាតិ
រាជធានីភ្នំពេញ លែងសេសសល់ប្រាសាទបុរាណ សល់តែស្លាកស្នាមប៉ុណ្ណោះ
លោកជុំ វុឌ្ឍី ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញបានឲ្យកម្ពុជាថ្មីដឹងថា នៅរាជធានីភ្នំពេញមិនមានសេសសល់សំណង់ប្រាសាទបុរាណទៀតនោះទេ បន្សល់តែស្លាកស្នាមខ្លះៗបញ្ជាក់ពីទីតាំងសំណង់ប្រាសាទពីមុន។
បើតាមមន្រ្តីរូបនេះ កន្លងទៅមានការស្រាវជ្រាវរកឃើញស្លាកស្នាមប្រាសាទមួយចំនួន តែរូបរាងបាត់បង់អស់ទៅហើយ។
លោកជុំ វុឌ្ឍី បានបញ្ជាក់ថា ករណីប្រាសាទបុរាណមួយនៅវត្តឧណ្ណាលោម មិនអាចហៅជាប្រាសាទទៀតនោះទេ ដោយសារវាមិនមានរូបរាងអាចចាត់ទុកថាជាប្រាសាទ ណាមួយបច្ចុប្បន្ននេះក៏មានការសង់ចេតិយថ្មី សឹងតែមើលលែងស្គាល់ទៅទៀត។

លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមថា នៅរាជធានីភ្នំពេញក៏មានសំណង់ព្រះវិហារ កុដ្ឋិ និងចេតិយបុរាណដែលមានអាយុកាលរាប់សតវត្ស។ ជាមួយគ្នានេះ ក្រុមអ្នកបុរាណវិទ្យា ក៏បានរកឃើញឡកុលាលភាជន៍តាមរយៈការធ្វើកំណាយនៅជើងឯកបានមួយចំនួនផងដែរ។
បើយោងតាមសាលបត្រនៃបញ្ជីសារពើភណ្ឌស្ថានីយបុរាណវិទ្យារបស់នាយកដ្ឋានបុរាណវិទ្យានៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរាជធានីភ្នំពេញ ក្រុមស្រាវជ្រាវបានរកឃើញស្លាកស្នាមប្រាសាទចំនួន ៨។
-ស្ថានីយបុរាណវត្តប្រាសាទ ដែលមានទីតាំងនៅភូមិត្រពាំងសំរិត សង្កាត់គងនយ ខណ្ឌដង្កោ មានភស្តុតាងបញ្ជាក់ថាមានសំណង់ប្រាសាទសាងសង់មុនសម័យអង្គរក្នុងរចនាបថកំពង់ព្រះ (សតវត្សរ៍ទី៨)។
-នៅវត្តឧណ្ណាលោម មានសំណង់ប្រាសាទបុរាណមួយសង់អំពីថ្មភក់ និងឥដ្ឋ។ បើយោងតាមការសិក្សាប្រាសាទនេះកសាងឡើងក្នុងរវាងសតវត្សទី១១ ពោលគឺមុនការបង្កើតទីក្រុងភ្នំពេញ។ ប្រាសាទនេះបានប្រែក្លាយជាចេតិយ សម្រាប់គោរពបូជាក្នុងព្រះពុទ្ធសាសនា។
-វត្តព្រះធាតុស្ថិតនៅភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ មានសាងសង់ទីសក្ការៈដើម្បីតម្កល់វត្ថុបុរាណ ដែលយកចេញពីប្រាសាទបុរាណក្នុងនោះរួមមាន តោថ្ម២គូ បល្ល័ង្គ ថ្មសីមា និងបំណែកថ្មភក់ជាច្រើនផ្សេងទៀត។

-វត្តសិរីមង្គលវ័ន ហៅវត្តឃ្មួញ មានទីតាំងនៅភូមិ ឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានបន្សល់ទុកស្រះមួយនៅខាងជើង នៅជុំវិញព្រះវិហារមានចេតីតចាស់មួយចំនួន។ ក្នុងបរិវេណវត្តមានជើងទម្រ គោលសីមារាងបួនជ្រុងដែលចុះកាលបរិចេ្ឆទ ព.ស ២៤៨៦។
-វត្តជុំ មានទីតាំងនៅភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែព្នៅ មានចម្ងាយពីវត្តក្រាំងធ្នង់ជាង១គីឡូម៉ែត្រ ក៏មានសេសសល់បំណែកឥដ្ឋ, បំណែកថ្មភក់, បល្ល័ង្គថ្មភក់, ជើងទម្របដិមាថ្មភក់, ព្រះពុទ្ធរូបមួយចំនួន និងផ្តែរ២បំណែកក្នុងរចនាបថព្រៃក្មេង (ពាក់កណ្ដាល ស.វ ទី២ នៃគ.សទី ៧) ។
-វត្តព្រៃវែង មានទីតាំងនៅភូមិព្រៃវែងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ ចម្ងាយ២គីឡូម៉ែត្រ ខាងជើងវត្តស្លែង មានខ្ទមអ្នកតាមួយ ដែលពីមុនមានតម្កល់សិលាចារិក, ព្រះកេសសហរិហរ ១, ថ្មថ្លើមអណ្តើកមានព្រះបាតព្រះ, បំណែកថ្មភក់, សិលាចារិក ៣ផ្ទាំង, ជើងទម្របដិមា, ជើងទម្រលិង្គប្រាំ, កុលាលភាជន៍ប្រភេទភាជន៍រឹង, ផ្តែរចនាបថកំពង់ព្រះ (សតវត្សរ៍ទី៨) ២បំណែក, សន្លឹកជណ្តើរ និងបំណែកថ្មថ្លើមអណ្តើក ដែលបច្ចុប្បន្នវត្ថុបុរាណទាំងនេះត្រូវបានតម្កល់ក្នុងបណ្ណាល័យវត្ត។
-វត្តជើងឯក មានទីតាំងនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោមានចម្ងាយ១៥០០ម៉ែត្រពីមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក នៅមានសំណល់វត្ថុបុរាណជាច្រើនរួមមាន៖ បំណែកថ្មភក់, សន្លឹកសីមា, ផ្តែរទ្វាររចនាបថកំពង់ព្រះ(សតវត្សរ៍ទី៨), សន្លឹកជណ្តើរ, ថ្មថ្លើមអណ្តើក និងជើងទម្របដិមា។
-ទួលប្រាសាទបាក់ នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ខាងលិចផ្លូវហាណូយ គេប្រទះឃើញបំណែកឥដ្ឋជាច្រើន និងនៅសល់ជារូបរាងរចនាសម្ព័ន្ធប្រាសាទ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


